ទីភ្នាក់ងារអាមេរិក Fitch Ratings សម្រេចដកចេញវិញនូវការវាយតម្លៃគុណភាពឥណទានលើក្រុមហ៊ុនអភិវឌ្ឍន៍ចិន Evergrande

ដោយៈសុខុម

ហុងកុង: ទីភ្នាក់ងារអាមេរិក Fitch Ratings បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ថា ខ្លួនបានសម្រេចដកចេញវិញហើយ នូវការវាយតម្លៃរបស់ខ្លួន លើគុណភាពឥណទាន របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន China Evergrande Group និងបុត្រសម្ព័ន្ធចំនួន២របស់ក្រុមហ៊ុននេះដោយសារក្រុមហ៊ុនទាំងនេះ បានឈប់ចូលរួមក្នុងដំណើរការនេះ។

ទីភ្នាក់ងារវាយតម្លៃតុណភាពឥណទានមួយនេះ ​កាលពីខែធ្នូ ចុងឆ្នាំ២០២១ បាននិយាយថា ក្រុមហ៊ុន Evergrande និងបុត្រសម្ព័ន្ធ២របស់ក្រុមហ៊ុននេះរួមមានក្រុមហ៊ុន Hengda Real Estate Group Co Ltd និងក្រុមហ៊ុន Tianji Holding Ltd បានខកខានទូទាត់ថ្លៃមូលបត្របំណុលរបស់ខ្លួននៅបរទេស។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ទីភ្នាក់ងារ Fitch Ratings បាននិយាយថា ខ្លួនលែងមានព័ត៌មានគ្រប់គ្រាន់ ដើម្បីរក្សាការវាយតម្លៃគុណភាពឥណទាន លើក្រុមហ៊ុន Evergrande និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននេះទៀតហើយ។

Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលជំពាក់បំណុលគេបំផុតរបស់ពិភពលោក ជាមួយនឹងបំណុលរហូត ដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីភ្នាក់ងារ Fitch Ratings និយាយថា “យោងតាមស្ថានភាពនេះ Fitch លែងផ្តល់ការវាយតម្លៃគុណភាពឥណទាន ឬធ្វើការវិភាគសម្រាប់ក្រុមហ៊ុន Evergrande និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននេះទៀតហើយ”។

ក្រុមហ៊ុន Evergrande ដែលកំពុងត្រដាបត្រដួស ក្នុងការទូទាត់សងអ្នកផ្គត់ផ្គង់ និងការបញ្ចប់គម្រោងរបស់ខ្លួន បានក្លាយជាក្រុមហ៊ុនដែលបង្កឱ្យផ្ទុះវិបត្តិវិស័យអចលនទ្រព្យក្នុងប្រទេសចិន នៅពេលក្រុមហ៊ុននេះខកខានទូទាត់សងមូលបត្របំណុលរបស់ខ្លួន នៅបរទេសជាបន្តបន្ទាប់៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here