អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​លើកឡើង​ពី​ស្ថានភាព​ពិត​ពី​វិស័យ​អចលនទ្រព្យ​ និង​ការវិនិយោគ​នៅ​កម្ពុជា

ដោយៈ វណ្ណា​រ៉ា

ភ្នំពេញៈ និយាយ​ពី​ការវិនិយោគ​គេ​តែង​ផ្តោត​សំខាន់ ទៅលើ​ភាព​ប្រឈម​នៃ​វិបត្តិ Covid-19 ខណៈដែល​បណ្តា​ប្រទេស​នានា​នៅលើ​សាកលលោក ក៏ដូចជា​កម្ពុជា​ផងដែរ​នោះ​កំពុង​ទទួល​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង។ ដោយឡែក​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ត្រូវបាន​អ្នកជំនាញ និង​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​អះអាង​មាន​ស្ថានភាព​ល្អប្រសើរ​ជាង​បណ្តា​ប្រទេស​មួយចំនួន។

លោក Ben Li អគ្គនាយក​គ្រប់គ្រង​គម្រោង​អភិវឌ្ឍន៍​សំណង់​ខុន​ដូ​ដ៏​ធំ នៅក្នុង​រាជធានី​ភ្នំពេញ Urban Village បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីដើម​សប្តាហ៍​នេះ ដោយបាន​បង្ហាញ​ពី​ភាពជឿជាក់ លើ​ទីផ្សារ​អចលនទ្រព្យ​កម្ពុ​ជាមាន​ភាពល្អប្រសើរ បើទោះជា​មិនមាន​ភាព​ពុះកញ្ជ្រោល ដូច​កាលពី​អំឡុង​ចុងឆ្នាំ២០១៩ក៏ដោយ។

លោក Ben Li បាន​មានប្រសាសន៍ថា “គម្រោង​សាងសង់​ជាច្រើន នៅតែ​បន្តសកម្មភាព ទាំង​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន ក៏ដូចជា​គម្រោង​សាងសង់​អគារ​ខុន​ដូ​ផងដែរ។លោក​បន្ថែមថា “ជាក់ស្ដែង គម្រោង​ខុន​ដូ​ក្នុង​គម្រោង​រួម​របស់ Urban Village កំពុង​សម្រុក​សាងសង់​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​បំពេញ​តាម​ការ​តម្រូវការ​ទីផ្សារ​នាពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អ​នាគ​ត់” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បញ្ជាក់ថា ទីផ្សារ​អចលនទ្រព្យ​បច្ចុប្បន្ន បាននិងកំពុង​ផ្តល់​ល្អ​ដល់​បណ្តា​អ្នកវិនិយោគ ដែលមាន​ចរន្ត​សាច់ប្រាក់​គ្រប់គ្រាន់ ទិញ​សម្រាប់​លក់​បន្ត​យកចំណេញ​ក្រោយពេល​វិបត្តិ​ត្រូវ​បញ្ចប់។

នាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ CSA ជនជាតិ​សិង្ហ​បុរី លោក Alan Neo ដែល​កំពុងមាន​ប្រតិបត្តិការ​យ៉ាងសកម្ម នៅលើ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​ថា ថ្វី​ត្បិត​វិស័យ​អចលនទ្រព្យ​កម្ពុជា ទទួលរង​នូវ​ផលប៉ះពាល់ ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​នានា នៅលើ​សាកលលោក ជាពិសេស​ប្រទេស​ក្នុង​តំបន់​ដូចជា ប្រទេស​ថៃ វៀតណាម ម៉ាឡេស៊ី ចិន និង​ហុងកុង គឺ​កម្ពុ​ជាមាន​ស្ថាន​ភាពល្អ​ជាងគេ។

លោក​បាន​បញ្ជាក់ថា “ទោះជា​កម្ពុជា​កំពុងតែ​ទទួលរង​នូវ​ផល​អវិជ្ជមាន ពី​វិបត្តិ Covid-19 ប៉ុន្តែ​ទីផ្សារ​នៃ​ការទិញ -លក់​អចលនទ្រព្យ​នៅតែមាន ដូចជា​ដីធ្លី​លំនៅដ្ឋាន ជាពិសេស​ខុន​ដូ។ លោក​បន្តថា “តាម​ភាពជាក់ស្ដែង​នៃ​ការលក់​របស់​ក្រុមហ៊ុន CSA ទៅលើ​គម្រោង​អភិវឌ្ឍន៍​មួយចំនួន ជាពិសេស​វិស័យ​ខុន​ដូ​កម្រិត​មធ្យម គិត​ចាប់ពី​ដើមខែ​កក្កដា រហូតមកដល់​ពេលនេះ គឺមាន​ដំណើរ​ការល្អ បើ​ធៀប​ទៅនឹង​រយៈពេល៦ខែ​នៃ​ឆ្នាំនេះ ហើយ​អតិថិជន និង​អ្នកវិនិយោគ​ភាគច្រើន​ជា​ជនជាតិខ្មែរ។

លោក​បន្ថែមថា “ខ្ញុំ​ជឿជាក់ថា នៅ​ឆ្នាំ​បន្ទាប់​ទីផ្សារ​អចលនទ្រព្យ​នឹង​ល្អប្រសើរ​ជាងនេះទៀត​ជាក់​ជាមិនខាន” ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ថា “បើទោះជា​ស្ថានភាព​នៃ​ភាព​ប្រឈម នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​ធូរស្រាល ប៉ុន្តែ​នៅ​មិនទាន់មាន​អ្នកវិនិយោគ និង​អ្នកជំនួញ​មកពី​ក្រៅប្រទេស​នៅឡើយ ដោយហេតុថា បណ្តា​ប្រទេស​នានា នៅ​បន្ត​បិទ​ការធ្វើដំណើរ​ឆ្លង​ប្រទេស។ ដូច្នេះ វា​ជា​ឧបសគ្គ​មួយ​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា” ។

លោក​បញ្ជាក់ថា “យើង​ទទួលស្គាល់ថា នៅក្នុង​រយៈពេល​ប្រមាណ​ជាង៣ខែ​កន្លងទៅនេះ សកម្មភាព​ទីផ្សារ ដែល​រួមមាន​ការទិញ-លក់ និង​ការអភិវឌ្ឍន៍​ចាប់ផ្តើម​កម្រើក​ឡើងវិញ ប៉ុន្តែ​វា​ជា​សកម្មភាព​របស់​អ្នក​អភិវឌ្ឍន៍ និង​តម្រូវការ​របស់​ប្រជាជន​ក្នុងស្រុក​តែប៉ុណ្ណោះ។ សម្រាប់​ឆ្នាំក្រោយ ២០២១ យើង​ក៏​នៅ​មិនទាន់​អាច​សន្ម​ត់បា​ន​ថា មាន​ភាពល្អប្រសើរ​នឹង​កើនឡើង ដល់​កម្រិតណា​នោះទេ ដរាបណា​វ៉ាក់សាំង​មិនទាន់​ប្រកាស​ដាក់ ឱ្យប្រើ​ជា​ផ្លូវការ ហើយ​ការស្ដារ​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​មួយចំនួន នៅ​មិនទាន់​បញ្ជាក់​ច្បាស់​នៅឡើយ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here