រដ្ឋាភិនាលអនុម័តគម្រោងវិនិយោគនានាក្នុងខេត្តកំពង់ស្ពឺ ២០គម្រោង មានទឹកប្រាក់ជាង ១៥០លានដុល្លារ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងឆ្នាំ ២០២២នេះ កម្ពុជាចាប់ផ្ដើមទទួលបានការវិនិយោគឡើងវិញជាបន្តបន្ទាប់ ដែលធ្វើឱ្យស្ថានភាព សេដ្ឋកិច្ចពាណិជ្ជកម្មរបស់កម្ពុជាចាប់ផ្ដើមរើបៗឡើងវិញបន្តបន្ទាប់ដែរ។

ជាក់ស្ដែងតាមការប្រកាស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយបន្តបន្ទាប់ឃើញថា មានគម្រោងជាច្រើនបានអនុម័តឱ្យវិនិយោគ ក្នុងនោះដែរ ខេត្តកំពង់ស្ពឺទទួលបានគម្រោងចំនួន២០គម្រោង មានទឹកប្រាក់វិនិយោកជាង១៥០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ។

យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបូកសរុបដោយ Property Area បានបង្ហាញថាគម្រោងវិនិយោគទាំង២០ គម្រោងក្នុងរយៈពេលជាង៥ខែក្នុងឆ្នាំ២០២២ ភាគច្រើនគឺជាគម្រោងវិនិយោគទៅលើរោងចក្រឧស្សាហកម្ម ខណៈខេត្តមួយនេះទាក់ទាញខ្លាំង លើរោងចក្រឧស្សាហកម្មនេះផងដែរ ។

ថ្មីៗនេះដែរគម្រោង២ ដែលចាត់ទុកជាគម្រោង ដែលមានទឹកប្រាក់ច្រើនជាងគេ នៅក្នុងខេត្តកំពង់ស្ពឺ គឺគម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុង នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺមានទឹកប្រាក់៥០,៧លានដុល្លារអាមេរិក និងបង្កើតការងារបានជាង១៥០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងមួយទៀត ដែលមានទឹកប្រាក់ច្រើនដែរនោះ គឺគម្រោងរោងចក្រដំឡើងរថយន្ត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺមានទុនវិនិយោគ១៥,៦លានដុល្លារអាមេរិក ព្រមទាំងបង្កើតការងារបានជាង៧៣០នាក់ ។

លោកប៊ូ សេងហូប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានលើកឡើងថា កំណើននៃរោងចក្រឧស្សា​ហកម្មនៅក្នុងខេត្តកំពង់ស្ពឺ បានជំរុញឱ្យតម្រូវការដីធ្លីក្នុងខេត្តនេះ កាន់តែច្រើន និងបានជំរុញឱ្យតម្លៃដីធ្លីនៅកំពង់ស្ពឺ មានកំណើនមួយកម្រិតទៀតផងដែរ ។

លោកបន្តថា តំបន់ដែលមើលឃើញថា មានការចាប់អារម្មណ៍វិនិយោគច្រើននៅតំបន់នេះ មាននៅតាមបណ្ដោយផ្លូវ៥១ និងផ្លូវ៤២ ហើយ ថ្មីៗនេះដែរ ក៏មានក្រុមហ៊ុនជាច្រើន មកបណ្ដាក់ទុនវិនិយោគសង់រោងចក្រ សង់ឃ្លាំងសម្រាប់ និងដំណើរការរោងចក្រ ។

អ្នកជំនាញអចលនទ្រព្យមើលឃើញថា ខេត្តកំពង់ស្ពឺ ជាខេត្តដែលទាក់ទាញ ការវិនិយោគលើឧស្សាហកម្មខ្លាំងជាង គេក្នុងចំណោមខេត្តផ្សេងៗ ដោយសារតែតំបន់នេះងាយស្រួល ក្នុងការដឹកជញ្ជូនទៅកំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ និងតំបន់ព្រំដែនកម្ពុជាថៃផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here