ខណ្ឌសែនសុខក្លាយជាតំបន់ដែលចាប់ផ្តើមវិនិយោគលំនៅឋានតម្លៃខ្ពស់ៗ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ខណ្ឌសែនសុខ កំពុងក្លាយបណ្តុំដោយគម្រោងបុរីលំនៅឋានដ៏លេចធ្លោមួយ ដែលមានចំណែកដល់ទៅជាង២០ភាគរយ នៃការផ្គត់ផ្គង់បុរីលំនៅឋានសរុបនៅរាជាធានីភ្នំពេញ គិតត្រឹមដំណាច់ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ស្រាវជ្រាវទីផ្សារអចលនទ្រព្យ។

អ្វីដែលពិសេសនោះ ក្នុងចំណោមបុរីទាំងនោះ ក៏មានតម្លៃចាប់ពីមធ្យមឡើងទៅផងដែរ។

បុរីលំនៅឋានកាន់តែច្រើនឡើង នឹងជំរុញឱ្យខណ្ឌសែនសុខ មានសកម្ម​ភាពពាណិជ្ជកម្មកាន់តែមមាញឹក ហើយតម្លៃអចលនទ្រព្យកាន់តែមានសក្តានុពលខ្ពស់សម្រាប់ម្ចាស់ទ្រព្យ និងអ្នកវិនិយោគនៅតំបន់នេះ។

យោងតាមរបាយការណ៍ចុងក្រោយមួយរបស់ក្រុមហ៊ុន Knight Frank បានបង្ហាញថា ការផ្គត់ផ្គង់បុរីលំនៅឋានក្នុងខណ្ឌសែនសុខ បានកើនដល់ជិត ១៦,0000ខ្នង ឬស្មើនឹង២២ភាគរយ នៃការផ្គត់ផ្គង់លំនៅឋាននៅរាជធានីភ្នំពេញសរុប៧២,៥៥២ខ្នង។ ខណ្ឌសែនសុខ មានចំណែកនៃការផ្គត់ផ្គង់លំនៅឋានច្រើនជាងគេ នៃខណ្ឌទាំង១៤នៅភ្នំពេញ ហើយបន្ទាប់មកគឺខណ្ឌដង្កោ ដែលមានចំណែក១៦ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខណ្ឌសែនសុខ មានសង្កាត់សរុបចំនួន៦ រួមមាន សង្កាត់ទឹកថ្លា ភ្នំពេញថ្មី ក្រាំងធ្នង់ អូរបែកក្អម ឃ្មួញ និង សង្កាត់គោកឃ្លាំង។ ខណ្ឌនេះជាតំបន់ ដែលមានការអភិវឌ្ឍស្ទើគ្រប់ប្រភេទអចលនទ្រព្យ ដែលធ្វើឲ្យតម្លៃដីនៅ សង្កាត់មួយចំនួនមានការកើនឡើងយ៉ាងខ្លាំង។

យោងតាមទិន្នន័យក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌសែនសុខបានបង្ហាញថា ដីដាក់លក់ក្នុងខណ្ឌសែនសុខ អាចមានតម្លៃចាប់ពី ១៥០ ដល់៤០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យលើទីតាំងដីស្ថិតនៅបណ្តោយផ្លូវតូច និងធំ ។

អ្នកនាងជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនិងក្រុម CBRE Cambodia បានឱ្យដឹងផងដែរថា កំណើននៃបុរីលំនៅឋានកាន់តែច្រើននៅក្នុង តំបន់ខណ្ឌសែនសុខនេះ បានជំរុញឱ្យមានការវិនិយោគទៅលើទីផ្សារលក់រាយកាន់តែច្រើន ហើយជាក់ស្ដែងយើងបានឃើញថា ផ្សារលក់រាយនៅក្នុងតំបន់នេះ ក៏មានកាន់តែច្រើនឡើងៗពីមួយឆ្នាំ ទៅមួយឆ្នាំ និងអាចកែប្រែតំបន់នេះ ទៅជាតំបន់ដោះដូរពាណិជ្ជកម្ម ដ៏មានសក្ដានុពលមួយផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here