បិទទ្វារយូរពេកសាលាឯកជនមួយចំនួនប្រកាសក្ស័យធន់ដោយវិបត្តិហិរញ្ញវត្ថុ

ដោយលក្ខិណា

ភ្នំពេញៈ ដោយសារតែស្ថានភាពកូវីដ១៩បានវាយលុក ជំរុញអោយសាលារៀនទាំងរដ្ឋ និងឯកផ្អាកដំណើរការបង្រៀនផ្ទាល់ជិត១ឆមាស និងបង្វែអោយរៀនតាមអនឡានវិញនោះ មានសាលារៀនឯកជនមួយចំនួនហើយ បានប្រកាសក្ស័យធន់និងបិទទ្វារឈប់បង្រៀនទាំងតាមអនឡាញ។

ជាក់ស្ដែងយោងតាមសេចក្តី ប្រកាសរបស់សាលារៀនអន្តរជាតិ ឃីងស្លាយធ៍ សាខាខណ្ឌទួលគោកបានប្រកាសបិទទ្វារ និងប្រកាសអោយអាណាព្យាបាលសិស្ស ដែលបានបង់ថ្លៃសាលារួចហើយនោះ មកទទួលយកថវិកា ដែលនៅសេសសល់ត្រលប់ទៅវិញ។

លោកប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៃកម្ពុជា បានថ្លែងតាមទូរសព្ទអោយដឹងនារសៀលថ្ងៃទី៥ សីហានេះថា រហូតមកដល់ពេលនេះសាលាឯក ដែលស្ថិតនៅក្នុងចង្កោមសហព័ន្ធសេវាអប់រំនៃកម្ពុជា បានផ្អាក បិទ និងបង្រួមសាខា មានន័យថាសាខាខ្លះត្រូវបានបិទតែម្ដង ប្រមាណជា២០ភាគរយហើយ ដោយសារតែអាណាព្យាបាលសិស្សមិនបានបង់ថវិកា មកសាលាហើយសាលា ក៏មិនមានហិរញ្ញវត្ថុ សម្រាប់គាំទ្រការដំណើរការបន្តទៀតទើបសម្រេចបិទសាខារបស់ខ្លួនបណ្ដើរៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “សាលាដែលបិទភាគច្រើន ជាសាលាដែលទទួលបានការបង់ប្រាក់ពីអាណាព្យាបាលជាត្រីមាស ឬជាប្រចាំខែហើយក្នុងពេល ដែលមានវិបត្តិ ឪពុកម្ដាយឬអាណាព្យាបាលសិស្ស ក៏មិនបានបង់អស់ជាយូរដោយសារតែកូនៗរបស់ពួកមិនបានមករៀនផ្ទាល់ហើយខ្លះក៏រៀនតាមអនឡាញ”។លោកបន្តថា “សាលាខ្លះដែលបង្រួមសាលាហើយទទួលលុយពីអាណាព្យាបាល ក៏បានប្រកាសប្រគល់ត្រលប់ ទៅអាណាព្យាបាលវិញ”។

លោកប៉ិច ប៉ូឡែនបាននិយាយ ចំពោះសិស្សដែលរៀននៅសាលា បិទបណ្ដោះ​អាសន្ន អាចទៅរកសាលារដ្ឋឬក៏សាលាឯកជនផ្សេងរៀនបន្ត និងរង់ចាំដល់បើកវគ្គថ្មីទើបគិតគូសារជាថ្មី។ លោកបន្ថែមថា នៅក្នុងអំឡុងខែ កញ្ញា និងតុលាខាងមុខនេះ ក្រសួងគ្រោងនឹងប្រកាសអោយចូលរៀន ក្នុងសាលាឡើងវិញខ្លះ និងរៀនពីចំងាយខ្លះ ដូច្នេះសាលាឯកជនទាំងឡាយ សូមត្រៀមកម្មវិធីសិក្សារបស់ខ្លួន និងត្រៀមរៀបចំបើកឡើងវិញដោយអនុវត្តន៍ វិធានការអនាម័យអោយបានត្រឹមត្រូវ ស្តង់ដារអនាម័យដើម្បីការពារនឹងជំងឺឆ្លងសកលមួយនេះ។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទសាលាទូទាំងប្រទេស តាំងពីអំឡុងខែមីនា២០២០មកម្ល៉េះ ដើម្បីការពារឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ ជាពិសេសក្នុងសាលារៀន ព្រោះថា ក្នុងស្ថាប័នអប់រំគឺងាយប្រឈមនឹងការឆ្លង ដោយសារតែសិស្សខ្លះមិនទាន់យល់ពីវិធីអនាម័យ និងដោយសារតែឪពុកម្ដាយ អាណាព្យាបាលមួយចំនួនព្រួយបារម្ភពីសុវត្ថិភាពកូនៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here