ដោយសុខុម
ប៉េកាំង: ផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែដែលតភ្ជាប់រដ្ឋធានីប៉េកាំង ជាមួយទីក្រុងអ៊ូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន ត្រូវបានដាក់ឱ្យដំណើរការក្នុងល្បឿន៣៥០គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីថ្ងៃច័ន្ទ ទី២០ ខែមិថុនា។
យោងតាមក្រុមហ៊ុន China State Railway Group Co., Ltd (China Railway) ឱ្យដឹងថា ជាមួយនឹងល្បឿនរថភ្លើងដែលត្រូវបានបង្កើនពី៣១០គីឡូម៉ែត្រក្នុងមួយម៉ោង ដល់៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ការធ្វើដំណើរទៅមករវាងក្រុងប៉េកាំង និងក្រុងអ៊ូហាន ត្រូវបានកាត់បន្ថយប្រហែលកន្លះម៉ោងមកនៅត្រឹម៣ម៉ោង និង៤៨នាទី។
ក្រុមហ៊ុននេះបានបន្ថែមទៀតថា សមត្ថភាពដឹកជញ្ជូនទាំងមូលនៃកំណាត់ផ្លូវដែកនេះត្រូវបានរំពឹងថានឹងកើនឡើង៧% ដោយកើនឡើងរហូតដល់រថភ្លើងមានចំនួនសរុប១៥ខ្សែដែលផ្ដល់អីអ្នកដំណើរប្រមាណ១៨.០០០កៅអីក្នុងមួយថ្ងៃៗ។
បច្ចុប្បន្នប្រទេសចិន មានផ្លូវរថភ្លើងល្បឿនលឿនជិត៣.២០០គីឡូម៉ែត្រជាមួយនឹងល្បឿនដំណើរការ៣៥០គីឡូម៉ែត្រនៅខ្សែផ្លូវដែកដូចជា Beijing-Shanghai High-speed Railway ផ្លូវដែក Beijing-Tianjin Intercity Railway និងផ្លូវដែក Beijing-Zhangjiakou High-speed Railway ជាដើម។
លោក Nie Yunfeng មកពីក្រុមហ៊ុន Beijng Group បានលើកឡើងថា “ការដំឡើងកម្រិតល្បឿនរថភ្លើងនេះនឹងជួយបម្រើដល់សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមបានកាន់តែល្អប្រសើរជាងមុន”៕ Xinhua៕