គេហទំព័រ Propertyarea.asia ចុះ MOU ជាមួយសមាគមវិនិយោគិនខ្មែរ-អន្តរជាតិ ក្នុងភាពជាដៃគូលើពាណិជ្ជកម្មរួមគ្នា

ដោយ៖ សហការី

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ គេហទំព័រ Propertyarea.asia ដែលមានលោក យិន លាងគង់ ជាសហស្ថាបនិក និងជាអគ្គនាយក បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សមាគមវិនិយោគិនខ្មែរ-អន្តរជាតិ ដែលមានលោកឧកញ៉ាប៊ី សុក្របណ្ឌិតជាប្រធានសមាគម ដើម្បីសហការគ្នាលើការផ្លាស់ប្តូរព័ត៌មាន និងការសហការគ្នាក្នុងភាពជាដៃគូលើពាណិជ្ជកម្មរួមគ្នា។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខានេះថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ស្ថាប័នទាំងពីរបានសហការគ្នា លើមូលដ្ឋាន ក្នុងការគាំទ្រគ្នាទៅវិញទៅមក ក្នុងការផ្សព្វផ្សាយពីសក្តានុពល និងកិត្តិនាមរបស់ស្ថាប័នទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ភាគីទាំងពីរនឹងជួយពង្រីកការផ្សព្វផ្សាយពីស្ថាប័នទាំងពីរ ក្នុងកម្រិតជាតិ និងអន្តរជាតិ។ ក្នុងនោះ គេហទំព័រ Propertyarea.asia នឹងជួយផ្សាយពាណិជ្ជកម្ម ដល់សមាជិកសមាគម ជួយដល់ការទ្រទ្រង់គេហទំព័រ Propertyarea.asia ដោយសមាគមនឹងបរិច្ចាកទឹកប្រាក់នៃកញ្ចប់ពាណិជ្ជកម្មសរុបនីមួយៗ ក្នុងទំហំ៣០ភាគរយ ដើម្បីជួយទ្រទ្រង់សកម្មភាពរបស់សមាគមផងដែរ។

លោកបានមានប្រសាសន៍បន្ថែមថា គេហទំព័រ Propertyarea.asia នឹងចូលរួមដើរតួនាទីផ្សព្វផ្សាយ ពីសកម្មភាពសមាគម ដោយឥតគិតថ្លៃ និងជួយរកមូលនិធិជួយសមាគម តាមលទ្ឋភាពដែលអាចធ្វើទៅបាន។

លោកឧកញ៉ាប៊ី សុក្របណ្ឌិតជាប្រធានសមាគមវិនិយោគិនខ្មែរ-អន្តរជាតិ បានមនាប្រសាសន៍ថា សមាគមនិងគេហទំព័រមានគោលដៅនិងចក្ខុវិស័យរួមគ្នាក្នុងការផ្សព្វផ្សាយពីសក្តានុពលវិស័យអចលនទ្រព្យកម្ពុជា និងដើម្បីទាក់ទាញការវិនិយោគពីវិនិយោគិនជាតិនិងអន្តរជាតិ។

លោកបណ្ឌិតបានបន្តថា សមាគមបាននិងកំពុងធ្វើការរួមគ្នាជាមួយនឹងថ្នាក់ដឹកនាំសមាគម និងក្រុមហ៊ុនជាច្រើន ដើម្បីរួមគ្នាធ្វើយ៉ាងណារួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឱ្យកាន់តែមានភាគរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចព្រមព្រៀងនៃអនុស្សរណៈ នៃការយោគយល់គ្នានេះ ធ្វើឡើងដោយមានការឯកភាព និងព្រមព្រៀងពីភាគីទាំងសងខាង និងមានសុពលភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here