អ្នកជំនាញ៖ ការវិនិយោគ​អចលនទ្រព្យ​នៅ​តំបន់​ជាយក្រុង​នៅតែ​ទទួលបានផលចំណេញ​ច្រើន

ដោយៈ​សាវុធ

ភ្នំពេញៈ  អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាងថា ការវិនិយោគ​អចលនទ្រព្យ នៅតាម​តំបន់​ជាយក្រុង​នៃ​រាជធានី​ភ្នំពេញ មានគុណ​សម្បត្តិ​ច្រើនជាង​គុណវិបត្តិ ដោយ​ចំណាយពេល​តិច ហើយ​បាន​ផលចំណេញ​ច្រើន។

អ្នកជំនួញ​ក្នុង​អាជីវកម្ម​ដីធ្លី លោក ង៉ែត ជូ បាន​ពន្យល់​ឲ្យ​ដឹងថា គុណសម្បត្តិធំៗ ដែល​ទទួលបាន​ពី​ការវិនិយោគ​ដី​នៅ​តំបន់​ជាយក្រុង រួមមាន ដូចជា ទី១ ដឹង​តែ​ចំណេញៈ មិន​ខាត ប្រសិនបើ​អ្នកមាន​ផែនការ​ហិរញ្ញវត្ថុ​ច្បាស់លាស់ ពោលគឺ​វិនិយោគ​រយៈពេល​វែង អាច​រក្សាទុក​នៅពេល​ទ​ទួលបាន​តម្លៃ​ល្អ និង​មិន​បង្ខំ​លក់​នៅពេល​ធ្លាក់​ថ្លៃ។

ជាទូទៅ​តម្លៃ​មានការ​កើន​ជានិច្ច ប្រសិនបើ​ស្ថានភាព​សេដ្ឋកិច្ច ទីផ្សារ​ឬ​នយោបាយ​មិនល្អ គឺ​ធ្លាក់​ថ្លៃ​តែមួយ​រយៈ​ប៉ុណ្ណោះ។

ទី២ ចំណាយពេល​តិ​ចៈ មិន​ចំណាយពេល​ច្រើន ដូចជា​ការធ្វើ​អាជីវកម្ម​ដទៃ​នោះទេ អ្នក​អាចធ្វើ​ការយក​ប្រាក់ខែ​សន្សំ​ជា​ទុន​បណ្តើរ។ ទី៣ អាច​ប្រើប្រាស់​ដី​ឬ​បង្កើតជា​ចំណូល​អកម្ម​បាន  ប្រសិនបើ​សន្សំ​ដីធ្លី​បាន​ច្រើន អ្នក​អាច​រក្សា​ទុកជា​ធនាគារ​ដីធ្លី និង​ប្រើប្រាស់​ក្នុង​គោលបំណង​នានា ដូចជា បង្កើតជា​កសិដ្ឋាន សង់​ឃ្លាំង ស្តង់​លក់ទំនិញ អគារ​ពាណិជ្ជកម្ម ឬ​ការ​រិ​យា​ល័យ​សំរាប់​ជួល។ល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក​ប្រធាន​សមាគម​អចលនទ្រព្យ​សកល (GRA) និង​ជានា​យក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ KW Sam SN Realty Co,.Ltd  លោក សំ សុខ​នឿន​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ជាពិសេស​លើ​ផ្នែក​ដីធ្លី​នៅតាម​តំបន់​ជាយក្រុង ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ដែលមាន​ឱកាស​ទទួល​បាន​ផលចំណេញ​ច្រើន។

លោក​បន្តទៀតថា “ទោះជា​ពេលនេះ​សកម្មភាព នៃ​ការវិនិយោគ​កំពុង​តែមាន​ភាព​ជ្រួល​នៅតាម​តំបន់​ជ្រាយ​ក្រុង ប៉ុន្តែ​បើ​ចំពោះ​តម្លៃ​គឺ​នៅមានកម្រិត​នៅឡើយ ហើយក៏​នៅមាន​ឱកាស​ទទួល បាន​ផលចំណេញ​ពី​ការវិនិយោគ​ក្នុង​កម្រិត​ខ្ពស់។ លោក​បន្ថែមថា “តំបន់​ជាយក្រុង នៅតែ​បន្ត​មាន​សក្ដានុពល មិន​ថា​នៅពេល​បច្ចុប្បន្ន និង​បន្តទៅ​ថ្ងៃ​អនាគត គឺ​ស្ថិតនៅ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ ដូចជា​ផ្លូវជាតិ​លេខ១ ផ្លូវជាតិ​លេខ៣ និង​ផ្លូវជាតិ​លេខ៤ និង​ផ្លូវជាតិ​លេខ៥ និង​ផ្លូវជាតិ​លេខ​៦A” ។

លោក​សំ សុខ​នឿន បាន​ពន្យល់ថា មាន​អ្នកខ្លះ គាត់​មាន​ធនធាន​តិចតួច ប៉ុន្តែ​គាត់​បានសម្រេច​ចិត្ត​ឥត​ស្ទាក់ស្ទើរ ក្នុង​ការទិញ​ដី​នៅ​ជាយក្រុង​ទុក ជាពិសេស​នៅក្បែរ​គម្រោង​អភិវឌ្ឍន៍​ដែលមាន​សកម្មភាព ដូច្នេះ​ភាគរយ​ចំណេញ​របស់​ពួកគាត់​គឺមាន​ច្រើន ហើយ​រហ័ស​ទៀត។

លោក​បន្តថា ប្រសិនបើ​ពួកគាត់​សម្រេច​លក់ ក្នុងតម្លៃ​ចរចា​ណាមួយ ដែល​អាច​ទទួលបាន​ចំណេញ ហើយ​យកទៅ​វិនិយោគ​នៅ​តំបន់​ណាមួយ​ផ្សេងទៀត ដែលមាន​គម្រោង​អភិវឌ្ឍន៍​ច្បាស់លាស់ នោះ​កំណើន​នៃ​ភាគលាភ​របស់គាត់ នឹង​កើនឡើង​ច្រើនជាង​អ្នក​ដែលមាន​លុយ​ច្រើន​ដែល​ទិញ​ដី​ទំហំ ប៉ុន្តែ​នៅ​តំបន់​ឆ្ងាយ​ពី​ទីប្រជុំជន និង​មិនមាន​គម្រោង​អភិវឌ្ឍន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here