ដំណឹងល្អ គម្រោងវិនិយោគក្រោម៥លានដុល្លារ អនុម័តត្រឹមអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត

ដោយ៖ សុផារី

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ បង្កើនទំហំទឹកប្រាក់វិនិយោគ ដែលអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានសិទ្ធិអនុម័តគម្រោងវិនិយោគ នៅតាមបណ្តាខេត្តនីមួយក្រោម៥លានដុល្លារ។

 

ការសម្រេចបែបនេះ ដើម្បីបង្កភាពងាយស្រួលដល់វិនិយោគិន ទទួលបានការអនុម័ត គម្រោងកាន់តែលឿន និងងាយស្រួលជាងមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។

 

សមាភាពនៃអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានចំនួន២០រូប ក្នុងនោះអភិបាលរាជធានី-ខេត្ត គឺជាប្រធាន និងអភិបាលរង១រូប គឺជាអនុប្រធាន និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន និងតំណាងសាខាគយ និងរដ្ឋាករ ព្រមទាំងតំណាងសាខាពន្ធដារ នៃខេត្តនីមួយៗ ជាសមាជិក។

 

តាមមាត្រា៣នៃអនុក្រឹត្យនេះ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្តមានតួនាទី និងភារកិច្ចពិនិត្យ និងសម្រេចលើការចុះបញ្ជី ការផ្តល់ការលើកទឹកចិត្ត ការធានាការទិញ ការលក់ ការរួមបញ្ចូលគ្នា ការលុប និងការដោះស្រាយវិវាទនានា ពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាមេរិកចុះ នៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ ស្របតាមនីតិវិធីដែលកំណត់ ដោយអនុក្រឹត្យដោយឡែក និងស្របតាមច្បាប់វិនិយោគនៃកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here