ក្រសួងសាធារណការកំណត់ល្បឿនចាប់ពី៦០-១២០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ការបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ដោយ៖ សុផារី

ភ្នំពេញ៖ គិតមកដល់ពេលនេះ ផ្លូវល្បឿនលឿន ភ្នំពេញ- ព្រះសីហនុ សម្រេចការងារសាងសង់រួចរាល់ស្ទើរតែ១០០%ហើយ ខណៈការងារនៅសល់បន្តិចបន្តួច ក្រុមហ៊ុននឹងសាងសង់ឱ្យបានរួចរាល់ មុនពេលបើកដំណើរជាបណ្តោះអាសន្ន ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ដោយឥតគិតថ្លៃចំនួន១ខែ នៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ។

នេះបើយោងតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ រួមទាំងក្រុមហ៊ុនសាងសង់ ចុះពិនិត្យលើកចុងក្រោយលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មុននឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងពេលឆាប់ៗនេះ។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ពីការប្រើប្រាស់ល្បឿនលើផ្លូវនេះផងដែរ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់រថយន្តគ្រួសារ ដែលជារថយន្តតូចអាចបើកបរល្បឿនខ្ពស់បំផុត១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈដែលល្បឿនទាបបំផុត៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះរថយន្តកុងតឺន័រ ដែលមានសណ្តោងអនុញ្ញាតឱ្យប្រើប្រាស់ល្បឿនត្រឹមតែ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈរថយន្តធំអត់មានសណ្តោង អាចឱ្យប្រើប្រាស់ល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមលោកទេសរដ្ឋមន្ត្រី រថយន្តដឹកទំនិញធុនធំ គឺតម្រូវឱ្យបើកដោយប្រកាន់ស្តាំជានិច្ច មិនអាចបើកលើគន្លងខាងឆ្វេង ដោយប្រើពេលយូរបាននោះទេ ខណៈឡានតូចអាចប្រើប្រាស់បាន ក្នុងករណី ដែលមិនមានឧបសគ្គនៅខាងមុខ។ ជាមួយគ្នានោះ រថយន្តដែលបើកលើផ្លូវនេះ ដាច់ខាតត្រូវមានសុពលភាពឆៀកបានត្រឹមត្រូវ ទើបអាចបើកលើផ្លូវល្បឿនលឿននេះបាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា សម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ ក៏មានការអនុញ្ញាតឱ្យម៉ូតូ ដែលមានទំហំស៊ីឡាំងលើសពី៥០០សេសេ អាចប្រើប្រាស់បានផងដែរ ដោយមានកំណត់ល្បឿនត្រឹមតែ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលម៉ូតូមានមានទំហំស៊ីឡាំងតូចជាងនេះ គឺមិនមានការអនុញ្ញាតឱ្យប្រើប្រាស់នោះឡើយ។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទោះបីផ្លូវល្បឿនលឿននេះ ជាផ្លូវឯកជន តែក៏នៅក្រោមច្បាប់របស់ប្រទេសកម្ពុជា ដូចនេះផ្លូវនេះនៅតែមានការដាក់កាមេរ៉ាចាប់ល្បឿន នៅតាមគោលដៅនានា ជាមួយនឹងការផាកពិន័យងតាមច្បាប់ ដោយមិនមានការលើកលែងនោះឡើយ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក។

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here