តើអ្វីជាឥណទានគ្មានទ្រព្យធានា? បើអ្នកមិនអាចសងប្រាក់ត្រលប់ទៅវិញ តើនឹងមានរឿងអ្វីកើតឡើង?

ដោយ៖ សុធារី

ភ្នំពេញ៖ ឥណទានគ្មានទ្រព្យធានា គឺសំដៅដល់ប្រភេទឥណទាន ឬកម្ចីណាដែលមិនត្រូវការទ្រព្យបញ្ចាំ ឬអាចនិយាយបានថាដំណើរការស្នើសុំឥណទានគឺមិនត្រូវបានចងភ្ជាប់ជាមួយទ្រព្យបញ្ចាំណាឡើយ។

ឧបមាថា អ្នកស្នើសុំកម្ចីពីគេ ដោយមិនមានដាក់របស់បញ្ចាំ ដូចជាផ្ទះ ឡាន ។ល។ នោះបានន័យថា កម្ចីនោះគឺចាត់ទុកថាជាប្រភេទកម្ចីគ្មានទ្រព្យធានា។

បើតាម CamboFinance បានឱ្យដឹងថា ជាទូទៅ ឥណទានគ្មានទ្រព្យធានា គឺត្រូវបានគេទុកថាជាកម្ចីដែលមានហានិភ័យខ្ពស់សម្រាប់អ្នកផ្ដល់កម្ចី ដោយសារវាគ្មានទ្រព្យអ្វីមកធានា ដូច្នេះហើយ ទើបភាគច្រើនការប្រាក់គឺមានអត្រាខ្ពស់ជាកម្ចីដទៃ។

ម្យ៉ាងវិញទៀត ថ្វីបើកម្ចីប្រភេទនេះមិនត្រូវការទ្រព្យបញ្ចាំ ក៏មិនបានមានន័យថាគ្រប់គ្នាសុទ្ធតែអាចស្នើសុំកម្ចីនេះបានទេ។ ជាធម្មតា ដើម្បីស្នើឥណទានប្រភេទនេះបាន អ្នកត្រូវមានពិន្ទុឥណទានខ្ពស់ និងស្ថានភាពស័ក្តិសមនៃក្រេឌីតរបស់អ្នក (creditworthiness) ក៏ដូចជាប្រវត្តិឥណទានល្អផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប័ណ្ណឥណទាន (Credit Card) គឺជាឧទាហរណ៍ជាក់ស្ដែងមួយក្នុងប្រភេទឥណទានគ្មានទ្រព្យធានា។ ការស្នើយកប័ណ្ណឥណទាន គឺមិនត្រូវការទ្រព្យបញ្ចាំទេ ហើយដំណើរការផ្ដល់ឥណទានក៏រហ័សដែរ ប៉ុន្ដែមុនពេលសម្រេចចិត្តដាក់ដំណើរការប័ណ្ណឥណទាននោះ ខាងស្ថាប័នហិរញ្ញវត្ថុនឹងធ្វើការត្រួតពិនិត្យលើប្រវត្តិ និងពិន្ទុឥណទានរបស់អ្នក ឬសិក្សាពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ថាតើអ្នកស័ក្តិសមនឹងទទួលបានឥណទានឬទេ។

ហើយចុះបើអ្នកមិនអាចសងប្រាក់ត្រលប់ទៅវិញបាន តើនឹងមានរឿងអ្វីកើតឡើង?

ឧទាហរណ៍ថា អ្នកស្រាប់តែបាត់បង់ការងារ ព្រោះហេតុផលណាមួយ ខណៈដែលអ្នកកំពុងជាប់កម្ចីគ្មានទ្រព្យធានា ហើយមិនអាចសងត្រលប់តាមកាលកំណត់ នោះវានឹងប៉ះពាល់ដល់ពិន្ទុឥណទាន និងជាប់ប្រវត្តិមិនល្អក្នុងប្រវត្តិឥណទានរបស់អ្នក (យូរឆ្នាំ) ដែលធ្វើឱ្យអ្នកមិនងាយស្រួល ឬមិនអាចស្នើសុំកម្ចីនៅកន្លែងផ្សេងទៀតបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here