ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ទីផ្សារអាផាតម៉ិន នៅតែមានតម្រូវការខ្ពស់នៅឡើយ ទោះបីជាទីផ្សារនេះងាកពីការពឹងផ្អែកជនបរទេស មកកាន់ទីផ្សារសំរាប់អ្នកក្នុងស្រុកក្តី។
អគ្គនាយកក្រុមហ៊ុន Towncity Real Estate លោកវ៉ន ចាន់ថនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៤ ឧសភាថា តម្រូវការអាផាតម៉ិនជួលនៅតែមានភាពល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាតម្រូវការពីជនបរទេសមានកម្រិតក្តី ប៉ុន្តែតម្រូវការរបស់អ្នកក្នុងស្រុកបន្តកើនឡើង។
លោកបន្តថា “អត្រាប្រើប្រាស់រួមលើទីផ្សារអាផាតម៉ិន នៅតែមានកម្រិតខ្ពស់ បើទោះជាតម្លៃមិនកើនឡើងក្តី ប៉ុន្តែតម្រូវការឃើញមានភាពល្អប្រសើរ”។
យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodia កាលពីពេលថ្មីៗនេះបានបង្ហាញថា តម្លៃជួលអាផាតម៉ិនបានធ្លាក់ចុះ ក្នុងរង្វង់១០ទៅ១៥ភាគរយ ធៀបនឹងមុនពេលមានវិបត្តិកូវីដ១៩។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា អត្រាប្រើប្រាស់រួមក្នុងទីផ្សារអាផាតម៉ិនមានចន្លោះពី៦០ ទៅ៧០ភាគរយ ជាអត្រាធ្លាក់ចុះបន្តិច បើធៀបនឹងមុនពេលមានវិបត្តិកូវីដ១៩។
លោកបន្តថា “អាផាតម៉ិនលំដាប់A មានតម្លៃចន្លោះពី៧០០ទៅ១២០០ដុល្លារក្នុងមួយបន្ទប់គេង សម្រាប់តំបន់បឹងកេងកង១”។លោកបន្តថា ប៉ុន្តែអាផាតម៉ិនធម្មតាៗ ស្ថិតនៅតំបន់ទួលទំពូង និងតំបន់មិនសូវមានប្រជាប្រិយភាពដទៃទៀត មានតម្លៃចន្លោះត្រឹម៣០០ ទៅ៥០០ដុល្លារក្នុងមួយបន្ទប៉គេង”។
លោកច្រឹក សុខនីមបានបន្តថា ដោយសារវិបត្តិកូវីដ១៩ ទីផ្សារអាផាតម៉ិនងាកមកពឹងផ្អែក លើទីផ្សារជួលក្នុងស្រុកច្រើន ព្រោះជនបរទេសមិនសូវបានធ្វើដំណើរចូលមកកាន់កម្ពុជា៕