សិក្សាលើចំណុចទាំង៤នេះសិនមុនសម្រេចចិត្តវិនិយោគដីធ្លី ដើម្បីបញ្ចៀសទំនាស់

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ការវិនិយោគដីធ្លីនៅកម្ពុជា នៅតែបន្តមានប្រជាប្រិយភាពជាងគេ អ្នកទិញភាគច្រើនបានផលចំណេញ និងមួយចំនួនក៏មានបញ្ហាផងដែរ។

ហេតុនេះអ្នកវិនិយោគ គួរសិក្សាលើចំណុចសំខាន់ៗទាំង៤នេះសិន មុនសម្រេចចិត្តវិនិយោគដីធ្លី។

១ ប្រភេទនៃបណ្ណកាន់កាប់របស់ម្ចាស់ដី

អ្នកទិញគួរតែពិនិត្យជាមុនថា តើអ្នកលក់មានប័ណ្ណកាន់កាប់អចលនទ្រព្យនោះប្រភេទអ្វី? តើជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ឬជាវិញ្ញាបនបត្រ សម្គាល់ការកាន់កាប់អចលនវត្ថុ (ប្លង់ទន់)? បើសិនអ្នកលក់ដីនោះ កំពុងកាន់ប្លង់រឹង នោះអ្នកទិញ នឹងអាចមើលឃើញពីទំហំដី ទីតាំងដី និងឈ្មោះម្ចាស់ដីយ៉ាងច្បាស់លាស់ ហើយឯកសារប្លង់រឹង គេអាចយកទៅផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជី ដែលចុះនៅជាមួយអាជ្ញាធរសុរិយោដី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្ទុយពីនេះវិញ ប្រសិនបើអ្នកលក់កំពុងកាន់ប្លង់ទន់ នោះអ្នកលក់គ្រាន់តែជាភោគីតែប៉ុណ្ណោះ (ជាអ្នកកាន់កាប់ស្របច្បាប់)។ បើផ្ទុយពីនេះវិញ ប្រសិនបើអ្នកលក់កំពុងកាន់ប្លង់ទន់ នោះអ្នកលក់គ្រាន់តែជាភោគីតែប៉ុណ្ណោះ (ជាអ្នកកាន់កាប់ស្របច្បាប់)។

បើតាមនិតិវិធីច្បាប់ គាត់មិនទាន់មានសិទ្ធិពេញលេញ នៅឡើយទេ តែគាត់អាចលក់ដីនោះបាន។ ចំណុចនេះ ទាមទារឱ្យអ្នកទិញមានការប្រុងប្រយ័ត្នខ្ពស់។ សំខាន់ជាងនេះទៅទៀត អ្នកទិញត្រូវពិនិត្យទៅលើដីនោះ ថាតើដីនោះមានការផ្ទេរកម្មសិទ្ធ ប៉ុន្មានដំណាក់កាលមកហើយ។ តើក្នុងដំណាក់កាលនីមួយៗ គឺផ្ទេរស្របតាមនីតិវិធីច្បាប់ដែរឬទេ។ ការផ្ទៀងផ្ទាត់លើប្លង់ទន់បែបនេះ គឺជៀសវាងដើម្បីកុំឱ្យមានម្ចាស់ពីរបីនាក់ នៅលើដីតែមួយ។

២. ស្ថានភាពដី

ក្រោយពីពិនិត្យមើលទៅលើ ប្រភេទនៃបណ្ណកម្មសិទ្ធិរួចហើយ អ្នកទិញត្រូវតែពិនិត្យទៅលើស្ថានភាពដី ថាតើដីនោះមានដីផ្សេងព័ន្ធជុំវិញ មានព្រំប្រទល់ដី ឬរបងបានកំណត់ត្រឹមត្រូវដែរឬទេ។ ប្រសិនបើពិនិត្យឃើញនៅមិនទាន់មានភាពច្បាស់លាស់ទេ ត្រូវធ្វើការវាស់វែងដីនោះម្តងទៀត ដោយមានវត្តមានអាជ្ញាធរសុរិយោដី ជាអ្នកដឹងលឺ។

៣. បន្ទុកនៅលើដី

អ្នកទិញត្រូវពិនិត្យបន្ថែមទៀតទៅលើដីនោះ ថាតើដីនោះត្រូវបានគេយកទៅបញ្ចាំធានាបំណុល ឬជួល ឬប្រវាស់ ដែរឬអត់។ ក្រៅពីនេះ អ្នកទិញត្រូវធ្វើការស្រាវជ្រាវថា ដីនោះជាកម្មវត្ថុនៃបណ្តឹងតុលាការ ដែលត្រូវរឹបអូសឬទេ។ ដូចនេះ មុននឹងទិញ ដីនោះទាមទារឱ្យមាននីតិវិធីនៃការដោះស្រាយបានដាច់ស្រេច មុនឈានដល់ការចុះកិច្ចសន្យា។

៤. ដីជាចំណែកផ្លូវ ឬជាប់គម្រោងអភិវឌ្ឍន៍នានា

គម្រោងអភិវឌ្ឍន៍នានានៅក្នុងប្រទេសកម្ពុជា កំពុងមានសន្ទុះទៅមុខជាលំដាប់។ ហេតុនេះ មុននឹងទិញដីដែលខ្លួនចង់បាន អ្នកទិញត្រូវសង្កេតថា ដីនោះមានជាប់នឹងចំណែកផ្លូវដែរឬទេ ឬស្ថិតក្នុគម្រោងអភិវឌ្ឍណាមួយរបស់រដ្ឋឬអត់។ ដីខ្លះអាចស្ថិតនៅក្នុងតំបន់អប្សរា ឬស្ថិតនៅក្នុងតំបន់អភរិក្សណាមួយដែលរដ្ឋបានកំណត់។ បញ្ហាទាំងអស់នេះ តម្រូវឱ្យអ្នកទិញពិនិត្យឱ្យបានច្បាស់ថាតើ ដីនោះមានការប៉ះពាល់កម្រិតណាពីគម្រោងទាំងអស់នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here