លោក ពៅ លីដា ផ្តើមជីវិតពីកូនកសិករក្លាយជាសហគ្រិនវ័យក្មេងលើ វិស័យអចលនទ្រព្យជោគជ័យមួយរូប

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ផ្តើមជីវិតពីកូនកសិករមួយរូប នៅព្រំដែនកម្ពុជា វៀតណាម មុនពេលចូលមករស់នៅ ក្នុងរាជធានីភ្នំពេញទាំងវ័យក្មេង លោក ពៅ លីដា បានតស៊ូរៀនសូត្រ រហូតក្លាយជាសហគ្រិនមួយរូប ទទួលបានជោគជ័យក្នុងវិស័យអចលនទ្រព្យ។

ចាប់កំណើតនៅស្រុកគិរីវង្ស ខេត្តតាកែវ លោកពៅ លីដា ជាកូនច្បង ក្នុងចំណោមបងប្អូន៥នាក់។ លោកបានចូលសិក្សានៅសាលាបឋមសិក្សាសុភមង្គល មុនបន្តមកកាន់អនុ និងវិទ្យាល័យសម្តេចតេជោភ្នំពេញថ្មី ហើយបន្តសិក្សាថ្នាក់បរិញ្ញាប័ត្រ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

អតីតសិស្សពូកែ
ជាកុមារ និងយុវជនមួយរូប ដែលស្រលាញ់ចូលចិត្តការសិក្សា និងអភិវឌ្ឍន៍ខ្លួនឯង លោកតែងតែជាប់ឈ្មោះជាសិស្សពូកែ ប្រចាំសាលាតាំងពីកម្រិតបឋមសិក្សា រហូតដល់មហាវិទ្យាល័យ។

លោកបានមានប្រសាសន៍ថា “ខ្ញុំជាប់ជាសិស្សពូកែចំណាត់ថ្នាក់លេខ១ ដល់លេខ៥ជាប្រចាំ នៅពេលសិក្សានៅសាលាបឋមសិក្សា និងរហូតដល់កម្រិតមហាវិទ្យាល័យ ព្រោះការសិក្សាជាមូលដ្ឋានមិនអាចខ្វះបាន និងមានសារៈសំខាន់បំផុតសម្រាប់ជីវិតរបស់ខ្ញុំ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការអភិវឌ្ឍខ្លួនឯង
ការចាប់យកឱកាស និងបង្កើតឱកាសសម្រាប់ខ្លួនឯង មានសារៈសំខា​ន់ណាស់សំរាប់មនុស្សម្នាក់ៗ តែឱកាសមិនចេះតែមាននោះទេ ប៉ុន្តែការសិក្សា និងធ្វើការបណ្តើរ និងធ្វើឲ្យជីវិតមានភាពរ៉ឹងមាំ និងគុណតម្លៃ។

ដោយសារខ្លួនឯង ត្រូវទទួលខុសត្រូវលើគ្រួសារ ក្នុងនាមជាកូនច្បង បានធ្វើឲ្យលោក តែងតែគិតពីការអភិវឌ្ឈខ្លួនជាប្រចាំ និងឆ្លៀតធ្វើការជាបុគ្គលិកផ្នែកទីផ្សារនៅសាលាឯកជនមួយ មុនពេលលោកផ្លាស់ប្តូរការងារក្លាយជាអ្នកលក់ផលិតផលថែររក្សាសុខភាព និងប្រឡូកក្នុងក្រុមហ៊ុនលក់ផ្សេងទៀត។

ជាមួយគ្នានេះ លោកក៏ធ្លាប់ធ្វើការងារនៅរោងចក្រ បើកហាងអាហារដោយខ្លួនឯង និងចាប់ផ្តើមប្រឡូក ក្នុងវិស័យអចលនទ្រព្យនៅឆ្នាំ២០១៦ បន្ទាប់ពីលោកមើលឃើញថា វិស័យនេះជាវិស័យដែលលោកស្រលាញ់ចូលចិត្ត និងអាចមានលទ្ឋភាពផ្តល់ការងារដល់យុវជនច្រើន។

ការចេញក្រៅប្រទេសញឹកញាប់ ជាមូលដ្ឋាននៃការក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ បានធ្វើឲ្យគុណភាពនៃការគិត និងគុណភាពជីវិតរបស់លោក ពៅ លីដា កាន់តែមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ជាក់ស្តែងបច្ចុប្បន្ននេះ លោកបានបង្កើតក្រុមហ៊ុនពីរនៅក្នុងដៃ និងមានភាគហ៊ុនមួយចំនួនទៀតជាមួយដៃគូរ និងទទួលបានតួនាទីជាអនុប្រ​ធានសមាគមអ្នកអភិវឌ្ឍដីឡូត៍កម្ពុជា និងជាសមាជិកទីប្រឹក្សាសភាពាណិ​ជ្ជកម្មក្នុងខេត្តកំពង់ស្ពឺ ហើយកាលពីបីឆ្នាំមុនលោកក៏ជា ប្រធានBNI Chapter មួយផងដែរ។

អ្វីជាមូលដ្ឋាននៃការឈានឡើង?
ការឈានឡើងរបស់បុគ្គលជោគជ័យ ឬសហគ្រិនជោគជ័យលើមុខជំនួញនានា តែងតែមានភាពខុសគ្នា អាស្រ័យលើពេលវេលា កាលៈទេសៈ និងមូលដ្ឋានគ្រួសាររបស់ខ្លួន។

ដូចគ្នានេះដែរ លោក ពៅ លីដា បានឈានពីកូនកសិករ ពីបុគ្គលិកទីផ្សារសាមញ្ញមួយរូប និងពីបុគ្គលិកផ្នែកលក់អចលនទ្រព្យឲ្យគេរយៈពេលពីរឆ្នាំ មុនពេលក្លាយជាអ្នកអភិវឌ្ឍន៍៍ អចលនទ្រព្យដោយខ្លួនឯង គឺលោកបានប្រើប្រាស់នូវមូលដ្ឋានជាច្រើន ដើម្បីឈានឡើង ប៉ុន្តែចំណេះដឹង និងមូល ដ្ឋានទំនាក់ទំនង ជាអ្វីដែលលោកបានផ្តល់អាទិភាពក្នុងជីវិត។

លោកបានមានប្រសាសន៍ថា “កត្តាសំខាន់ដើម្បីឈានឡើង គឺការរៀនសូត្រជាប្រចាំ ដែលខ្ញុំបាននិងកំពុងបន្តរៀនសូត្រ មិនដែលបោះបង់នោះទេ ទាំងការអានសៀវភៅ ស្តាប់ ចូលរួមវគ្គបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស”។

លោកបន្តថា “ជាមួយគ្នានេះ ការទំនាក់ទំនងល្អក្នុងសង្គម ក៏ជាផ្នែកមួយដែលមិនអាចខ្វះបាន និងខ្ញុំបានផ្តល់អាទិភាពទៅលើវាជាប្រចាំ ព្រោះពេលយើងមានទំនាក់ទំនងល្អ ជាមួយមនុស្សជាច្រើន យើងអាចរៀនសូត្របានច្រើន និងអាចកសាងបណ្តាញជំនួញបានដោយជោគជ័យ”។

ជាមួយនឹងការកសាងបណ្តាញ និងទំនាក់ទំនងល្អបែបនេះហើយ ទើបលោកបានកសាងឱកាស បង្កើតជំនួញជាមួយដៃគូលើគំរោងជាច្រើនទៀតផងដែរ។

មូលដ្ឋានជំនួញទទួលបានជោគជ័យ លោកពៅ លីដា ក៏ទទួលបានជោគជ័យ និងសុភមង្គលក្នុងគ្រួសារផងដែរ ដោយលោកបានរៀបការជាមួយអ្នកស្រីស្វាយ កូលាប និងទទួលបានកូនស្រីចំនួន២នាក់ជាចំណងអាពាហ៍ពិពាហ៍ផងដែរ។

ជាអ្វីគួរឲ្យអបអរសាទរមួយទៀត សម្រាប់លោកពៅ លីដា គឺនៅថ្ងៃទី៣០ ឧសភាកន្លងមកនេះ លោក ត្រូវបានគណៈសង្ឃពុទ្ធសាសនា និកាយធម្មយុត្តិ នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជា“ទីប្រឹក្សាផ្ទាល់”សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិតិ្តឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះ​ប្រធានគណៈសង្ឃនាយក និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជាបញ្ញត្តិគោរម្យ៍ងារ ធម្មចន្ទ្រាជារាមេឃមហាឧបា​សកពុទ្ធសាសនូបត្ថម្ភក៍ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here