កម្ពុជា​បាន​ត្រៀមខ្លួន​ដូចម្តេច​ក្នុងការ​ទទួល​ស្វាគមន៍​វិនិយោគិន​អចលនទ្រព្យ នាពេល​អនាគត

ដោយៈ​លក្ខិណា

ភ្នំពេញៈ កម្ពុជា​នៅតែ​ត្រៀមខ្លួន​ជានិច្ច ក្នុងការ​ស្វាគមន៍​អ្នកវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​បណ្ដាក់​ទុនវិនិយោគ​អចលនទ្រព្យ នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ននេះ និង​អនាគត ទោះបីជា​បច្ចុប្បន្ន​ក៏ដូចជា​ពិភពលោក​ទាំងមូល កំពុង​ជួប​វិបត្តិ​នឹង​ជំងឺ​សាកល​ក្ដី។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) លោក​ច្រឹ​ក សុខ​នី​ម បានឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៧ កក្កដា​កន្លងមក​ថា នៅពេល​ប្រទេស​មានការ​អភិវឌ្ឍន៍ តម្រូវការ​ទៅលើ​អ្នកជំនាញ និង​ភ្នាក់ងារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន ហើយ​អ្នកវិនិយោគ ដែល​មកពី​ក្រៅប្រទេស​រួមទាំង​ក្នុងស្រុក​ក្ដី ក៏ត្រូវ​មានការ​ប្រយ័ត្នប្រយែង​ខ្ពស់​ផងដែរ មុននឹង​គេ​ជ្រើស​រើសយក​ដៃគូ ដើម្បី​វិនិយោគ​លើ​គម្រោង​របស់​ពួកគេ។

លោក​បន្តថា “នៅពេល​ដែលមាន​ក្រុមហ៊ុន​ណា អាច​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​បាន​កាន់តែច្រើន វា​ក៏​ជា​ឱកាស​ក្នុងការ​ចាប់យក​អ្នកវិនិយោគ​នៅពេល​អនាគត ព្រោះថា អ្នកវិនិយោគ​ពិតណាស់​គេ​ចង់បាន​ភ្នាក់ងារ​ណា ដែលមាន​ជំនាញ​និង​វិជ្ជាជីវៈ​ខ្ពស់​ដើម្បី​ណែនាំ​ឬ​ផ្ដល់យោបល់​ក្នុងការ​វិនិយោគ​របស់​ពួកគេ” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធាន CVEA រូបនេះ បាន​បន្ថែមថា នៅពេលដែល​តំបន់​ណា មាន​អ្នកជំនាញ​ពិតប្រាកដ និង​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ នោះ​វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​អ្នកជំនាញ ភ្នាក់ងារ​រួមទាំង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ផងដែរ ហើយក៏​នឹង​ទទួលបាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​ផងដែរ ។

លោកស្រី Grace Rachny Fong អគ្គនាយិកា​ក្រុមហ៊ុន Century21 Cambodia បានឱ្យដឹង​ផងដែរ​ថា ក្រុមហ៊ុន​នឹងធ្វើ​ការបណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស ក្នុង​វិស័យ​អចលនទ្រព្យ ពោលគឺ​ភ្នាក់ងារ​ដែលមាន​ចំណេះដឹង និង​វិជ្ជាជីវៈ​ឱ្យបាន ៣៨០០នាក់​នៅ​ទូទាំងប្រទេស គឺ​នៅ ១៤ខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ និង២៤ខេត្ត​ផ្សេងទៀត ហើយ​វា​ជា​ឱកាស​ដ៏​ល្អ​មួយ សម្រាប់​អ្នក​ដែល​ចង់​ក្លាយជា​អ្នកជំនាញ​អចលនទ្រព្យ និង​ភ្នាក់ងារ​ដែលមាន​វិជ្ជាជីវ​រៈ និង​ត្រៀមខ្លួន​សម្រាប់​ស្វាគមន៍ អ្នកវិនិយោគ​មកពី​គ្រប់ទិសទី ក្នុងការ​វិនិយោគ​អចលនទ្រព្យ​នៅតាម​បណ្ដា​ខេត្ត​ទូទាំងប្រទេស។

លោកស្រី​បន្តថា “ជំ​ហ៊ាន​ដំបូង​នេះ ក្រុមហ៊ុន​ជ្រើស​រើសយក​ខេត្ត​ព្រះសីហនុ​សម្រាប់​ជា​គោលដៅ​មុនគេ ដោយសារតែ​ខេត្ត​នេះ​ជា​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ទី២ បន្ទាប់ពី​រាជធានី​ភ្នំពេញ និង​ជា​ខេត្ត​ដែល​ធ្លាប់មាន​ការចាប់អារម្មណ៍ ពី​វិនិយោគិន​ចិន​កន្លងមកហើយ” ។

លោកស្រី​ជឿជាក់ថា មិនយូរ​ទេ​ខេត្ត​នេះ នឹង​ក្លាយជា​ចំណាប់អារម្មណ៍ របស់​អ្នកវិនិយោគ​ឡើងវិញ ខណៈ​បច្ចុប្បន្ន​ក៏មាន​វិនិយោគិន​បន្តបន្ទាប់​ហើយ​ផងដែរ​ថា បង្ហាញ​ពី​ការចាប់អារម្មណ៍​លើ​ខេត្ត​មួយ​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here