ក្រសួងទេសចរណ៍លើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារនិងសេវាស្នាក់នៅទេសចរណ៍បែបSME

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងទេសចរណ៍ សម្រេចលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ជាប្រភេទសហគ្រាសធុនតូច និងមធ្យម។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងទេសចរណ៍ស្ដីពី ការកែសម្រួលលក្ខខណ្ឌកាតព្វកិច្ច ស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្នុងគោលបំណងជំរុញ ដល់ការបើកដំណើរការអាជីវកម្ម ជាប្រភេទសហគ្រាសធុនតូច និងមធ្យម ក្នុងដំណាក់កាលងើបឡើងវិញ ពីវិបត្តិជំងឺកូវីដ-១៩ គណៈកម្មការរៀបចំ និងវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ (គ.រ.ច.) សម្រេចលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ចំពោះរាល់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ជាប្រភេទសហគ្រាសធុនតូច និងមធ្យម (ជាប់ពន្ធតូច និងពន្ធមធ្យម) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

អាជីវកម្មប្រភេទខាងលើនេះ មានជម្រើស (ដោយស្ម័គ្រចិត្ត) ក្នុងការស្នើសុំការវាយតម្លៃ ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរ​ណ៍តាមលក្ខខណ្ឌអាជីវកម្មរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុវត្តតាមសេចក្តីជូនដំណឹងខាងលើម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ជាសហគ្រាសធុនធំ(ជាប់ពន្ធធំ) នៅតែបន្តជាប់កាតព្វកិច្ច ស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ និងត្រូវរួសរាន់ដាក់ពាក្យស្នើសុំ ចំណាត់ថ្នាក់សណ្ឋា​គារ និងសេវាកម្មស្នាក់នៅទេសចរណ៍ នៅលេខាធិការដ្ឋានគណៈកម្មការរៀបចំ និងវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេស​ចរណ៍ ដែលមានទីតាំងនៅទីស្តីការក្រសួងទេសចរណ៍ ឬនៅតាមមន្ទីរទេស​ចរណ៍រាជធានី-ខេត្ត ជៀសវាងរងការពិន័យអន្តរការណ៍ ជាប្រាក់ស្របតាមស្មារតីប្រកាសអន្តរក្រសួងលេខ១៦០ សហវ.ប្រក ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ដោយក្រសួងទេសចរណ៍។

សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ការសម្រេចលើកលែងកាតព្វកិច្ចនេះ ធ្វើអនុវត្តតាមសេចក្តីជូនដំណឹងលេខ ៣៦ សជណ.ហធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្រ្តីស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការ លើកស្ទួយសហគ្រានធុនតូច និងមធ្យមលើកទី២៕

LEAVE A REPLY

Please enter your comment!
Please enter your name here