ស៊ុន ចាន់ថុល៖ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C តម្លៃ ១៣០លានដុល្លារ អាចនឹងសម្រេចមុនផែនការ

ដោយ វឌ្ឍនា

ភ្នំពេញ ៖ ផ្លូវជាតិលេខ៧១C ដែលតភ្ជាប់ពីផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដល់ផ្លូវជាតិលេខ៧១ ស្រុកចំការលើខេត្តកំពង់ចាម ប្រវែង១១៥គីឡូម៉ែត្រ ត្រូវបានប្រើប្រាស់ថវិកាសាងសង់ប្រមាណ១៣០លានដុល្លារអាមេរិក នឹងគ្រោងបញ្ចប់នៅខែតុលាឆ្នាំ២០២៤ខាងមុខ ។

យ៉ាងណាក្ដីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោកស៊ុន ចាន់ថុល រំពឹងផ្លូវនេះនឹងសាងសង់រួចមុនកាលកំណត់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មានប្រសាសន៍នៅក្នុងឱកាសចុះពិនិត្យសកម្មភាពសាងសង់នៅថ្ងៃទី២០ មិថុនា ២០២២ លោកស៊ុនចាន់ថុលបានឱ្យដឹងថា តាមរយៈសកម្មភាពសាងសង់របស់ក្រុមហ៊ុនចិន លើគម្រោងផ្លូវជាតិលេខ៧១C លោកជឿជាក់ថាក្រុមហ៊ុននេះ នឹងធ្វើឱ្យចប់មុនកាលកំណត់គឺខែតុលា២០២៤ ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុនសាងសង់សម្រេចបានប្រមាណ៣៧ភាគរយហើយ ខណៈការប្រើប្រាស់ពេលវេលាក្នុងការសាងសង់ប្រមាណ៣៥ភាគរយផងដែរ ដូច្នេះទាំងពេលវេលានិងការងារដែលបានធ្វើគឺប្រហាក់ប្រហែលគ្នា ។

លោកបន្តថា ស្របពេលនឹងការងារសាងសង់នេះដែរ យើងក៏បានតាមដានលើការងារនេះជាប្រចាំ តាំងពីការបុកគ្រឹះ រហូតដល់ចាក់កៅស៊ូ មិនមែនទាល់តែចាក់កៅស៊ូហើយ ទើបយើងទៅតាមដាននិងពិនិត្យ ហើយបើសិនជាមិនពេញចិត្តតម្រូវឱ្យបុកគ្រឹះជាថ្មីនឹងខាតពេលវេលាកាន់តែច្រើន ។

លោកបន្ថែមថា កំណាត់ផ្លូវជាតិ៧១Cនេះដែរក៏មានកន្លែងដែលត្រូវរងគ្រោះដោយសារទឹកជំនន់ដែរ ដូច្នេះ យើងក៏បានគិតគូរធ្វើឱ្យយ៉ាងណាលើកកម្ពស់ផ្លូវឱ្យរួចផុតពីទឹក និងបានសង់ស្ពានដើម្បីបង្ហូរទឹក ពីព្រោះនៅតំបន់ខ្លះទឹកបុកមកខ្លាំងបើមិនធ្វើឱ្យបានត្រឹមត្រូវទេនោះ វានឹងឆាប់ខូចខាតហើយត្រូវជួសជុលនិងធ្វើជាថ្មី ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងប្រាប់ឱ្យរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនឱ្យសិក្សាលើការសងនិងពង្រីកផ្លូវធំៗតភ្ជាប់ពីបណ្ដាខេត្តនានាទៅកាន់តំបន់ច្រកព្រំដែនអន្តរជាតិកម្ពុជា វៀតណាម ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញចេញចូលប្រទេស ជម្រុញដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងវៀតណាម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here