រដ្ឋាភិបាលចាប់ផ្តើមបើកយុទ្ធនាការចុះវាស់វែង​កំណត់​និយាមការក្បាលដី​នៅតំបន់រមណីយដ្ឋានអង្គរ

ដោយៈគង់ សូរិយា

សៀមរាបៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចាប់ផ្តើមយុទ្ឋនាការចុះវាស់វែងកំណត់នុយាមការក្បាលដីនិងអត្តសញ្ញាណអ្នកកាន់កាប់ដី​ និងសំណង់ខុសច្បាប់​ ក្នុងតំបន់រមណីយដ្ឋានអង្គរ។

ការកំណត់នេះ នឹងគ្របដណ្តប់លលើតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរាផងដែរ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា រួមជាមួយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ និងជាអនុប្រធានក្រុមការងារតម្រង់ទិស លោកទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារតម្រង់ទិស និងលោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យុទ្ធនាការនេះ ក្នុងគោលដៅការពារតំបន់រមណីយដ្ឋានអង្គរ ដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌ ពិភពលោកឆ្នាំ១៩៩២ មានទំហំ៤០១គីឡូម៉ែត្រការ៉េ ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវរក្សាការពារដាច់ខាត។ កម្ពុជាក្នុងនាមរដ្ឋសមាជិក មានភារកិច្ចរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណនៃដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រា​ប់មនុស្សជាតិទាំងមូល។ ដោយសារតែព្រះរាជក្រឹត្យលេខ០០១នសចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ បានចាត់ទុករមណីយដ្ឋានអង្គរជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយចំណូលដែលបានពីវិស័យទេសចរណ៍អង្គរ ទទួលបានរាប់រយលានដុល្លារក្នុង១ឆ្នាំៗ។

កាលពីពេលថ្មីៗនេះ នាដើមឆ្នាំ២០២២មានអ្នកឆ្លៀតឱកាសសាងសង់សំណង់ខុសច្បាប់រាប់រយករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់ជាច្រើនទៀត ដែលបានរំលោភបំពាន នាពេលកន្លងមក ក្នុងតំបន់ការពារ នៃរមណីយដ្ឋានអង្គរ ហើយសំណង់ខុសច្បាប់អស់ទាំងនេះ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួនឯង។

ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធា​នការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីធ្លីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្ដល់លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណី​យដ្ឋានអង្គរជាដាច់ខាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here