ដោយៈសុខុម
តៃប៉ិ: ថ្វីបើអំឡុងវិបត្តិកូវីដ-១៩យ៉ាងណាក្ដី ក៏ការចេញលិខិតអនុញ្ញាតសាងសង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់ ដោយរដ្ឋាភិបាលក្នុងឆ្នាំ២០២១ បានកើនឡើងខ្ពស់ គួរឱ្យភ្ញាក់ផ្អើលនៅកោះតៃវ៉ាន់។ នេះបើយោងតាមសារព័ត៌មាន Taipei Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១១ កុម្ភៈ។
ក្រុមអ្នកវិភាគលើកឡើងថា កំណើនយ៉ាងខ្ពស់នេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃទីផ្សារអចលនទ្រព្យរបស់តៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីភាពសម្បូរហូរហៀរនៃការផ្គត់ផ្គង់ផងដែរ។
ទិន្នន័យដែលក្រសួងមហាផ្ទៃតៃវ៉ាន់ បញ្ចេញកាលពីថ្ងៃពុធ ទី៩ កុម្ភៈ បង្ហាញថា លិខិតអនុញ្ញាតសាងសង់ទូទាំងកោះតៃវ៉ាន់ បានកើនឡើង៦,៥%ឈានដល់១៦៩.៦៥១ច្បាប់ ដែលជាកំណើនខ្ពស់បំផុតក្នុងពេល២៦ឆ្នាំមកនេះ ស្របពេលវិញ្ញាបនបត្រប្រើប្រាស់សំណង់ បានកើនឡើង៦.៦០០ច្បាប់ ឈានដល់១០៤.០០០ច្បាប់ ដែលខ្ពស់បំផុតក្នុងពេល១២ឆ្នាំមកនេះ។
លោក Mandy Lang ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនអចលនទ្រព្យ Great Home Realty Co បានលើកឡើងថា កំណើននៃការចេញលិខិតអនុញ្ញាតសាងសង់នេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តលើផ្នែកផ្គត់ផ្គង់ ហើយលោកបានបន្ថែមទៀតថា សេដ្ឋកិច្ចរឹងមាំ និងការបន្ធូរបន្ថយផ្នែករូបិយវត្ថុបានជំរុញ បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ចាប់ផ្តើម គម្រោងថ្មីៗជាច្រើននៅតាមទីតាំងលំដាប់លេខ១ និងលំដាប់លេខ២។
ទិន្នន័យដដែលបង្ហាញថា ក្នុងចំណោមក្រុងពិសេសៗទាំង៦ នៃកោះតៃវ៉ាន់ ក្រុង Tainan មានការចេញលិខិតអនុញ្ញាត សាងសង់ច្រើនជាងគេក្នុងអត្រា៣៤,៥% បន្ទាប់មក២៨%នៅក្រុង Kaohsiung ១៦,៣%នៅក្រុងតៃប៉ិ និង៤,៩%នៅក្រុង Taoyuan។
ទោះជាយ៉ាងណា ការឡើងថ្លៃសម្ភារៈសំណង់យ៉ាងគំហុក និងវិធានការគ្រប់គ្រងឥណទាន ជាបន្តបន្ទាប់បានបណ្ដាល ឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ និងក្រុមហ៊ុនម៉ៅការមួយចំនួន ពន្យារពេលសាងសង់គម្រោង។ នេះបើតាមលោកស្រី Jessica Hsu នាយកគ្រប់គ្រងការស្រាវជ្រាវជាន់ខ្ពស់នៅក្រុមហ៊ុន H&B Realty Co។
អ្នកជំនាញរូបនេះបានបន្ថែមទៀតថា ការឡើងថ្លៃទំនិញ និងវិធានការគ្រប់គ្រងឥណទាន អាចធ្វើឱ្យប៉ះពាល់ដល់គម្រោងនានា ដែលធ្វើឱ្យការលក់ធ្លាក់ចុះ និងហិរញ្ញវត្ថុចុះខ្សោយ ហើយលោកស្រីបានណែនាំឱ្យមហាជន ធ្វើការសិក្សាវាយតម្លៃដើមទុន របស់ក្រុមហ៊ុនអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់សិន មុននឹងសម្រេចចិត្តទិញលំនៅដ្ឋាន៕ Taipei Times៕