មហាយក្សចិនគ្រោងពង្រីកកំណែទម្រង់ពន្ធអចលនទ្រព្យសាកល្បង ដើម្បីបង្រួមគម្លាតរវាងអ្នកមាន និងអ្នកក្រ

ដោយ៖ សុខុម

 

ប៉េកាំង: យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ឱ្យដឹងថា ប្រទេសចិន គ្រោងពង្រីកកំណែទម្រង់ពន្ធអចលនទ្រព្យសាកល្បង ខណៈរដ្ឋាភិបាលក្រុងប៉េកាំង កំពុងរឹតបន្តឹងសកម្មភាពទិញអចលនទ្រព្យទុកលក់ចំណេញនៅក្នុងសេដ្ឋកិច្ចធំទី២ របស់ពិភពលោកមួយនេះ។

ទីផ្សារលំនៅដ្ឋានក្នុងប្រទេសចិន មានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោយកំណែទម្រង់សំខាន់ៗក្នុងឆ្នាំ១៩៩៨ បានធ្វើឱ្យសំណង់អគាររីកដូចផ្សិតទូទាំងប្រទេស នៅពីក្រោយនគរូបនីយកម្មយ៉ាងឆាប់រហ័ស។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៣ ខែឧសភា នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា នៅពេលតម្លៃអចលនទ្រព្យហក់ឡើងខ្ពស់យ៉ាងគំហុក ដែលពលរដ្ឋភាគច្រើនគ្មានលទ្ធភាពទិញ រដ្ឋាភិបាលចាប់ផ្ដើមមានការព្រួយបារម្ភអំពីគម្លាតកាន់តែឆ្ងាយ រវាងអ្នកមាន និងអ្នកក្រ និងលទ្ធភាព ដែលអាចឈានទៅដល់អស្ថិរភាពសង្គម។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ចិន Xinhua បានចុះផ្សាយថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជន ដែលជាស្ថាប័នកំពូលរបស់ប្រទេសចិន កាលពីថ្ងៃសៅរ៍ ទី២១ ខែឧសភា បានអនុម័តផែនការចុងក្រោយ ដើម្បីលើកកម្ពស់ “ការប្រើប្រាស់លំនៅដ្ឋានសមស្រប”។

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានបន្ថែមទៀតថា ក្រោមគម្រោងសាកល្បងរយៈពេល៥ឆ្នាំនេះ ពន្ធអចលនទ្រព្យនឹងត្រូវដាក់លើអចលនទ្រព្យគ្រប់ប្រភេទ ប៉ុន្តែផ្ទះមួយចំនួននៅតាមជនបទមិនត្រូវបានរាប់បញ្ចូលនោះឡើយ។

តាមការរំពឹងទុក ព័ត៌មានលម្អិតបន្ថែមអំពីគម្រោងសាកល្បងនេះដូចជាកាលបរិច្ឆេទចាប់ផ្តើម និងតំបន់គោលដៅជាដើមនឹងបញ្ចេញឱ្យដឹងនៅពេលក្រោយ។

ការប្រកាសនេះធ្វើឡើង ស្របពេលប្រធានាធិបតីចិន លោក ស៊ី ជីនភីង កំពុងជំរុញឱ្យមាន “ភាពសម្បូរសប្បាយទាំងអស់គ្នា” កាន់តែច្រើនឡើងនៅក្នុងប្រទេសចិន ក្នុងគោលបំណងជួយឱ្យប្រជាជនមានបានកាន់តែស្មើគ្នា កុំឱ្យមានគម្លាតឆ្ងាយពេករវាងអ្នកមាន និងអ្នកក្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here