អ្នកជំនាញអះអាងថាឈ្មួញជាច្រើនកំពុងដើររកទិញដីនៅតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិថ្មី

ដោយ ឧត្តម

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា បច្ចុប្បន្នមានឈ្មួញ និងអ្នកវិនិយោគដីធ្លីជាច្រើនបាននឹងកំពុងដើរស្វែងរកទិញដីធ្លី នៅតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងខេត្តកណ្តាល ខណៈគម្រោងព្រលនាយន្តហោះអន្តរជាតិភ្នំពេញនេះ បាននិងកំពុងសាងសង់យ៉ាងសកម្ម។

នាយិកាក្រុមហ៊ុនអចលនទ្រព្យAMATAK Property Service លោកស្រីតាំង ហួរបានប្រាប់គេហទំព័រCambodiabanknews.com នារសៀលថ្ងៃទី១០ កក្កដានេះថា ដីនៅតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានអ្នកវិនិយោគជាច្រើនបាន និងកំពុងសម្រុកមកកាន់ទីនេះ ដើម្បីទិញដីសម្រាប់ទុកលក់យកចំនេញបន្ត ខណៈដែលដីនៅតំបន់នេះ នៅមានតម្លៃធូរថ្លៃ។

លោកស្រីបន្តថា គេដើររកទិញដីនៅតំបន់នេះ (ព្រះលានយន្តហោះថ្មី) ព្រោះវាមានតម្លៃធូថ្លៃ ដែលអាចទុកលក់ យកចំនេញនៅថ្ងៃក្រោយបាននាពេលខាងមុខ។លោកស្រីបន្ថែមថា និយាយជារួមនៅតំបន់ជុំវិញក្រុងភ្នំពេញចន្លោះពី ២០ ទៅ៣០គីឡូម៉ែត្រ គឺមានអ្នកវិនិយោគដើររកទិញដីទុកច្រើន

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលសួរចំពោះតម្លៃដីធ្លី នៅតំបន់ជុំវិញព្រលានយន្តហោះថ្មី ក្នុងមួយម៉ែត្រការ៉េមានតម្លៃប៉ុន្មាន? លោកស្រី មិនបានបញ្ជាក់នោះទេ ព្រោះតម្លៃរបស់វាអាស្រ័យទៅតាមទំហំដីតូឬ ធំ និងស្ថានភាពដីជាក់ស្តែងជិត ឬឆ្ងាយ។

លោក គង់ សោភណ្ឌ  អភិបាលខេត្តកណ្តាលធ្លាប់បានឱ្យដឹងកន្លងមកនេះថា នាពេលបច្ចុប្បន្ននេះ មានអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យជាច្រើនបាន និងកំពុងផ្តោតលើការចាប់អារម្មណ៍យ៉ាងខ្លាំង លើការវិនិយោគលើដីធ្លី នៅតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅខេត្តកណ្តាល។

លោកថាអ្នកវិនិយោគលើវិស័យអចលនទ្រព្យទាំងនោះរួមមានទាំងវិនិយោគលើវិស័យសណ្ឋាគារផ្ទះសំណាក់លំនៅឋានបុរីនិងគម្រោងធំៗផ្សេងទៀតដែលធ្វើឱ្យតម្លៃដីធ្លីនៅក្នុងតំបន់នោះកាន់តែមានតម្លៃខ្ពស់ហើយផ្តល់ជីវភាពធូធារដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថែមទៀតផងដែរ។

គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថាបនាលើដីទំហំប្រមាណ២៦០០ ហិកតា មានបណ្តោយប្រមាណ៦គីឡូម៉ែត្រ និងទទឹងប្រមាណ៤គីឡូម៉ែត្រ ។ ដំណើការ នៃការសាងសង់ព្រលានយានដ្ឋានអន្តរជាតិភ្នំពេញថ្មី អាចនឹងបញ្ចប់ដំណាក់កាលទី១ នៅឆ្នាំ២០២៣ខាងមុខនេះ។ ទុនវិនិយោគព្រលានយន្ដហោះមួយនេះ មានទំហំទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ ដែលជាប្រភេទ 4F អនុញ្ញាតឱ្យប្រភេទព្រលានយន្តហោះធំ Airbus A380-800 និង យន្តហោះ Boeing 747-800 ហោះហើរពីឆ្ងាយឆ្លងទ្វីបចុះចតបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here