អ្នកជំនាញព្រមានថា កុំប្រញាប់វិនិយោគលើដីធ្លីដោយគ្រាន់តែផ្អែកលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ប្រយ័ត្នខាតបង់

ដោយ៖ សុខុម

ហាណូយ: នៅក្នុងទ្រឹស្តីជំនួញ អ្នកដែលក្ដាប់ឱកាសវិនិយោគបានមុនគេ គឺមានឱកាសចំណេញមុនគេ ហើយថែមទាំងអាចចំណេញច្រើនទៀតផង ជាពិសេសក្នុងវិស័យអចលនទ្រព្យ។ ទោះជាយ៉ាងណា អ្នកវិនិយោគត្រូវធ្វើការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន បើមិនដូច្នោះទេ នឹងប្រឈមហានភ័យធំ។

ក្រុមអ្នកជំនាញព្រមានថា ក្រុមហ៊ុនសហគ្រាស និងបុគ្គលដែលស្វែងរកប្រាក់ចំណេញពីការវិនិយោគលើដីធ្លី និងអចលនទ្រព្យក្នុងតំបន់នានាដែលនៅជិតគម្រោងហេដ្ឋារចនាសម្ព័ន្ធ មិនគួរប្រញាប់ប្រញាល់បោះទុនវិនិយោគលឿនពេកទេ ពោលគឺគួរតែសិក្សាអំពីគម្រោងទាំងនោះឱ្យបានច្បាស់លាស់សិនដើម្បីបង្ការហានិភ័យ។

តួយ៉ាងកាលពីពេលថ្មីៗនេះ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងលេខ៤ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានក្លាយជាចំណុចផ្ដោតការចាប់អារម្មណ៍របស់បណ្ដាអ្នកវិនិយោគ នៅពេលតម្លៃដីធ្លីក្នុងតំបន់ដែលផ្លូវនេះរត់កាត់កំពុងបន្តហក់ឡើងថ្លៃស្រឺតៗ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃពុធ ទី៣ ខែសីហា។

សេចក្តីសម្រេចលើគោលនយោបាយវិនិយោគសម្រាប់គម្រោងផ្លូវក្រវាត់ក្រុងលេខ៤ ទទួលបានភ្លើងខៀវពីរដ្ឋសភាវៀតណាម កាលពីខែមិថុនា ឆ្នាំនេះ។ គម្រោងនេះនឹងស្ថាបនាផ្លូវមួយខ្សែប្រវែង១១២,៨គីឡូម៉ែត្រជាមួយនឹងទុនវិនិយោគប្រមាណ៣,៦៥ពាន់លានដុល្លារអាមេរិក ក្នុងដំណាក់កាលទី១ ដែលនឹងតភ្ជាប់តំបន់ឧស្សាហកម្ម តំបន់ប្រជុំជន ខេត្ត និងទីក្រុងជាច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមការរំពឹងទុក គម្រោងផ្លូវក្រវាត់ក្រុងលេខ៤ នេះនឹងជំរុញការអភិវឌ្ឍ និងការវិនិយោគគម្រោងអចលនទ្រព្យជាច្រើននៅក្នុងតំបន់ជុំវិញ។

ទោះជាយ៉ាងណា ប្រធានសមាគមភ្នាក់អចលនវត្ថុវៀតណាម លោក Nguyễn Văn Đính បានលើកឡើងថា ក្នុងករណីខ្លះ ព័ត៌មានអំពីទីផ្សារគ្រាន់តែជាល្បិចបោកបញ្ឆោតដើម្បីបង្កើតរលកទីផ្សារប៉ុណ្ណោះ។

អ្នកជំនាញរូបនេះបានបន្ថែមថា បណ្ដាអ្នកវិនិយោគគួរតែមានការប្រុងប្រយ័ត្នខ្ពស់ និងសិក្សាអំពីផែនការ និងសាច់ប្រាក់ឱ្យបានហ្មត់ចត់ជាមុនសិនដើម្បីជៀសវាងហានិភ័យនៃការខាតបង់ប្រាក់។

លោកគូសបញ្ជាក់ថា អ្នកវិនិយោគគួរតែស្វែងយល់ពីកត្តាចំនួន២ជាមុនសិន មុននឹងសម្រេចចិត្តវិនិយោគ ដោយទី១ គឺឱកាសដីហក់ឡើងថ្លៃ ហើយទី២ វឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។

លោកបន្តថា នៅតំបន់មួយចំនួនដែលផ្លូវក្រវាត់ក្រុងលេខ៤ រត់កាត់ តម្លៃដីធ្លីបានហក់ឡើងខ្លាំងរួចទៅហើយកាលពីឆ្នាំមុន ហើយថា កម្រិតតម្លៃថ្មីមួយត្រូវបានបង្កើតឡើង ហើយវាជាតម្លៃខ្ពស់ខ្លាំងណាស់។ ក្នុងន័យនេះលោកចង់បញ្ជាក់ថា បើគេកំណត់តម្លៃខ្ពស់ខ្លាំងរួចទៅហើយបែបនេះ អ្នកដែលបោះទុនទិញដីធ្លីដើម្បីទុកលក់យកចំណេញ កុំរំពឹងខ្ពស់ពេក។

យោងតាមលោកស្រី Đỗ Thu Hằng នាយកជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ការប្រឹក្សាយោបល់ និងស្រាវជ្រាវនៃក្រុមហ៊ុន Savills Hà Nội លើកឡើងថា ជាធម្មតាការងារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនត្រូវចំណាយពេលអនុវត្តន៍ច្រើនឆ្នាំទម្រាំបញ្ចប់ ដូចនេះបណ្ដាអ្នកវិនិយោគចាំបាច់ត្រូវតែយល់អំពីផែនការ និងដំណើរការបញ្ចប់គម្រោង មុននឹងសម្រេចចិត្តបោះទុនវិនិយោគ។

លោកស្រីបានបន្ថែមថា អ្នកវិនិយោគក៏គួរតែយកចិត្តទុកដាក់លើលក្ខខណ្ឌផ្លូវច្បាប់នៃអចលនទ្រព្យផងដែរដើម្បីជៀសវាងជម្លោះដែលធ្វើឱ្យអ្នករងការខាតបង់៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here