គម្រោងធំៗតម្លៃរាប់សិបលានដុល្លារបាននិងកំពុងបង្ហាញរូបរាងក្នុងខណ្ឌច្បារអំពៅ

ដោយ ៖ ណេត

ភ្នំពេញ ៖ ខណ្ឌច្បារអំពៅ បានសក្តានុពលទាក់ទាញគម្រោងធំៗ ដែលមានតម្លៃរាប់សិបលានដុល្លារឱ្យបង្ហាញរូបរាងនៅខណ្ឌមួយនេះ ដោយសារតែលក្ខខណ្ឌអំណោយផលនៃកត្តាភូមិសាស្ត្រ ដែលផ្តល់ភាពងាយស្រួលក្នុងវិស័យពាណិជ្ជកម្ម និងផ្តល់បរិយាកាសល្អប្រសើរសំរាប់ការរស់នៅ។

លោក ម៉ម សិរីបញ្ញា អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Easy Property Investment នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ថា តំបន់ទីប្រជុំនៃផ្សារច្បារអំពៅ មានភាពមមាញឹកក្នុងក្នុងអាជីវកម្មចម្រុះ ខណៈតំបន់មានសក្ដានុពលទាញគម្រោងធំៗជាច្រើន ជាពិសេសស្ថិតនៅស្របនឹងបណ្តោយជាតិលេខ១។
លោក បានថ្លែងថា “ខណ្ឌច្បារអំពៅមានលក្ខណៈពិសេសជាច្រើនដែលជួយជម្រុញឱ្យមានសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបើប្រៀបធៀបទៅនឹងបណ្តាខណ្ឌមួយចំនួនទៀតដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ ជាក់ស្ដែងត្រឹមរយៈពេលដ៏ខ្លី វិស័យសំណង់នៅក្នុងគម្រោងធំៗដែលមានតម្លៃរាប់សិបលានដុល្លារបានបង្ហាញរូបរាង”។

លោកបន្តថា “ក្រៅពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតខ្ពស់ និងកម្រិតអភិជន នៅមានគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ សំណង់ខុនដូ អាផាតមិនជាច្រើនគម្រោង ដែលសម្រាប់តែតំបន់បឹងស្នោមានមិនក្រោម១០គម្រោងនោះទេ ហើយមួយចំណែកទៀតក៏ទទួលបានភាពវិជ្ជមានពីគម្រោងបង្កើតទីក្រុងកោះនរាហ៍របស់ក្រុមហ៊ុន OCIC ផងដែរ”។

លោក បានបន្តថា “ទាំងអស់នេះហើយដែលជម្រុញឱ្យតម្លៃដីនៅក្នុងតំបន់ទាំងនេះមានការកើនឡើងយ៉ាងរហ័សរហូតនៅទីតាំងខ្លះត្រូវបានម្ចាស់ដីដាក់លក់នៅលើទីផ្សារក្នុងតម្លៃចាប់ពី២០០០-២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែប្រភេទដីដែលមានតម្លៃថ្លៃនេះមានមិនច្រើននោះទេ ពោលគឺនៅមានវិសាលភាពដីដែលមានតម្លៃក្រោម២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េច្រើនជាង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានលើកឡើងថា មានទីតាំងខ្លះនៅខណ្ឌនេះត្រូវបានដាក់លក់នៅលើទីផ្សារចាប់ពីតម្លៃ២០០០-២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬលើសពីនេះ ដែលអាស្រ័យទៅតាមស្ថានភាពដី។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រី ចេវ សុឃុន បានិយាយថា ហេតុផលដែលបណ្តាលឱ្យមានគម្រោងជាច្រើនបង្ហាញវត្តមានរបស់ខ្លួននៅតំបន់ខាងលើនេះដែរ ដោយសារតែលក្ខខណ្ឌអំណោយផលនៃកត្តាភូមិសាស្ត្រ ដែលផ្តល់ភាពងាយស្រួលក្នុងវិស័យពាណិជ្ជកម្ម និងផ្តល់បរិយាកាសល្អប្រសើរសំរាប់ការរស់នៅ។

លោកស្រីបន្តថា “ធម្មតាអ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍គឺពួកគាត់សុទ្ធតែបានសិក្សាលម្អិត និងស្គាល់ច្បាស់ពីសក្ដានុពលនៃតំបន់។ អ្វីដែលជាលក្ខណៈពិសេស និងទាក់ទាញការវិនិយោគ ក៏ដូចជាគម្រោងអភិវឌ្ឍន៍នានា មួយចំណែកអាចទទួលបានពីគម្រោងបង្កើតទីក្រុងកោះនរាហ៍ ដែលថ្ងៃខាងមុខអាចនឹងមានការតភ្ជាប់គ្នាទៅនឹងតំបន់កោះពេជ្រ ឆ្លងចូលដល់កណ្តាលក្រុងតែម្ដង”។

លោកស្រីចេវ សុឃុន បានបន្តទៀតថា ក្រៅពីគម្រោងអភិវឌ្ឍន៍ធំៗទៅលើសំណង់អាគារពាណិជ្ជកម្មដែលមានតម្លៃរាប់រយ រាប់ពាន់ដុល្លារ ងាកមកវិស័យលំនៅដ្ឋានក្នុងតំបន់ច្បារអំពៅ ក៏មានភាពផុសផុលផងដែរ ដោយសារតែមានភាពងាយស្រួលក្នុងការរស់នៅ មានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ច្រើន។ ជាក់ស្ដែងបច្ចុប្បន្ននេះ បានបន្តរហូតដល់ប្រមាណជិត២០គីឡូម៉ែត្ររាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ១ ក៏មានការអភិវឌ្ឍវិស័យលំនៅដ្ឋានដោយគម្រោងបុរីធំៗផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here