កំណើនពលរដ្ឋក្នុងស្រុកទិញខុនដូកាន់តែច្រើនជំរុញឱ្យអ្នកអភិវឌ្ឍន៍ ធ្វើពិពិធកម្មទីផ្សារ

 ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កំណើនប្រជាពលរដ្ឋកម្ពុជាទិញខុនដូ មានការកើនឡើងក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩ គឺចំពេលដែលវិនិយោគិនបរទេស ចូលមកកម្ពុជាមានការថមថយ។

ការកើនឡើងនៃពលរដ្ឋក្នុងស្រុកទិញខុនដូ នៅក្នុងប្រទេសកម្ពុជាកើនឡើងបែបនេះ ជំរុញឱ្យអ្នកអភិវឌ្ឍន៍ត្រូវធ្វើពិពិធកម្មទីផ្សាររបស់ខ្លួន ដើម្បីបំពេញតាមតម្រូវការអតិថិជន។

លោករិន ច័ន្ទរឹទ្ធ អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យDNZ Realty បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី២៨ កក្កដានេះថា កំណើនប្រជាពលរដ្ឋកម្ពុជាទិញខុនដូ ស្នាក់នៅឬសម្រាប់វិនិយោគនៅកម្ពុជាកាន់តែមានចំនួនច្រើន ជាក់ស្ដែងគម្រោង Urban Village ដែលលោកទទួលលក់នោះ ក៏មានប្រជាជនក្នុងស្រុកជាច្រើន បានទិញសម្រាប់ស្នាក់នៅនិងទុកវិនិយោគដែរ ។

លោកបន្តថា “ថ្វីតែចំនួនប្រជាជនកម្ពុជាទិញខុនដូ នៅក្នុងប្រទេសកម្ពុជាមានច្រើនក៏ពិតមែន តែមិនមែនឱ្យអ្នកអភិវឌ្ឍន៍ ត្រូវតែអភិវឌ្ឍន៍ជាបែបខ្មែរផ្ដល់ជូនអតិថិជនខ្មែរនោះទេ”។ លោកបន្តថា “បើនិយាយពីខុនដូគឺគឺ គេនិយាយពីការរស់នៅ បែបទំនើប ស៊ីវិល័យដូចនឹងបរទេស អឺរ៉ុបនិងប្រទេសរីកចម្រើន ដូច្នេះបើសិនជាប្រជាពលរដ្ឋកម្ពុជា ទិញខុនដូកាន់តែច្រើនហើយ ងាកមកអភិវឌ្ឍន៍បែបខ្មែរផ្ដល់ជូន លោកគិតថាវាជារឿងដែលមិនសមហេតុផលនោះទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករិន ច័ន្ទរិទ្ឋបានបន្តថា ប្រជាពលរដ្ឋក្នុងស្រុកទិញខុនដូ បានន័យថាពួកគាត់ចង់រស់នៅបែបទំនើប ចង់យកបទពិសោធន៍ នៃការរស់នៅដូចនឹងបរទេសដែរ អញ្ចឹងការអភិវឌ្ឍខុនដូ គួរតែពង្រឹងការអភិវឌ្ឍឱ្យកាន់តែខ្លាំងបន្ថែមទៀត ។

លោកបន្ថែមថា សម្រាប់ការធ្វើពិពិធកម្មទីផ្សារខុនដូវិញ លោកថាអ្នកអភិវឌ្ឍន៍គួរផ្ដល់ជាលក្ខខណ្ឌនៃការបង់ប្រាក់ តែមិនមែនបញ្ចុះតម្លៃខុនដូនោះឡើយ សម្រាប់គម្រោងដែលបានលក់យូរហើយ តែសម្រាប់គម្រោងមិនទាន់បានលក់គួរគិតគូរពីតម្លៃនេះ កុំយកចំណេញខ្លាំងពេក ដោយទុកលទ្ធភាពសម្រាប់អ្នកក្នុងស្រុកអាចទិញបានច្រើន ។

ជាមួយគ្នានេះ លោកពីន សារី ប្រធានផ្នែកលក់នៃក្រុមហ៊ុនERA Cambodia បានឱ្យដឹងថា បើយើងក្រលេកទៅមើលការអភិវឌ្ឍ យើងឃើញថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍មួយ។ ដូច្នេះយើងមិនអភិវឌ្ឍន៍ចុះក្រោមទេ មានតែឡើងលើ ហើយអ្វីដែលអ្នកអភិវឌ្ឍន៍កំពុងធ្វើ គឺត្រឹមត្រូវណាស់  ដែលពួកគាត់អភិវឌ្ឍន៍សម្រាប់បរទេសផង និងសម្រាប់វិនិយោគិនក្នុងស្រុកផង ។

លោកបន្តថា “ទីផ្សារខុនដូនៅកម្ពុជា នឹងកាន់តែមានតម្រូវការខ្ពស់ ស្របពេលកំណើនប្រជាជនកើនឡើង ជាបន្តបន្ទាប់ជាពិសេសនៅរាជធានីភ្នំពេញ”។ លោកបន្តថា “នៅពេលកំណើនប្រជាជន កើនឡើងខ្ពស់បែបនេះនឹងធ្វើឱ្យតម្រូវការលំនៅឋាន ក៏មានកំណើនដូចគ្នា ដោយខ្លះគាត់ចូលចិត្តស្នាក់នៅផ្ទះជាប់ដី និងខ្លះទៀតគាត់ក៏ចង់រស់នៅក្នុងផ្ទះបែបទំនើប គឺខុនដូនេះឯង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here