តើមនុស្សប្រភេទណាខ្លះដែលបានដែលទិញខុនដូនៅក្នុងប្រទេសកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កម្ពុជាចាប់ផ្ដើមអភិវឌ្ឍន៍ខុនដូដំបូងរបស់ខ្លួន នៅក្នុងអំឡុងឆ្នាំ២០០៦ ហើយអំឡុងពេលនោះ មានតែមនុស្សមួយប្រភេទប៉ុណ្ណោះ ដែលទិញខុនដូគឺជនបរទេស ប៉ុន្តែក្រោយមក ក៏មានមនុស្សពីរប្រភេទផ្សេងទៀតបានទិញខុនដូក្នុងប្រទេសកម្ពុជា។

លោកស៊ុន មេសា នាយកគ្រប់គ្រងការវិនិយោគខុនដូ នៃក្រុមហ៊ុន Century 21 Mekong បានឱ្យដឹងនាព្រឹកថ្ងៃទី២២មេសាថា ពីមុនអ្នករស់នៅខុនដូ អាចនិយាយបានថា ភាគច្រើនសុទ្ធតែជនបរទេស តែពេលនេះបានផ្លាស់ប្តូរខ្លះមកហើយ ដូច្នេះនៅពេលអនាគតឆាប់ៗនេះ កម្ពុជានឹងមានអ្នករស់នៅក្នុងខុនដូកាន់តែច្រើន ។

លោកបន្តថា មានមនុស្ស៣ប្រភេទ ដែលយើងបានឃើញថា ជាអ្នកទិញខុនដូ និងរស់នៅក្នុងខុនដូនៅកម្ពុជា ក្នុងនោះមាន ទី១. ប្រជាជនកម្ពុជាដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ហើយមានអាយុចន្លោះពី ៣០ដល់៤៥ឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មនុស្សប្រភេទនេះ ចាប់ផ្ដើមស្វែងយលពីការរស់នៅក្នុងខុនដូ និងមានចំណូលចិត្តរស់នៅក្នុងខុនដូ ជាងការរស់នៅក្នុងផ្ទះជាប់ដីនៅជាយក្រុង ទី២ ជនបរទេស ដែលសំដៅទៅដល់ជនបរទេសជាអ្នកវិនិយោគ ទេសចរ ឬក៏ជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ។

មនុស្សប្រភេទទី៣ គឺប្រជាជនកម្ពុជាមកពីបរទេស ដូចជា ក្រុមនិស្សិតទៅសិក្សានៅបរទេស ហើយត្រលប់មកកម្ពុជា ឬក៏អាណិជកជនខ្មែរមកពីបរទេស ។

លោកស៊ុន មេសាបានឱ្យដឹងថា បើទោះបីជាបច្ចុប្បន្ននេះ កម្ពុជានិងពិភពលោក ជួបវិបត្តិដោយសារតែកូវីដ១៩ក្ដី តែការអភិវឌ្ឍខុនដូនៅតែបន្ត ហើយលោករំពឹងជនបរទេសនឹងចូលមកកម្ពុជា ដើម្បីស្វែងកការវិនិយោគបន្ថែមឡើងវិញនិងកាន់តែច្រើន ហើយពេលនេះតម្រូវការខុនដូសម្រាប់ជនបរទេសក៏នឹងកើនឡើងច្រើនថែមទៀតផងដែរ។

លោកបន្តថា “តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានចុះរួចហើយ ជាមួយដៃគូដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា កូរ៉េខាងត្បូង និងត្រៀមក្នុងការចរចាមួយឥណ្ឌានិងប្រទេសជាច្រើន ទៀតនឹងនាំមកអ្នកវិនិយោគទាំងនោះមកកម្ពុជា ទាំងទេសចរ និងការវិនិយោគ”។

ចំណែកលោក ពិន ស៊េរី ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ERA Cambodia ក៏បានឱ្យដឹងផងដែរថា កំណើននៃប្រជាជនកម្ពុជាទិញខុនដូសម្រាប់ស្នាក់នៅនិងទុកជួល បានធ្វើឱ្យទីផ្សារខុនដូនិងការផ្គត់ផ្គង់ខុនដូក៏កាន់តែច្រើនដែរ ហើយអ្វីដែលពិសេសនោះ ការរចនាតុបតែង និងទីតាំងនៃអគារខុនដូ ក៏ជាកត្តាសំខាន់ក្នុងការទាក់ទាញអ្នកទិញខុនដូ ។

លោករំពឹងថា ទីផ្សារខុនដូក្នុងប្រទេសកម្ពុជា នឹងមានសន្ទុះបន្ថែមទៀតនៅពេលចប់វិបត្តិកូវីដ១៩ និងវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here