ឱកាសការងារសំខាន់ៗទាំង៧ កើតចេញពីវិស័យអចលនទ្រព្យ

ដោយ ណេត

ភ្នំពេញ ៖ និយាយពីវិស័យអចលនទ្រព្យ គឺទូលំទូលាយណាស់ សម្រាប់ទីផ្សារនិងការងារ ហើយវិស័យនេះដែរ បានផ្ដល់ឱកាសការងារច្រើនទៅដល់ប្រជាពលរដ្ឋសិស្សនិស្សិត ដែលទើបបញ្ចប់ការសិក្សា ។ នៅថ្ងៃនេះយើងនឹងលើកយកនូវឱកាសការងារចំនួន៧ដែលកើតចេញពីវិស័យអចលនទ្រព្យ ដូច្នេះបើសិនជាវិស័យអចលនទ្រព្យរីកចម្រើន ការងារទាំង៧ប្រភេទនោះនឹងរីកចម្រើនដូចគ្នាផងដែរ ។

១. ស្ថាបត្យករ ៖ មិនថាគម្រោងសំណង់អគារ ផ្ទះ ឬហេដ្ឋារចនាសម្ព័ន្ធនីមួយៗសុទ្ធតែត្រូវការជំនាញរបស់ស្ថាបត្យករដើម្បីរចនាប្លង់ទៅតាមកម្រិតស្ដង់ដារ និងចេញម៉ូតសំណង់គំរូ។ ស្ថាបត្យករសិក្សាស្វែងយល់លម្អិតពីគម្រោង វត្ថុធាតុប្រើប្រាស់បានយូរ មុខងារ និងការបំពេញតម្រូវការរបស់អតិថិជន ដែលធានាបានទាំងគុណភាព និងសុវត្ថិភាពសំណង់។ ជាទូទៅ ស្ថាបត្យករចូលរួមគ្រប់ដំណាក់កាលនៃគម្រោងសាងសង់នីមួយៗ ដោយពួកគេធ្វើកិច្ចការនេះជាមួយអ្នកជំនាញផ្សេងទៀត ដើម្បីប្រាកដថាគម្រោងរបស់ពួកគេទទួលបានជោគជ័យ។

២. វិស្វករសំណង់ស៊ីវិល៖ មានវិស័យជាច្រើនដែលត្រូវការវិស្វករដូចជា ខាងអគ្គិសនី ខាងបរិស្ថានជាដើម ចំណែកឯវិស្វករក្នុងវិស័យសំណង់ គេឱ្យ នាមថា វិស្វករសំណង់ស៊ីវិល។ វិស្វករសំណង់ស៊ីវិលមានតួនាទីមើលការខុសត្រូវ និងត្រួតពិនិត្យគម្រោង រួមទាំងរៀបចំផែនការសាងសង់ ការថែទាំជួសជុល និងការគ្រប់គ្រងកម្មករ។ល។ ពួកគេត្រូវធានានូវសុវត្ថិភាព ស្ដង់ដារសំណង់ ការសាងសង់ស្របតាមផែនការ តាមពេលកំណត់ និងលក្ខណៈជាក់លាក់។

៣. ភ្នាក់ងារអចលនទ្រព្យ៖ ភ្នាក់ងារអចលនទ្រព្យមានតួនាទីណែនាំ និងប្រឹក្សាដល់អតិថិជនក្នុងការទិញ ឬលក់អចលនទ្រព្យ។ ក្នុងប្រទេសមួយចំនួន ភ្នាក់ងារអចលនទ្រព្យចាំបាច់ត្រូវមានអាជ្ញាប័ណ្ណទើបអាចធ្វើការបាន។ ភ្នាក់ងារអចលនទ្រព្យភាគច្រើនបម្រើការជាភ្នាក់ងារផ្នែកលក់នៅតាមក្រុមហ៊ុនអចលនទ្រព្យ ឬម្ចាស់គម្រោងដែលសាងសង់អគារ ផ្ទះ ឬបុរីលក់ជាដើម។ ជាទូទៅភ្នាក់ងារអចលនទ្រព្យទទួលបានប្រាក់ចំណូលតាមរយៈប្រាក់កម្រៃជើងសារ (Commission)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៤. ឈ្មួញកណ្ដាលអចលនទ្រព្យ ៖ ការងាររបស់ឈ្មួញកណ្ដាលអចលនទ្រព្យមិនខុសប្លែកគ្នាពីភ្នាក់ងារអចលនទ្រព្យច្រើនទេគឺ ពួកគេណែនាំ និងផ្តល់ព័ត៌មានដល់អតិថិជនក្នុងការទិញ ឬលក់អចលនទ្រព្យ។ នៅប្រទេសកម្ពុជា ឈ្មួញកណ្ដាលអចលនទ្រព្យច្រើនតែធ្វើការដោយឯករាជ្យ និងមិនស្ថិតនៅក្រោមក្រុមហ៊ុនទិញ លក់ ជួល ឬម្ចាស់អចលនទ្រព្យណាមួយទេ។ ដោយឡែកនៅប្រទេសជឿនលឿនមួយចំនួនដូចជាសហរដ្ឋអាមេរិក ឈ្មួញកណ្ដាលអចលនទ្រព្យត្រូវទទួលបានការបណ្ដុះបណ្ដាលពីផ្នែកអចលនទ្រព្យនិងមានអាជ្ញាប័ណ្ណច្បាស់លាស់ជាមុនសិន ទើបអនុញ្ញាតឲ្យពួកគេធ្វើការដោយឯករាជ្យបាន។

៥.មេធាវីផ្នែកអចលនទ្រព្យ ៖មេធាវីផ្នែកអចលទ្រព្យទទួល រៀបចំ ត្រួតពិនិត្យ ប្រឹក្សាផ្តល់យោបល់ សម្របសម្រួលឯកសារតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងការទិញឬលក់អចលនទ្រព្យ ដូចជា កិច្ចព្រមព្រៀងទិញលក់ ឯកសារបញ្ចាំ ឯកសារកម្មសិទ្ធិឬឯកសារផ្ទេរសិទ្ធិ ។ មុននឹងទិញ លក់ ឬផ្ទេរកម្មសិទ្ធិអចលនទ្រព្យបានសម្រេច ពួកគេត្រូវធានាថា កាតព្វកិច្ចទាំងអស់របស់ភាគីមួយៗត្រូវបានបំពេញតួយ៉ាងដូចជា ការបង់ពន្ធជាដើម។ ក្នុងករណីមានទំនាស់រវាងអ្នកលក់និងអ្នកទិញ ភាគីទាំងសងខាងអាចជួលមេធាវីធ្វើជាអ្នកតំណាង ដើម្បីសម្របសម្រួលតាមផ្លូវច្បាប់ និងឈានរកដំណោះស្រាយ។

៦. អ្នកគ្រប់គ្រងអចលនទ្រព្យ ៖ ការងារចំបងរបស់អ្នកគ្រប់គ្រងអចលនទ្រព្យមានដូចជារៀបចំ ការប្រមូលថ្លៃជួលទៅឱ្យម្ចាស់អចលនទ្រព្យ ដោះស្រាយបញ្ហានានាករណីមានការខូចខាត ត្រូវការជួសជុល និងធានានូវការថែទាំនៃអចលនទ្រព្យទាំងមូលផងដែរ។ ក្នុងនាមជាអ្នកគ្រប់គ្រងអចលនទ្រព្យ ក៏ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការឆ្លើយតបយឺតយ៉ាវនូវសំណើថែទាំ ដែលអាចបណ្ដាលឲ្យមានការខកចិត្តពីសំណាក់អ្នកទិញ ជួល ឬប្រើប្រាស់អចលនទ្រព្យនោះ ។

៧. អ្នករចនាដេគ័រអគារ ៖ អ្នករចនាខាងក្នុងមានតួនាទីរៀបចំ តុបតែង កែលម្អនូវបរិយាកាសខាងក្នុងសំណង់ ដើម្បីឱ្យ មានភាពទាក់ទាញ សោភ័ណភាពនិងភាពស្រស់ស្អាត តាមរយៈការប្រើប្រាស់ពណ៌ ភ្លើង គ្រឿងសង្ហារឹម និងសម្ភារៈផ្សេងៗទៅតាម ទំហំ និងទីតាំងអចលនទ្រព្យ តម្រូវការអ្នករស់នៅ និងតម្រូវការរបស់អតិថិជន។

ក្រៅពីការងារទាំងនេះនៅមានការងារជាច្រើនទៀត ដែលផ្ដល់ដោយវិស័យអចលនទ្រព្យ មានដូចជាកម្មករសំណង់ បុគ្គលិកតាមការិយាល័យ និងការងារបន្ទាប់បន្សំជាច្រើនដែលបានមកពីការរីកចម្រើននៃវិស័យអចលនទ្រព្យ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here