តម្លៃខុនដូនៅកម្ពុជាបានធ្លាក់ចុះនៅត្រីមាសទី២ ខណៈអ្នកជំនាញថា វាជាឱកាសសម្រាប់ផលចំណេញរយៈពេលវែង

ដោយ ប៊ី
ភ្នំពេញ៖ ការផ្ទះឡើងនៃជំងឺកូវីដ១៩ បានធ្វើឲ្យតម្លៃខុនដូធ្លាក់ចុះក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ខណៈមានខុនដូថ្មីៗចំនួន ៣ ដែលស្មើនឹងបន្ទប់ស្នាក់នៅសរុប ២ ២៥២ យូនីត បានប្រកាសបើកលក់ជាផ្លូវការចូលក្នុងទីផ្សារ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia ដែលចេញផ្សាយកាលពីថ្ងៃពុធ។

ខុនដូប្រណីតមានតម្លៃជាមធ្យម ៣ ០៤១ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េធ្លាក់ ៣,៩៨ ភាគរយ ធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២០ ខុនដូប្រភេទមធ្យមមានតម្លៃ ២ ៤៤១ ដុល្លារ ធ្លាក់ ៤,៦១ ភាគរយ និងប្រភេទតម្លៃសមរម្យមានតម្លៃជាមធ្យម ១ ៥៣៩ ដុល្លារ ធ្លាក់ចុះ ០,៦៥ ភាគរយ។

ការធ្លាក់ចុះនេះគឺជាឱកាសសម្រាប់អ្នកចង់វិនិយោគវិស័យខុនដូសម្រាប់ផលចំណេញក្នុងរយៈពេលវែង ខណៈស្ថាប័នធំៗលើពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងមកវិញនៅឆ្នាំក្រោយ។
ជាមួយគ្នានេះដែរ តម្លៃជួលនៅក្នុងត្រីមាសទី ២ គឺ ១៣,១៨ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ សម្រាប់រយៈពេល ១ ខែ ចំពោះខុនដូប្រណីតដោយធ្លាក់ចុះ ៧,២៥ ភាគរយ ធៀបនឹងត្រីមាសទី ១ និងខុនដូប្រភេទមធ្យមមានតម្លៃ ១១,១២ ដុល្លារ ធ្លាក់ ៥,៧១ ភាគរយ។

កាលពីត្រីមាសទី ១ ខុនដូប្រណីតមានតម្លៃជាមធ្យមក្នុងរង្វង់ ៣ ១៦៧ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េធ្លាក់ចុះ ០,៥៣ ភាគរយធៀប នឹងត្រីមាសទី ៤ ឆ្នាំ ២០១៩ ខុនដូប្រភេទមធ្យមមានតម្លៃ ២ ៥៥៩ ដុល្លារ ធ្លាក់ចុះ ១,៣៩ ភាគរយ និងប្រភេទតម្លៃសមរម្យមានតម្លៃ ១ ៥៤៩ ដុល្លារកើន ០,៣២ ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់ទីផ្សារជួលខុនដូប្រណីតមានតម្លៃមធ្យម ១៤,២១ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ ធ្លាក់ចុះ ០,៤ ភាគរយ និងខុនដូប្រភេទមធ្យមមានតម្លៃមធ្យម ១១,៧៩ ដុល្លារ ធ្លាក់ចុះ ០,៦ ភាគរយ។
យោងតាមរបាយការណ៍ខាងលើនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ នេះមិនមានគម្រោងអភិវឌ្ឍន៍ខុនដូណាបញ្ចប់ការសាងសង់ទេ ប៉ុន្តែមានខុនដូថ្មីៗចំនួន ៣ ដែលស្មើនឹងបន្ទប់ស្នាក់នៅសរុប ២ ២៥២ យូនីត បានប្រកាសបើកលក់ជាផ្លូវការ។

គម្រោងទាំងនោះរួមមាន LEEDON Heights ស្ថិតក្នុងខណ្ឌសែនសុខ គម្រោង LE Conde BKK1 ក្នុងខណ្ឌបឹងកេងកង និងគម្រោង Grand Condo 7 នៅក្នុងខណ្ឌជ្រោយចង្វារ។
លោក James នាយកក្រុមហ៊ុន CBRE Cambodia ប្រាប់គេទំព័រ Propertyarea.asia ថា អ្នកទិញខុនដូ ដែលទុកសំរាប់ការវិនិយោគ នៅតែជាជនបរទេសដែលពូកគេនៅតែមានភាពសកម្ម ប៉ុន្តែពួកគេត្រូវប្រុងប្រយ័ត្នខ្ពស់ ហើយពួកគេចង់ធ្វើឱ្យប្រាកដថា ពួកគេមានព័ត៌មានគ្រប់គ្រាន់ មុនពេលវិនិយោគ ដែលជារឿយៗបញ្ហាអាចកើតឡើងមើលមិនឃើញ។

លោក បានបន្តថា “ជាឧទាហរណ៍ យើងកំពុងមើលឃើញ ការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនបរទេសជាច្រើន ដូចជាអ្នកទិញក្នុងស្រុក នៅពេលការបើកដំណើរការគម្រោងថ្មី Leedon ដែលក្រុមហ៊ុន CBRE ប្រចាំកម្ពុជាធ្វើតំណាងនៅខណ្ឌ សែន សុខ”។

បច្ចេកវិទ្យាបាននិងកំពុងជួយ ក្នុងការធ្វើទីផ្សារខុនដូដល់ដៃវិនិយោគិនបរទេស ដែលអនុញ្ញាតឱ្យភ្នាក់ងារ ធ្វើអន្តរកម្មជាមួយភាគីដែលចាប់អារម្មណ៍ និងផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធ។

ការមកដល់នៃជនជាតិចិនកាន់តែច្រើន នៅកម្ពុជាបង្ហាញពីការវិលត្រឡប់មករកភាពធម្មតាមួយកម្រិតវិញ។ ទោះយ៉ាងណា វាត្រូវបានសន្មតជាសំខាន់ថា អ្នកដំណើរទាំងនេះគឺជាអ្នកមានការងារនៅក្នុងប្រទេសកម្ពុជា ឬកំពុងបើកអាជីវកម្មនៅទីនេះជាជាងចូលរួមក្នុងការវិនិយោគខុនដូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here