អចលនទ្រព្យបម្រើទេសចរណ៍ខេត្តសៀមរាបរំពឹងសន្ទុះឡើងវិញ

ដោយៈ សុផារី

សៀមរាបៈ កំណើនទេសចរ នឹងជំរុញតម្រូវការអចលនទ្រព្យនៅសៀមរាបបានងើបឡើងវិញច្រើន ពេលដែលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែរួចរាល់ និងភាពជោគជ័យលើការគ្រប់​គ្រងជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជា។


អ្នកជំនាញមើលឃើញពីឱកាស នៃការស្ទុះងើបខ្លាំងនៃអច​លនទ្រព្យ ដែលបម្រើឱ្យវិស័យទេសចរណ៍ បន្ទាប់ពីការបន្ធូរបន្ថយវិធានការសុខាភិបាល កាលពីពាក់កណ្តាលខែមីនាកន្លងមក។

លោក កែវ សុធារ៉ា នាយកប្រតិបត្តិ KW សៀមរាប បានមានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាម កាលពីថ្ងៃទី២៥ ខែមីនានេះថា សកម្មភាពទិញលក់នៅខេត្តសៀមរាប មានការប្រសើរច្រើននៅត្រីមាសទី១ក្នុងដើមឆ្នាំ២០២២ បើប្រៀបធៀបជាមួយកំឡុងពេលវេលាដូចគ្នា ក្នុងឆ្នាំ២០២១។

លោកសុធារ៉ាបញ្ជាក់ថា “នៅដើមឆ្នាំ២០២២នេះ សកម្មភាពផ្នែកអចលនទ្រព្យ បម្រើឱ្យវិស័យទេសចរណ៍ មានភាពមមាញឹកគួរសម ដូចជាសកម្មភាពក្នុងការជួល ទិញ លក់ Boutique សណ្ឋាគារ ផ្ទះសំណាក់ និងដីធំៗ សម្រាប់ការសាងសង់រីសតជាដើម”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២កន្លងមក រាជរដ្ឋាភិបាលបានប្រកាស លុបចោលនូវលក្ខខណ្ឌមួយចំនួន សម្រាប់អ្នកដំណើរមកពីបរទេស ដោយមិនតម្រូវឱ្យមានការបង្ហាញ លទ្ធផលតេស្ត PCR និងមិនមានការធ្វើតេស្តរហ័ស ពេលមកដល់ប្រទេសកម្ពុជាទៀតទេ ហើយបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការផ្តល់ទិដ្ឋាការ ពេលមកដល់សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់។

សម្តេចតេជោលើកឡើងថា ការសម្រួលលើការងារនេះ ដើម្បីទាក់ទាញការធ្វើវិនិយោគ និងសម្រួលទៅឱ្យអ្នកដែលធ្វើធុរកិច្ចដែលមកទេសចរណ៍នៅកម្ពុជា ដែលនេះជាចំណុចដែលយើងទាំងអស់គ្នា ត្រូវតែបន្តក្នុងការធ្វើសកម្មភាពឆ្ពោះទៅមុខ ដើម្បីគោលដៅនៃការអភិវឌ្ឍរៀនរស់ជាមួយនឹងកូវីដ ១៩។

លោកសុធារ៉ាលើកឡើងថា តាមរយៈការបន្ឋូរបន្ថយការធើ្វដំណើររបស់ជនបរទេសចូលមកកាន់កម្ពុជា ពិតណាស់វាជាឱកាសជម្រុញវិនិយោគបរទេស មកវិនិយោគនៅកម្ពុជា ដោយសាររដ្ឋាភិបាលបានផ្តល់ភាពច្បាស់លាស់ ទៅលើអ្នកវិនិយោគទុន ដោយគ្មានការបិទប្រទេសបន្តទៀត។

លោកបានមានប្រសាសន៍បន្តថា ម្យ៉ាងទៀត រដ្ឋាភិបាលបានសម្រេច ការចាក់វាក់សាំងទៅលើប្រជាពលរដ្ឋ ស្ទើរ១០០ភាគរយ ទាំងដូសមូលដ្ឋាន និងដូសជម្រុញ។ លើសពីនេះទៅទៀត បើប្រៀបធៀបក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ដែលផ្តល់ភាពច្បាស់លាស់ទាក់ទងកំលាំងពលកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here