៦ខែដើមឆ្នាំទីផ្សារខុនដូនៅកម្ពុជាបានផ្លាស់ប្តូរស្ថានភាពថ្មីគួរឱ្យកត់សម្គាល់

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែកន្លងមកនេះ ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជាត្រូវបានអ្នកជំនាញលើទីផ្សារនេះបង្ហាញថា បានផ្លាស់ប្តូរជាវិជ្ជមាន ដែលជាសញ្ញាល្អសម្រាប់ទីផ្សារមួយនេះ ហើយក៏រំពឹងថានឹងទទួលបានអ្នកវិនិយោគលើខុនដូនេះ កាន់តែច្រើនឡើងបន្ថែមទៀត នាពេលខាងមុខនេះ។

លោកកាំង នីន នាយកប្រតិបត្តិនៃក្រុមហ៊ុន GC Realty បានមានប្រសាសន៍ឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំនេះ ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា ពិតជាមានការផ្លាស់ប្តូរ ហើយការផ្លាស់ប្តូរមិនមែនផ្លាស់ពីល្អទៅអាក្រក់ទេ តែវាបានផ្លាស់ពីអាក្រក់ទៅល្អ។ ទោះបីកម្ពុជានិងពិភពលោកបានជួបនឹងវិបត្តិកូវីដ ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យធ្ងន់ធ្ងរ ប៉ុន្តែក្នុងរយៈពេល៦ខែចុងក្រោយនេះ វិស័យអចលនទ្រព្យ ជាពិសេសទីផ្សារខុនដូបានកើនឡើងវិញ ដោយមានការទិញលក់ខុនដូ ច្រើនជាងរយៈពេល២ឆ្នាំមុន។

លោកបន្តថា កត្តាមួយចំនួន ដែលលោកបានមើលឃើញថា មានការផ្លាស់ប្តូរនៃទីផ្សារខុនដូ នៅកម្ពុជានោះ ទី១. កម្ពុជាបើកទទួលអ្នកដំណើរមកពីបរទេសឡើងវិញ និងបានបន្ធូបន្ថយលក្ខខណ្ឌ និងធ្វើឱ្យអ្នកពីក្រៅប្រទេសចូលមក ហើយស្វែងរកខុនដូសម្រាប់ការស្នាក់នៅ និងវិនិយោគ។ ទី២. ក្រោយពីសេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមមានសញ្ញាវិជ្ជាមានឡើងវិញ ធ្វើឱ្យវិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេសមានជំនឿជាក់ ហើយក៏បានបញ្ចេញថវិកាសម្រាប់វិនិយោគ លើវិស័យអចលនទ្រព្យ និងមានការវិនិយោគលើខុនដូដូចគ្នាដែរ។

លោកបន្ថែមថា កម្ពុជាបានចុះហត្ថលេខាលើកម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំ ដែលកម្មវិធីនេះ នឹងរំពឹងថាអាចនាំវិនិយោគិនបរទេសចូលមកម្ពុជាបន្ថែមទៀត ដើម្បីស្វែងរកការវិនិយោគនានាឡើងវិញក្នុងនោះ ខុនដូក៏រំពឹងថានឹងទទួលបានការវិនិយោគច្រើន និងពេញនិយមផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងផងដែរថា នៅក្នុងឆមាសទី១នៃឆ្នាំ២០២២នេះ សកម្មភាពនៃការសាងសង់គម្រោងខុនដូនៅក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមដំណើរការឡើងវិញ ក្រោយពីគម្រោងមួយចំនួនបានផ្អាកអស់រយៈពេល២ឆ្នាំកន្លងមក តែសម្រាប់គម្រោងថ្មីៗមិនសូវជាមានច្រើនទេ ដោយគម្រោងដំណើរការសាងសង់ពេលនេះជាគម្រោងចាស់ៗ។

អ្នកនាងបន្តថា ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះ យើងរំពឹងថា គម្រោងវិនិយោគលើខុនដូ ក៏ដូចជាគម្រោងផ្សេងទៀត នឹងអាចមានសន្ទុះឡើងវិញ ជាមួយនឹងកំណើនជនបរទេស និងកំណើនវិនិយោគិនក្នុងស្រុក ស្របពេលប្រជាពលរដ្ឋកម្ពុជាជាច្រើនក៏ចាប់ផ្ដើមផ្លាស់ប្តូរនិន្នាការ ពីការរស់នៅផ្ទះល្វែងផ្ទះជាប់ដី ទៅរស់នៅក្នុងខុនដូជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here