ដីធ្លីនៅក្នុងស្រុកចំនួន៣ ក្នុងខេត្តពោធិ៍សាត់ កំពុងមានសកម្មភាពទិញលក់ច្រើនគួរឱ្យកត់សម្គាល់

ដោយៈ សុផារី

ពោធិ៍សាត់ៈ ក្រៅពីភាពល្បីល្បាញផ្នែកចម្លាក់ និងទេសចរណ៍ បច្ចុប្ប​ន្ននេះ ខេត្តពោធិ៍សាត់កំពុងក្លាយតំបន់លេចធ្លោជាងមុន សម្រាប់គម្រោងវិនិយោគខ្នាតធំ និងទីផ្សារអចលនទ្រព្យ។


ខណៈផ្លូវជាតិតភ្ជាប់ទៅទិសដៅសំខាន់ៗ ត្រូវបានសាងសង់ និងត្រូវបានក្រុមហ៊ុនរថយន្តធំមួយ បានជ្រើសរើសខេត្តនេះ ជាទីតាំងយុទ្ធសាស្រ្ត ដើម្បីបង្កើតរោងចក្រតម្លើងរថយន្ត ដីធ្លីនៅក្នុងស្រុកចំនួន៣កំពុងមានតម្រូវការខ្ពស់ ក្នុងការទិញលក់ច្រើនជាងគេ។

លោកប៊ឹក ពោធិ៍ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចំាខេត្តពោធិ៍សាត់ បានមានប្រសាសន៍ប្រាប់គេហទំព័រPropertyarea.asiaនាព្រឹកថ្ងៃទី១៤ មិថុនានេះថា បន្ទាប់ពីមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា ផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ រួមជាមួយផែនការរដ្ឋាភិបាល ក្នុងការបើកច្រកព្រំដែនថ្មដា ដើម្បីតភ្ជាប់ខេត្តពោធិ៍សាត់ទៅខេត្តត្រាតប្រទេសថៃ ដើម្បីសម្រួលពាណិជ្ជកម្ម ខេត្តពោធិ៍សាត់កំពុងក្លាយជាទីតាំង កាន់តែមានសក្តានុពល ទាំងសម្រាប់ការវិនិយោគជារោងចក្រឧស្សាហកម្ម គម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យ។

យោងតាមអ្នកជំនាញរូបនេះបានឱ្យដឹងថា ស្រុកចំនួនបី ក្នុងខេត្តជាប់ព្រំដែនមួយនេះ ទទួលបានការវិនិយោគដីធ្លី ទៅជាតំបន់អភិវឌ្ឍន៍នានា។ ក្នុងនោះ ស្រុកក្រគរមានសន្ទុះគួរសម លើការវិនិយោគដីធ្លីសម្រាប់ឧស្សា​ហកម្ម ជាពិសេសរោងចក្រ RMA តម្លើងរថយន្ត Ford ព្រមទាំងរោងចក្រកាត់ដេរ ដែលជំរុញការប្រើប្រាស់ដីធ្លីកាន់តែច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាពិសេស បន្ទាប់ពីវត្តមាន នៃគម្រោងបង្កើតរោងចក្ររថយន្តធំ ដែលមានទីតាំងលើផ្ទៃដីទំហំជាង៤ហិកតា ស្ថិតនៅស្រុកក្រគរនេះ គឺបានជួយលើកមុខមាត់ដល់ខេត្តទាំងមូល ក៏ដូចជាប្រទេសកម្ពុជាផងដែរ។

ក្រៅពីស្រុកក្រគរ ស្រុកវាលវែង នៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ក៏មានតម្រូវការច្រើនលើប្រើប្រាស់ដីធ្លី សម្រាប់គម្រោងអភិវឌ្ឍន៍ផ្ទះលំហែរ រីសត និងផ្ទះសំណាក់ច្រើនផងដែរ ដោយសារតំបន់មួយនេះ មានតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុត ដូចជា តំបន់ភ្នំ១៥០០ និងតំបន់ថ្មដា ដែលទាក់ទាញបាននូវទេសចរច្រើន សន្ធឹកសន្ធាប់ក្នុងមួយសប្តាហ៍ៗ។

ខេត្តពោធិសាត់ មានហេដ្ឋារចនាសម្ព័ន្ឋខ្វាត់ខ្វែង និងបានផ្តល់ភាពងាយស្រួល ក្នុងការដឹកជញ្ជូនផលិតផលមកភ្នំពេញ ឬទៅតាមបណ្តាខេត្តផ្សេងៗដូចជាសៀមរាប បាត់ដំបងជាដើម ដែលធ្វើឱ្យស្រុកមួយទៀតក៏ទទួលបានការចាប់អារម្មណ៍ខ្ពស់ផងដែរ គឺស្រុកបាកាន ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលជាផ្លូវអាស៊ាន។

លោកបញ្ជាក់ថា “នៅតាមមួយជួរផ្លូវជាតិលេខ៥ កំណើនប្រជាជនទិញភាគច្រើន ទៅធ្វើកន្លែងស្នាក់នៅ និងរកស៊ីនៅទីនេះតែម្តង ដោយសារគេឃើញថា វាជាផ្លូវអាស៊ាន មានសក្តានុពលខ្ពស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here