ដោយៈ លាងហួរ
អន្តរជាតិៈ យោងតាមទិន្នន័យពីក្រុមហ៊ុនJLLបានបង្ហាញថា ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម នៅតំបន់អាស៊ីប៉ាស៊ីហ្វិកឈានដល់២៩២ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ដែលជាកម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា។
តួលេខនៃការវិនិយោគប្រចាំត្រីមាស បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងការវិនិយោគទៅលើវិស័យអចលនទ្រព្យ ដូចជា សណ្ឋាគារ និង ការិយាល័យ ខណៈដែលមានភស្តុតាងយ៉ាងច្បាស់ ដែលបញ្ជាក់ថាវិនិយោគិនមានទំនុកចិត្តឡើងវិញ ក្នុងការបោះទុនវិនិយោគលើអចលនទ្រព្យ។
ខណៈពេលដែលទំនុកចិត្តរបស់វិនិយោគិន ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យមានភាពប្រសើរឡើងវិញក៏ដោយ វិនិយោគិនៅតែមានក្តីបារម្ភអំពីបញ្ហា ភូមិសាស្ត្រនយោបាយ អតិផរណា និងការកើនឡើងអត្រាការប្រាក់ ដែលធ្វើអោយទីផ្សារអចលទ្រព្យមានភាពមិនច្បាស់លាស់។
ការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុ បានរំខានដល់ការរាំងស្ទះផ្នែកដឹកជញ្ជូន ពាណិជ្ជកម្ម និងកង្វះកម្លាំងពលកម្ម ក៏ដូចជាការខ្វះខាតតម្រូវការ។ វិនិយោគិនបានជំរុញការវិនិយោគ ក្នុងទីផ្សារការិយាល័យ ក្នុងចំនួនទឹកប្រាក់៨១ពាន់លានដុល្លារអាមេរិក ដែលវិនិយោគទូទាំងពិភពលោកនៅក្នុងត្រីមាសទីមួយ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៧។
យោងតាមក្រុមហ៊ុនអចលទ្រព្យ JLL បានឱ្យដឹងថា ទំហំវិនិយោគលក់រាយទូទាំងពិភពលោក មានចំនួន៣៨ពាន់លានដុល្លារ ពោលគឺជិតពីរដងធៀបនឹងឆ្នាំមុន ខណៈដែលការវិនិយោគលើសណ្ឋាគារ ឈានដល់១៦ពាន់លានដុល្លារ កើនឡើង១២៧% ក្នុងរយៈពេលដូចគ្នានេះ៕