ដោយ៖ វឌ្ឍនៈ និងសុផារី
ភ្នំពេញ ៖ រោងចក្រផលិតចំណីសត្វធំមួយ ក្រោមទុនវិនិយោគជាង១៥លានដុល្លារអាមេរិកមួយ កាលពីម្សិលមិញ បានប្រកាសដំណើរការជាផ្លូវការនៅក្នុងខេត្តកំពង់ស្ពឺ ដែលជំរុញឱ្យខេត្តសក្តានុពលលើរោងចក្រក្នុងវិស័យឧស្សាហកម្ម មួយនេះរឹតតែមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើតម្រូវការអចលនទ្រព្យ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនបានបង្ហាញថា ក្រុមហ៊ុនបានបណ្ដាក់ទុនវិនិយោគលើការសាងសង់រោងចក្រនេះចំនួន១៥លានដុល្លារអាមេរិក លើផ្ទៃដីប្រមាណជាង៧ពាន់ម៉ែត្រការ៉េ ដោយមានសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទបាន១៥ពាន់តោន/ខែ ដោយប្រើប្រាស់កម្លាំងកម្មករចំនួនជាង៥០នាក់ និងមានផែនការផលិតឱ្យបាន១៨ម៉ឺនតោនក្នុងមួយឆ្នាំ។
ក្រុមហ៊ុននេះឱ្យដឹងទៀតថា នឹងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ឱ្យអស់លទ្ធភាព រួមមានដំឡូងមី ចុងអង្ករ ពោតក្រហម កន្ទក់ ថ្មម៉ត់ កាកដូង កាកស្រាបៀ និងម្សៅឆ្អឹងសត្វ ។បច្ចេកទេសផលិតភាគច្រើនត្រូវបាននាំយកពីសហភាពអឺរ៉ុប ហើយថាមពល២០ភាគគឺទាញយកពីថាមពលពន្លឺព្រះអាទិត្យ។
លោក គឹម ចាន់រឹទ្ធី អគ្គនាយក ក្រុមហ៊ុន De Heus ដែលជាក្រុមហ៊ុនវិនិយោគរោងចក្រនេះឱ្យដឹងថា ទិសដៅអនាគត ក្រុមហ៊ុននឹងបង្កើតរោងចក្រមួយទៀតនៅខេត្តបាត់ដំបងដែលជាខេត្តផលិតវត្ថុធាតុដើមសំខាន់មួយក្នុងប្រទេសកម្ពុជា។ ដូច្នេះនៅពេលអនាគតកម្ពុជានឹងកាត់បន្ថយបាននូវការនាំចូលវត្ថុធាតុដើមពីខាងក្រៅមកបម្រើក្នុងវិស័យចិញ្ចឹមសត្វផងដែរ និងអាចជំរុញការផលិតក្នុងស្រុកកាន់តែច្រើននិងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសវិញ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលនេះពិតជាបានផ្តល់ឱកាសដ៏ល្អប្រសើរ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមជាមួយនឹងគោលនយោបាយដ៏ល្អប្រសើររបស់រាជ រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសល្អ បង្លលក្ខណ:អំណោយ ផលលើការវិនិយោគ។
លោករដ្ឋមន្ត្រីបន្តថា ការបង្កើតរោងចក្រផលិតចំណីសត្វនេះ គឺពិតជាឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានលើកឡើងថា ការកែលម្អនូវបរិយាកាសវិនិយោគ និងការធានានូវលក្ខខណ្ឌអំណាយផលសម្រាប់វិស័យឯកជន ក៏ដូចជាអំពាវនាវ គាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន គឺជាកាតព្វកិច្ចចាំបាច់របស់ក្រសួងដែលត្រូវសហការចូលរួមបំពេញតួនាទីដើម្បីលើកស្ទួយវិស័យផលិតកម្មចិញ្ចឹមសត្វ ធានាបានការផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុកក្នុងបរិបទកូវីដ-១៩ និងធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
លោក ប៊ូ សេងហួរ ប្រធានសាខានៃក្រុមហ៊ុន Century21 Zillion Holding បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពង់ស្ពឺទទួលបាននូវគម្រោងរោងចក្រជាច្រើនគម្រោង ដែលធ្វើឱ្យតម្រូវការដីធ្លីសម្រាប់សង់រោងចក្រ សហគ្រាសនៅក្នុងខេត្តនេះកាន់តែកើនឡើងជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះដែរ ក៏បានធ្វើឱ្យតម្លៃដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺ មានតម្លៃកើនឡើងជាហូរហែរផងដែរ។
លោកបន្តថា តំបន់ដែលមានការទាក់ទាញរោងចក្រសហគ្រាសវិនិយោគច្រើន រួមមាន តំបន់តាមបណ្ដោយផ្លូវ៤១ ផ្លូវ៥១ ផ្លូវជាតិលេខ៣ជាដើម ហើយកាន់តែទាក់ទាញថែមទៀតក្រោយផ្លូវជាតិសំខាន់ៗត្រូវបានសាងសង់និងស្ថាបនារួចរាល់៕