ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ក្រុមអ្នកជំនាញបានអះអាងថា តម្រូវការលំនៅដ្ឋានតម្លៃទាប និងមធ្យមនៅតែមានកំនើនតម្រូវការក្នុងទីផ្សារ ដោយសារហេតុផលមួយចំនួន។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីសប្តាហ៍មុនថា ដោយសារប្រជាពលរដ្ឋកម្ពុជាមានភាពវ៏យក្មេងច្រើន ដែលអ្នកមានអាយុ៤៤ឆ្នាំចុះមានប្រមាណ១១លាននាក់ បានធ្វើឲ្យវិស័យអចលនទ្រព្យមានភាពរីកចម្រើនលឿន។
លោកបន្តថា “ការមានប្រជាពលរដ្ឋវ័យក្មេងច្រើន ពិតជាជួយធ្វើឲ្យវិស័យនេះនៅតែមានភាពរ៉ឹងមាំ ដោយសារពួកគាត់ត្រូវមានផ្ទះសម្បែងច្រើន ពួកគាត់ទើបរៀបការ ត្រូវការលំនៅដ្ឋានបន្ទាប់ពីបែកពីគ្រួសារ”។លោកបន្តថា “ដោយសារប្រជាជនមានជីវភាពមធ្យមច្រើន ទើបកំណើនលំនៅដ្ឋានតម្លៃមធ្យមនៅតែមានទីផ្សារ”។
វិស័យអចលនទ្រព្យត្រូវបានព្យាករថា នឹងបន្តងើបឡើងក្នុងអត្រា2,1ភាគរយនៅឆ្នាំនេះ និងកើនដល់៥,២ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញ នៃសកម្មភាពទិញ-លក់ និងជួលអចលនទ្រព្យថ្លៃខ្ពស់ ខុនដូ និងអាផាតម៉ិន ស្របពេលការវិនិយោគ និងតម្រូវការក្នុងស្រុកលើអចលនទ្រព្យ ផ្នែកលំនៅឋានតម្លៃទាប និងមធ្យម ត្រូវបានរំពឹងទុកដែរថា បន្តរក្សាកំណើនល្អ។
នេះបើតាមសារាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុបានលើកឡើងថា វិស័យអចលនទ្រព្យកម្ពុជា ចាប់ផ្តើមងើបឡើងវិញតាំងពីដើមឆ្នាំ ២០២២ ជាពិសេសគឺការរីកចម្រើន ផ្នែកសាងសង់លំនៅឋាន បុរី(ផ្ទះល្វែង) និងដី នៅតំបន់ជាយក្រុង។
វិស័យសំណង់ ក៏ត្រូវបានព្យាករថា នឹងបន្តងើបឡើងវិញក្នុងអត្រា៧.២ភាគរយក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញ នៃរំហូរវិនិយោគទុនពីបរទេស សម្រាប់សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម៕