ប្រទេសអារ៉ាប៊ីសាអូឌីតផ្តល់ឥណទានដល់វិស័យអចលនទ្រព្យក្នុងទំហំទឹកប្រាក់រហូតដល់១៦១ពាន់លានដុល្លារ

ដោយៈ សុខុម

ក្រុងរីយ៉ាដ: ការផ្តល់ឥណទានអចលនទ្រព្យ របស់បណ្ដាធនាគារក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានកើនឡើង៣៤,៩ពាន់លានដុល្លារ ឈានដល់ជាង១៦១,៣ពាន់លានដុល្លារ ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២។ នេះបើយោងតាមតួលេខចុងក្រោយ ដែលចេញផ្សាយដោយធនាគារកណ្តាលអារ៉ាប៊ីសាអូឌីត SAMA។

ទិន្នន័យដែលសារព័ត៌មាន Arab News ប្រមូលបាន និងចុះផ្សាយនៅថ្ងៃច័ន្ទ ទី៤ ខែកក្កដា នេះបង្ហាញពីកំណើន២៧,៦% សម្រាប់ឥណទានអចលនទ្រព្យសរុប។ ទោះជាយ៉ាងណា អត្រាកំណើននេះបានធ្លាក់ចុះបើប្រៀបធៀបអត្រាកំណើន៤៤,១%ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

ផ្អែកលើមូលដ្ឋានប្រចាំត្រីមាស ឥណទានសរុបបានកើនឡើងចំនួន៩,៧៨ពាន់លានដុល្លារ ឬ៦,៤%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ ពី១៥១,១ពាន់លានដុល្លារ ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១។ ជាការកត់សម្គាល់ ឥណទានបានកើនឡើង១៥ខែជាប់ៗគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់ឥណទានអចលនទ្រព្យ ដែលត្រូវបានកត់ត្រាខាងលើ៧៩%ត្រូវបានផ្ដល់ឱ្យបុគ្គល និង២១% ត្រូវបានផ្ដល់ឱ្យស្ថាប័នក្រុមហ៊ុនសាជីវកម្ម។

ផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ ផ្នែកលក់រាយសម្រេចបានកំណើន៣៣% ។ ចំណែកឯឥណទានក្រុមហ៊ុនសាជីវកម្មបានកើនឡើង១១%។

លើសពីនេះ តម្លៃសរុបនៃឥណទានអចលនទ្រព្យ ដែលផ្តល់ដល់បុគ្គលសម្រេចបានកំណើន ប្រចាំត្រីមាស៦,៨% ឈានដល់១២៦,៩ពាន់លានដុល្លារ ចំណែកឯឥណទានក្រុមហ៊ុនសាជីវកម្ម កើនឡើង៥,១%ក្នុងរយៈពេលដូចគ្នា៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here