ការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល នឹងធ្វើឱ្យមានការផ្លាស់ប្តូរថ្មីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថលនៃដំណើរការផ្ទេរអចលនទ្រព្យនៅកម្ពុជា នឹងធ្វើឱ្យមានការផ្លាស់ប្តូរថ្មីមួយ ដល់វិស័យអចលនទ្រព្យ ដែលធ្វើឲ្យមានដំណើរការ ដោយមានសុវត្ថិ ភាពតម្លាភាព និងលឿនជាងមុន ដើម្បីលើកទឹកចិត្តការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្នកម្មសិទ្ធិករអាចចុះបញ្ជីអចលនទ្រព្យរបស់ខ្លួនតាមពីររបៀប ដែលរដ្ឋាភិបាលទទួលស្គាល់។
ចាប់តាំងពីឆ្នាំ២០០១ ម្ចាស់អចលនទ្រព្យ អាចទទួលបាននូវប័ណ្ណកម្មសិទិ្ធជាម្ចាស់កម្មសិទិ្ធដីធ្លីដែលហៅថា “ប្លង់រឹង” តាមរយៈការិយាល័យសុរិយោដីនៅក្រសួងគ្រប់គ្រងដែនដី។ ប្លង់រឹងត្រូវបានទទួលស្គាល់នៅថ្នាក់ជាតិ និងជាទម្រង់កម្មសិទ្ធិ ដែលមានសុវត្ថិភាពបំផុត។

វិធីទីពីរដែលមិនសូវមានសុវត្ថិភាពគឺដោយទទួលបាន “ប្លង់ទន់” ដែលជាកម្មសិទិ្ធអចលនទ្រព្យទ្រព្យត្រូវបានទទួលស្គាល់នៅថ្នាក់មូលដ្ឋាន ប៉ុន្តែអាចត្រូវបានជំទាស់ដោយភាគីផ្សេងទៀត។ ទោះបីជាប្លង់នេះ មិនសូវមានសុវត្ថិភាពក៏ដោយ ក៏វានៅតែជាទម្រង់នៃការកាន់កាប់យ៉ាងទូលំទូលាយនៅកម្ពុជាដដែល។

កម្មសិទ្ធិប្លង់ទន់ មិនមានការការពារច្បាប់ពេញលេញទេ ប៉ុន្តែត្រូវបានគេប្រើជាញឹកញាប់ ព្រោះវាងាយស្រួលក្នុងការផ្ទេរអចលនទ្រព្យ នៅពេលដែលម្ចាស់លក់អចលនទ្រព្យរបស់ខ្លួនដោយមាននីតិវិធីរដ្ឋបាលតិចតួចដែលទាមទារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈការបង្កើតវេទិកាអនឡាញ អចលនទ្រព្យ អាចត្រូវបានផ្ទេរក្នុងដំណើរការប្រកបដោយសុវត្ថិភាព និងផ្លូវការ ហើយមានតម្លាភាពដោយមិនចាំបាច់មានភ្នាក់ងារ និងឈ្មួញកណ្តាល ដែលបន្ថែមការចំណាយមិនចាំបាច់ ហានិភ័យ និងពេលវេលាទៅក្នុងដំណើរការទាំងមូល។

ឈ្មួញកណ្តាលទាំងនេះ មិនមានអាជ្ញាប័ណ្ណ ហើយមិនត្រូវបានទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល ហើយផ្តល់ឯកសារតិចតួច ឬគ្មានឯកសារសម្រាប់សេវាកម្មរបស់ពួកគេ។ ឥលូវនេះ ការផ្ទេរអចលនទ្រព្យតាមរយៈភ្នាក់ងារអាចចំណាយពេលដល់ទៅ ៣ខែ ដើម្បីឱ្យដំណើរការដោយក្រសួងរៀបចំដែនដី។

តាមរយៈការបង្កើតវេទិកាផ្ទេរកម្មសិទ្ធិតាមអនឡាញ រាជរដ្ឋាភិបាលកម្ពុជានឹងនាំមកនូវភាពច្បាស់លាស់ដែលត្រូវការចាំបាច់ដល់ដំណើរការរដ្ឋបាលដែលមានសារៈសំខាន់ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ និងការវិនិយោគអចលនទ្រព្យ ខណៈដែលអ្នកទិញអចលនៈទ្រព្យនឹងមានលទ្ធភាពថវិកា និងរៀបចំផែនការរលួន។ នេះបើតាមរបាយការណ៍របស់ EuroCham។

ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ក៏នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលប្រមូលថ្លៃសេវា និងពន្ធពីវិស័យអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព។

របាយការណ៍នេះ បានបន្ថែមថា “ការប្រមូលថ្លៃសេវា និងពន្ធតាមបែបអេឡិចត្រូនិច នឹងមានការសម្រួលដល់ការងារបានច្រើន ហើយនឹងមិនមានរំលោភបំពានណាមួយកើតឡើងឡើយ ខណៈវាអាចលុបបំបាត់ការផ្តល់សេវាដោយភ្នាក់ងារណាមួយ ដើម្បីសម្របសម្រួលដំណើរការទាំងស្រុង”។

ក្រសួងរៀបចំដែនដី បានចាត់វិធានការសំខាន់ៗក្នុងការបញ្ចូលបច្ចេកវិទ្យាអនឡាញទៅក្នុងវិស័យអចលនទ្រព្យ។ ក្រសួង បានដាក់ចេញកម្មវិធីជាច្រើន ដើម្បីធ្វើបច្ចុប្បន្នភាពដល់កម្មសិទ្ធិដីធ្លីតាម Internet ដោយប្រើ QR Code ហើយក៏បានចាប់ផ្តើមកម្មវិធីទូរស័ព្ទចល័តជាក់ស្តែងលើគម្រោងសាងសង់ដែលបានអនុម័ត ហើយផ្គត់ផ្គង់ឯកសាររូបភាពរបស់រដ្ឋាភិបាល ដើម្បីធានានូវតម្លាភាពនៅថ្នាក់រដ្ឋបាល។

ការធ្វើទំនើបកម្មឌីជីថលនៃដំណើរការផ្ទេរកម្មសិទ្ធិ នឹងផ្លាស់ប្តូរវិស័យអចលនទ្រព្យ និងបង្កើនទំនុកចិត្តដល់ អ្នកវិនិយោគ និងមានដំណើរការលឿន។

របាយការណ៍របស់ EuroCham បានឲ្យដឹងថា “[ការធ្វើទំនើបកម្មឌីជីថល] នឹងអនុញ្ញាតឱ្យភាគីពាក់ព័ន្ធក្នុងការផ្ទេរកម្មសិទ្ធិ ដើម្បីទទួលបានព័ត៌មានចាំបាច់ទាំងអស់តាម Internet ហើយបញ្ជូន និងតាមដានការដាក់ស្នើរកម្មសិទ្ធិបស់ពួកគេ ជាមួយនឹងការិយាល័យសុរិយោដី ដែលអាចដើរតួជា ច្រកតែមួយ សម្រាប់ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here