ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ក្នុងពេលបច្ចុប្បន្ននេះ ការវិនិយោគលើដីធ្លីនៅក្នុងប្រទេសកម្ពុជា នៅតែហុចសក្ដានុពលខ្ពស់ និងអាចផ្ដល់ប្រាក់ចំណេញច្រើន ដល់អ្នកវិនិយោគ ហើយសម្រាប់ស្ថានភាពបែបនេះ អ្នកមានទុនមានលុយគ្រប់គ្រាន់ នឹងកាន់តែមានឱកាសខ្ពស់ ក្នុងការបង្កើតធនាគារដីដើម្បីបញ្ចេញនៅពេលអនាគត។
ការបង្កើតធនាគារដី( Landing Banking ) សំដៅដល់ការប្រមូលទិញដីទុក សម្រាប់បញ្ចេញលក់ នៅពេលអនាគត ឬនៅពេលដែលដីឡើងថ្លៃដោយសារតែ ការអភិវឌ្ឍដីធ្លីបានរាលដាលទៅដល់តំបន់នោះ។
លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកនៃក្រុមហ៊ុន KFA បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៨ កក្កដាថា ការវិនិយោគដីធ្លីនៅតែជាឱកាសសម្រាប់រកប្រាកចំណេញ នៅពេលអនាគត ហើយអ្នកដែលមានទុនគ្រប់គ្រាន់អាចប្រមូលទិញដីក្នុងតម្លៃ សមរម្យនៅទីតាំងល្អ ដើម្បីទុកផ្ដល់ជូនវិនិយោគិន នៅពេលស្ថានភាពសេដ្ឋកិច្ចពិភពលោក ល្អប្រសើរឡើងវិញ ។
លោកបន្តថា “សម្រាប់អ្នកមិនមានទុន ឬក៏អ្នកចង់ស្វែងរកប្រភពទុនពីធនាគារមកវិនិយោគលើដីធ្លីនេះ ខ្ញុំមិនលើកទឹកចិត្តឱ្យវិនិយោគនោះទេ ពីព្រោះការវិនិយោគវាមើលមិនឃើញថា តើពេលណានឹងចំណេញ ហើយត្រូវប្រើរយៈពេលយូរប៉ុនណានោះដែរ”។
លោកឧកញ៉ាបន្តថា ដីដែលអាចទិញចំណេញគឺ ជាប្រភេទដីដែលមិនទាន់បានអភិវឌ្ឍន៍ ហើយនៅពេលដែលមានការអភិវឌ្ឍ ទៅដល់តំបន់នោះ នឹងធ្វើឱ្យដីធ្លីឡើងថ្លៃជាក់ជាមិនខាន គ្រាន់តែថាកម្រិតនៃការឡើងថ្លៃនោះវាឡើងបានប៉ុនណាតែប៉ុណ្ណោះ ។
ប្រធានក្រុមហ៊ុនCentury 21 Zillion Holding ប្រចាំខេត្តមណ្ឌលគីរីបានមានប្រសាសន៍ផងដែរថា នៅខេត្តមណ្ឌលគីរីនាពេលនេះ អ្នកលក់ដីច្រើនជាងអ្នករកទិញ ដូច្នេះវាជាឱកាសដ៏ល្អ សម្រាប់អ្នកមានលុយក្នុងការប្រមូលទិញដីទុក សម្រាប់អភិវឌ្ឍន៍ ឬសម្រាប់វិនិយោគ នៅពេលស្ថានភាពសេដ្ឋកិច្ចប្រសើរ និងមានការហូរចូលវិនិយោគិនបរទេស ទៅកាន់មណ្ឌលគីរី ។
លោកបន្តថា នៅពេលអ្នកលក់ច្រើនជាងអ្នកទិញបែបនេះ វាជាឱកាសក្នុងការចរចា ឬអាចទិញដីនៅលើទីតាំង មានសក្ដានុពលហើយសម្រាប់តម្លៃវិញ ឃើញមិនមានការប្រែប្រួលឬធ្លាក់ចុះទេ តែយ៉ាងណាបើសិនជាអ្នកលក់ដីនោះ ចង់លក់ពិតប្រាកដ គេអាចពិគ្រោះគ្នា ដើម្បីឈានទៅដល់ការព្រមព្រៀង ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា នៅពេលមានការអភិវឌ្ឍ ឬពង្រីកក្រុង នឹងធ្វើឱ្យតំបន់នៅជាយក្រុង ឬតំបន់អភិវឌ្ឍន៍ថ្មីនោះឡើងថ្លៃដី ។ ការវិនិយោគដីធ្លីនៅពេលបច្ចុប្បន្ន នៅតែជាឱកាសសម្រាប់វិនិយោគិន ក្នុងការចាប់យកដើម្បីប្រាក់ចំណេញនៅពេលអនាគត៕