សឹង្ហបុរីបង្ហាញគម្រោងវិនិយោគកំពង់ផែទំនើបនៅកម្ពុជា

ដោយ៖ លក្ខិណា

ភ្នំពេញ៖ រដ្ឋាភិបាលសឹង្ហបុរី តាមរយៈក្រុមហ៊ុន YCH បានបង្ហាញនូវគម្រោងសាងសង់កំពង់ផែទំនើបមួយនៅរាជធានីភ្នំពេញ និងត្រូវបានទទួលស្វាគមន៍ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ការបង្កើតនូវកំពង់ផែទំនើ ( Phnom Penh Superport ) នឹងក្លាយជាចំណែកមួយ ក្នុងការកែប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការអភិវឌ្ឍកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក បានថ្លែងបន្តថា ដើម្បីឱ្យសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិនេះ រាជរដ្ឋាភិបាលបាននឹងកំពុងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងគ្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យនេះផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានបន្តថា ក្រសួងក៏ដូចជារាជរដ្ឋាភិបាលចង់ឃើញកម្ពុជាជាទីផ្សារ និងមជ្ឈមណ្ឌលភស្តុភារកម្មបម្រើឱ្យវិស័យដឹកជញ្ជូនដល់ប្រទេសក្នុងតំបន់ជាពិសេសប្រទេសថៃ វៀតណាម ឡាវ និងភូមាជាដើម។

លោក បានឱ្យដឹងទៀតថា “មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញត្រូវបានកំណត់ជាផែនការយុទ្ធសាស្ត្រទាំងក្នុងផែនការមេភស្តុភារកម្ម និងផែនការមេអន្តរកាលស្ដីពីការ តភ្ជាប់ប្រពន្ធ័ដឹកជញ្ជូនពហុមធ្យោបាយនិងភស្ដុភារកម្ម ដែលផែនការយុទុ្ធសាស្ត្រនេះបង្ហាញពីការតភ្ជាប់រវាងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅធានាបាននូវខ្សែសង្វាក់ដឹកជញ្ជូនប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព”។

លោកបានបង្ហាញនូវការគាំទ្រចំពោះរដ្ឋាភិបាលសឹង្ហបុរី នាយកប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងស្វាគមន៍ក្រុមហ៊ុន YCH ដែលមានចំណាប់អារម្មណ៍លើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ ហើយរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសហការ សម្របសម្រួល និងដោះស្រាយបញ្ហារាំងស្ទះ ដោយបានរៀបចំជាក្រុមការងារបច្ចេកទេសសម្រាប់សម្របសម្រួលការអនុវត្តគម្រោងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here