ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោចំណាយប្រាក់អស់ជាង៤០០លានដុល្លារហើយ

ដោយៈលក្ខិណា

ភ្នំពេញៈ គម្រោងសាងសង់ ព្រលានយន្តហោះអន្តរជាតិតេជោ បានចំណាយទឹកប្រាក់ សាងសង់អស់ប្រមាណ៤១៤លានដុល្លារអាមេរិកហើយគិតមកដល់ពេលបច្ចុប្បន្ននេះ។

ទំហំចំណាយនេះ ស្មើនឹងប្រមាណ៣២ភាគរយ នៃគម្រោងសាងសង់ទាំងមូល ។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនេះ នៅថ្ងៃទី៤ មីនា២០២២។

គម្រោងព្រលានយន្តហោះនេះ ទទួលបានការវិនិយោគពីបណ្ដាធនា​គារក្នុងស្រុក និងបរទេស ដែលមានប្រតិបត្តិការអាជីវកម្មជាបន្តបន្ទាប់ ជាក់ស្ដែងនៅរសៀលថ្ងៃទី៤ មីនា២០២២នេះ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយលោកឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករងបានចុះហត្ថលេខាជាមួយ ធនាគារហត្ថា ម.ក តំណាងដោយលោកឧកញ៉ា ហួតអៀងតុង ជាប្រធានអគ្គនាយកសម្រា​ប់ការវិនិយោគ លើសញ្ញាបណ្ណមានបុគ្គលធានា១៥លានដុល្លាររបស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្ដីប្រកាសព័ត៌មាឱ្យដឹងថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល ។ អត្រាការប្រាក់របស់សញ្ញាបណ្ណនេះ គឺ៥,៥ភាគរយក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគ ក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើបសណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើន ដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប Olympia ជាដើម។

ធនាគារ ហត្ថា ម.ក គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណ ធ្វើប្រតិបត្តិការធនាគារពាណិជ្ជពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០។

ជាមួយបទពិសោធន៍ ក្នុងការបម្រើសេវាហិរញ្ញវត្ថុ ទៅកាន់ប្រជាជនកម្ពុជាអស់រយៈពេលជិត៣០ឆ្នាំ ក្រោយការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន ធនាគារហត្ថាបានកែលម្អ និងដាក់ឱ្យប្រើប្រាស់បន្ថែមនូវសេវាកម្ម ហិរញ្ញវត្ថុជាច្រើនផ្សេងទៀតក្នុងនោះមាន ដូចជា ការធ្វើឱ្យកាន់តែប្រសើរឡើងនូវសេវាធនាគារចល័ត (Hattha Mobile) ដាក់ឱ្យប្រើប្រាស់នូវសេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវាឥណទានវិបារូបន៍ សេវាបញ្ញើសន្សំផលច្រើន (HYSA Flexi and HYSA Corporate) និងការត្រៀមខ្លួន ក្នុងការផ្តល់ជូនសេវាធនាគារថ្មីៗផ្សេងទៀត បន្ថែមលើសេវាដែលមានស្រាប់ដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាបើកប្រាក់បៀវត្សរ៍ និងជាអ្នកណែនាំលក់សេវាធានារ៉ាប់រងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here