អាជ្ញាធរខេត្តព្រះសីហនុកំពុងរកវិធីសាស្រ្តដើម្បីស្តារវិស័យអចលនទ្រព្យឡើងវិញ

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ជំរុញ​ឱ្យ​ម្ចាស់​សំណង់ និង​ម្ចាស់​ដី​ស្រុះស្រួល​គ្នា ​លើ​ការបន្ធូរបន្ថយ​ថ្លៃ​ជួល​ដី ដើម្បី​ស្តារ​វិស័យ​អចលនទ្រព្យ ដែល​បាន​ជាប់គាំង និង​ប៉ះពាល់​ដល់​មុខមាត់​របស់​ខេត្ត​ព្រះសីហនុ។​


សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ កាលពីដើមខែកក្កដានេះ បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​មួយ​ស្តីពី​ យន្ត​​ការស្តារ​វិស័យ​អចលនទ្រព្យ និង​ដំណោះ​ស្រាយ​ សម្រាប់​គម្រោង​សំណង់​អគារ​ ដែល​ជាប់គាំង​ជាង១ ០០០ ​អគារ ក្នុង​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​តំណាង​រដ្ឋបាលខេត្ត​ព្រះសីហនុ​, ក្រ​សួង​សេដ្ឋកិច្ច​ ម្ចាស់​ដី និង​ម្ចាស់​សំណង់​ដែល​ភាគច្រើន​គឺជា​ជនបរទេស​។​

លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុបានមានប្រសាសន៍ឲ្យ​ដឹង​ថា កិច្ចពិភាក្សា​នេះ​មិនទាន់មាន​លទ្ធផល​ជា​ផ្លែផ្កា​អ្វី​ទេ ដោយ​ការ​ពិគ្រោះ​យោបល់​នេះ ​មាន​គោលបំណងឱ្យ​ភាគី​ពាក់ព័ន្ធ ​ផ្ដល់​សម្បទាន​ឱ្យ​គ្នា​ទៅវិញទៅមក និង​រួមគ្នា​ដោះស្រាយ​បញ្ហា ដើម្បី​បញ្ចៀស​ផលប៉ះពាល់​កើត​ដោយ​​សារ​ការ​ទុក​សំណង់​អគារ​ចោល​។​

លោក​បន្ថែមថា “អគារ​ដែល​មិន​បញ្ចប់​ការសាងសង់ កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​រូបភាព​នៃ​ខេត្ត​ព្រះសីហនុ​ និងធ្វើឱ្យប៉ះពាល់​ដល់​បច្ចេក​ទេស​សំណង់នាំ​មាន​គ្រោះ​​ថ្នាក់​ជាយថាហេតុ​ និង​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ចសង្គម​កម្ពុជា​ផងដែរ​”។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា ​យើង​ក្នុងនាម​អាជ្ញា​ធរ បាន​ខិតខំ​ពន្យល់​ដល់​វិស័យ​ឯកជន អំពី​ស្ថានភាព​បច្ចុប្បន្ន ជុំវិញ​បញ្ហា​តម្លៃ​ដីធ្លី ដែល​មិនមាន​តម្លៃ​ដូច​អំឡុង​ឆ្នាំ ​២០១៧ ឬ​ឆ្នាំ ​២០១៨ នោះទេ​។ យើង​ចង់ឱ្យ​ពួកគាត់​ដោះស្រាយ​គ្នា​ដោយ ការយោគយល់​ក្រៅ​ប្រព័ន្ធតុលាការ ដើម្បី​ឱ្យមាន​អាជ្ញាធរ​ពិចារណា​បន្តថា អាចជួយ​បាន​អ្វីខ្លះ​​។​

លោក​បន្ថែមថា ក្រោយពី​ការពន្យល់​របស់​អ្នកជំនាញ ​អចលនទ្រព្យ អ្នក​​សេដ្ឋកិច្ច និង​អាជ្ញាធរ​ហើយ ម្ចាស់​ដី និង​ម្ចាស់​សំណង់ បាន​យក​បញ្ហា​នេះ ទៅ​ពិចារណា​សិន ដោយ​មិនទាន់ ឆ្លើយតប​ជាក់លាក់​នៅឡើយ​ទេ​។

លោកឡុង ឌីម៉ង់បានបញ្ជាក់ថា ​យើង​នឹង​ពិចារណា​បន្តទៀត ដើម្បី​រក​ដំណោះស្រាយ ក៏ដូចជា​ពិនិត្យមើល​លទ្ធភាព ​ដែល​អាច​ចូល​​រួមចំណែក​ជួយ​សម្រុះសម្រួល​ដល់​ពួក​-​គាត់​។ យើង​ត្រូវ​ការរក​ប្រភព​ចំណូល​ពី​វិនិយោ​គិន​ថ្មី ដើម្បី​ប្រមូលយកAsset ទាំងអស់នេះ និង​ដើម្បី​បង្កើន​តម្លៃបន្ថែម​ឡើងវិញ​។ ខេត្ត​ព្រះសីហនុ នឹង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស ​ពហុ​បំណង ដូចនេះ មិន​ត្រឹមតែ​វិនិយោគិន​ចិន​ទេ យើង​ស្វាគមន៍​រាល់​អ្នកវិនិយោគ​មកពី​គ្រប់​​ប្រទេស ដែលមាន​បំណង​ចង់​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។

ជាមួយគ្នានេះ លោកវណ្ណ សុខ​ហេង ប្រធានសភា​​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងថា សភាពាណិជ្ជកម្ម ជា​អាជ្ញាកណ្តាល​រវាង​ម្ចាស់​ដី និង​ម្ចាស់​សំណង់ ​ដើម្បី​ជួយ​សម្របសម្រួល​ធ្វើយ៉ាងណា​ឱ្យ​ភាគី​ទាំងអស់ ​យល់ព្រម​បន្ត​ការ​ដំណើរការ​សាងសង់​អគារ​ ដែល​ជាប់គាំង​ជាង២​ឆ្នាំ​មកនេះ​។​

លោក​បញ្ជាក់ថា​ ​វិស័យ​ឯកជន​យើង​មានលទ្ធភាព ​ក្នុង​ការជួយ​ពួកគាត់​ (​ម្ចាស់​ដី និង​ម្ចាស់​សំណង់​)​ ឱ្យមាន​ការ​​ចរចា​រឿង​តម្លៃ​ដី ដែល​សម្រេចយក​តម្លៃ​មួយ​សមរម្យ​អាច​ទទួលយកបាន ដើម្បីឱ្យ​អគារ​ដែល​សាងសង់​ហើយ​ខ្លះ​នោះ អាច​បញ្ចប់​ការសាងសង់ និង​ដំណើរ​​ការចៀសវាង​ការខូចខាត​អគារ​។​

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យ នៅក្រុងព្រះសីហនុ ត្រូវការរយៈពេលវែងតទៅទៀត ដើម្បីឲ្យទីផ្សារស្រូបយកអ្វី ដែលបានផ្គត់ផ្គង់ច្រើនរួចហើយ។

អ្នកស្រីបន្តថា នៅក្នុងស្ថានភាពបែបនេះ មានឱកាសពីរអាចកើតមានឡើង ទី១ អ្នកទិញអាចរកអចលនទ្រព្យដែលមានតម្លៃល្អ ប៉ុន្តែចំណុចទី២ គឺថា តើអ្នកទិញឬអ្នកវិនិយោគសំណង់ទាំងនោះ យកមកជួលឲ្យអ្នកណា?៕

LEAVE A REPLY

Please enter your comment!
Please enter your name here