ក្រុមហ៊ុនចិន BYD ទិញដីសាងសង់រោងចក្ររថយន្តអគ្គិសនីនៅ ប្រទេសថៃ

ដោយៈ សុខុម

បាងកក: ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD Co កាលពីថ្ងៃព្រហ្បតិ៍ ទី៨ ខែកញ្ញា បានចុះកិច្ចព្រមព្រៀងទិញដីជាមួយក្រុមហ៊ុន WHA Corp ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ សួនឧស្សាហកម្មធំបំផុតរបស់ថៃ ដើម្បីសាងសង់រោងចក្រ ផលិតរថយន្តអគ្គិសនីដំបូងបង្អស់ របស់ខ្លួននៅអាស៊ីអាគ្នេយ៍។

ក្រុមហ៊ុនទាំង២នេះ បានចេញសេចក្ដីថ្លែងការណ៍រួមថា រោងចក្រនេះរំពឹងចាប់ផ្ដើមដំណើរការនៅឆ្នាំ២០២៤ ជាមួយនឹងសមត្ថភាពផលិតរថយន្តបានចំនួន១៥០.០០០គ្រឿងក្នុងមួយឆ្នាំ ដែលភាគច្រើនសម្រាប់ការនាំចេញមកកាន់ទីផ្សារអាស៊ីអាគ្នេយ៍ និងទីផ្សារអឺរ៉ុប។

កិច្ចព្រមព្រៀងនេះកើតមានឡើង ក្រោយពីក្រុមហ៊ុន BYD បានចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនចែកចាយក្នុងស្រុក Rever Automotive Co ដែលបានប្រកាសកាលពីខែមុនថា ខ្លួននឹងចាប់ផ្ដើមលក់រថយន្ត BYD នៅទូទាំងប្រទេសថៃ នៅចុងឆ្នាំ២០២២ នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន BYD បានប្រកាសឈានជើងចូល ក្នុងទីផ្សារជាច្រើននៅប៉ុន្មានខែចុងក្រោយនេះ រួមទាំងនៅប្រទេសដាណឺម៉ាក អាល្លឺម៉ង់ អ៉ីស្រាអែល ជប៉ុន និងកម្ពុជា យើងផងដែរ។

ទីតាំងរោងចក្រនេះ នឹងគ្របដណ្ដប់លើផ្ទៃដីចំនួន៩៦ហិកតា ស្ថិតក្នុងសួនឧស្សាហកម្ម Rayong 36 Industrial Estate របស់ក្រុមហ៊ុន WHA ក្នុងខេត្តរ៉ាក់យ៉ង។ សេចក្ដីថ្លែងការណ៍ដដែលគូសបញ្ជាក់ថា នេះគឺជាកិច្ចព្រមព្រៀង “ធំបំផុត” របស់ក្រុមហ៊ុន WHA ក្នុងរយៈពេល២០ឆ្នាំមកនេះ។

យោងតាមការិយាល័យ ច្រករបៀងសេដ្ឋកិច្ចភាគបូព៌ា (EEC) របស់ប្រទេសថៃបានឱ្យដឹងថា ក្រុមហ៊ុន BYD គ្រោងបោះទុនវិនិយោគប្រមាណ៨២៤,៥លានដុល្លារអាមេរិក លើការផលិតរថយន្តអគ្គិសនី។

ក្រុមប្រឹក្សាវិនិយោគ (BOI) របស់ប្រទេសថៃ កាលពីខែមុន បានអនុម័តផែនការ បោះទុនវិនិយោគ៤៩៥លានដុល្លារអាមេរិក របស់ក្រុមហ៊ុន BYD ដើម្បីផលិតរថយន្តអាគុយ និងរថយន្តHybrid សាកអគ្គិសនីក្នុងប្រទេសនេះ៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here