សមាគម CVEA កំពុងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញថ្នាក់បរិញ្ញាបត្ររងផ្នែកអចលនទ្រព្យ

ដោយ ៖ វណ្ណារ៉ា

ភ្នំពេញ ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បាន និងកំពុងរៀបចំផែនការនៃការបង្កើតវគ្គបណ្តុះបណ្តាលកម្រិតថ្នាក់បរិញ្ញាបត្ររងលើជំនាញភ្នាក់ងារអចលនទ្រព្យ ដែលនឹងបញ្ចូលនូវជំនាញក្នុងការចេះវាយតម្លៃ និងហិរញ្ញវត្ថុផងដែរ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះ សមាគមបានរៀបចំកម្មវិធីបណ្តុះបណ្តាល និងឯកសារពាក់ព័ន្ធ ក៏ដូចជាអ្នកជំនាញសម្រាប់បង្ហាត់បង្រៀនជំនាញភ្នាក់ងារអចលនទ្រព្យកម្រិតថ្នាក់បរិញ្ញាបត្ររងរួចរាល់ហើយ នៅឡើយចាំតែការប្រជុំសម្រេច និងការកំណត់ពេលវេលានៃការចាប់ផ្តើមតែប៉ុណ្ណោះ។

លោក ច្រឹក សុខនីម បានមានប្រសាសន៍បន្តថា “សមាគមគ្រោងនឹងបង្កើត និងបង្រៀនជំនាញផ្នែកអចលនទ្រព្យ ហិរញ្ញវត្ថុ និងធនាគារ ទៅដល់បណ្តាសាធារណៈជនទូទៅ ក៏ដូចជាភ្នាក់ងារអចលនទ្រព្យនានាដែលចង់មានជំនាញច្បាស់លាស់សម្រាប់ប្រកបអាជីព ឬអាជីវកម្មនៅក្នុងវិស័យមួយនេះឱ្យកាន់តែមានភាពល្អប្រសើរឡើង ជាពិសេសជួយធ្វើឱ្យទីផ្សារអចលនទ្រព្យមានភាពនឹងនរ ប្រាដកប្រជា ហើយអាចបង្កើនភាពជឿជាក់បានពីសំណាក់វិនិយោគិនក្នុង និងក្រៅស្រុក”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលបច្ចុប្បន្ននេះ ភាគច្រើនអ្នកដែលកំពុងបម្រើការងារជាភ្នាក់ងារជំនាញអចលនទ្រព្យគឺមានចំណេះដឹងក្នុងវិស័យនេះតាមរយៈការសិក្សាស្រាវជ្រាវ និងរៀនសូត្រពីអ្នកដែលមានបទពិសោធន៍ និងជោគជ័យនៅក្នុងវិស័យអចលនទ្រព្យតែប៉ុណ្ណោះ ឬសិក្សាតាមវគ្គបណ្តុះបណ្តាលជំនាញខ្លី ក៏ដូចជាតាមរយៈសិក្ខាសាលា ដែលមិនមានភាពទូលំទូលាយតែប៉ុណ្ណោះ។ ដោយឡែកសម្រាប់អ្នកដែលបានចូលសិក្សានៅក្នុងជំនាញអចលនទ្រព្យថ្នាក់បរិញ្ញាបត្ររង ដែលមានការទទួលស្គាល់ស្ថាប័នរដ្ឋ និងក្រសួងអប់រំ គឺជាទុននៃធនធានយ៉ាងសំខាន់សម្រាប់ដើរក្នុងនាមជាអ្នកជំនាញ និងអ្នកប្រកបជំនួញនៅក្នុងវិស័យមួយនេះប្រកបដោយភាពជោគជ័យខ្ពស់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here