លោកច្រឹក សុខនីមស្នើរដ្ឋាភិបាលអនុញ្ញាត្តឲ្យក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនានាអាចប្រើប្រាស់ទិដ្ឋន័យ ក្បាលដីដែលបានចុះបញ្ជីរួច

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)បានលើកសំណូមពរឲ្យក្រសួងរៀបចំដែនដី ជួយបង្ហាញទិន្នន័យក្បាលដីនៅតាមបណ្តារាជធានី ខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចជាមុន និងអនុញ្ញាត្តឲ្យក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុអាចប្រើប្រាស់ទិន្នន័យទាំងនោះ ដែលវាជាផ្នែកមួយសំខាន់ជួយជម្រុញការរីកចម្រើនក្នុងវិស័យនេះ។

លោកច្រឹក សុខនីម ប្រធាន CVEA បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីល្ងាចថ្ងៃទី២៩ មិនាកន្លងមកថា ការចុះបញ្ជីរក្បាលដីបានលឿន រហ័ស នៅតាមរាជធានី ខេត្តទាំង២៥ ពិតជាមានសារៈសំខាន់ណាស់ ដែលរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបាននិងកំពុងពន្លឿនការងារនេះ។

លោកបន្តថា “សមាគមចង់សំណូមពរឲ្យក្រសួងជួយសម្រួលទិន្នន័យក្បាលដី ដែលអាចឲ្យក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យស្របច្បាប់នានា អាចចូលទៅប្រើប្រាស់បាន ដែលអាចចំណេញពេលវេលាដល់ភ្នាក់ងារអចលវត្ថុនានា”។លោកបន្តថា “ការចំណេញពេល និងមិនមានភាពស្មុគ្រស្មាញ គឺជាដំណើរការល្អ ដែលជួយពន្លឿនការងារទិញលក់អចលនទ្រព្យ ដែលជាផ្នែកមួយជួយពន្លឿនកំណើនសេដ្ឋកិច្ចផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកច្រឹក សុខនីម បានបន្តថា ការផ្តល់ព៌តមានលឿនដល់អតិថិជន នឹងធ្វើឲ្យដំណើរការទិញលក់បានលឿន និងអាចបង់ព​ន្ឋបានច្រើនជូនរដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលអាចគ្រប់គ្រងទិន្នន័យទិញលក់ ដែលងាយស្រួលក្នុងការប្រមូលពន្ឋផងដែរ។

ជាមួយគ្នានេះ លោកច្រឹក សុខនីម បានស្នើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុនានា ជួយសម្រួលទម្លាក់អត្រាការប្រាក់ ដើម្បីអ្នកវិនិយោគអាចប្រើប្រាស់ឥណទាន សម្រាប់យកមកវិនិយោគបានងាយស្រួល និងកាត់បន្ថយហានិភ័យនានា និងជួយសម្រួលនិតិវិធីនានា កាន់តែមានបរិយាកាសល្អប្រសើរ ដើម្បីជម្រុញឲ្យអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគបរទេស នៅតែបន្តពង្រីកឱកាសវិនិយោគ ដែលវានឹងរួមចំណែកធ្វើឲ្យវិស័យនេះមានភាពរីកចម្រើន និងក្លាយជាវិស័យមួយ ដែលបន្តរួមចំណែកសំខាន់ក្នុងសេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here