គម្រោងផ្លូវដែកឥណ្ឌូនេស៊ី ដែលទទួលបានហិរញ្ញប្បទានពីចិននឹងត្រូវចំណាយពេល៤០ឆ្នាំទើបបានផលចំណេញ

ដោយៈសុខុម

ហ្សាការតា: នាយកប្រតិបត្តិមួយរូបទម្លាយឱ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនដែលកំពុងស្ថាបនា គម្រោងផ្លូវដែកល្បឿនលឿនមួយខ្សែ នៅឥណ្ឌូនេស៊ី ដែលទទួលបានហិរញ្ញប្បទានពីប្រទេសចិន នឹងត្រូវចាយពេលវែងរហូតដល់ទៅ៤០ឆ្នាំ ទម្រាំបានចំណេញពីការវិនិយោគរបស់ខ្លួន។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអង្គារទី៨ កុម្ភៈ ឱ្យដឹងថា រយៈពេលរំពឹងទទួលបានប្រាក់ចំណេញនេះគឺវែងជាងទ្វេដង បើធៀបនឹងការប៉ាន់ស្មានដំបូង ដោយសារតែផែនការផ្លាស់ប្តូររដ្ឋធានី នៃប្រទេសនេះទៅកាន់កន្លែងផ្សេង។

លោក Dwiyana Slamet Riyadi ប្រធានសម្ព័ន្ធក្រុមហ៊ុន PT KCIC បានលើកឡើងក្នុងសវនាការសភា កាលពីថ្ងៃច័ន្ទ ទី៧ កុម្ភៈ ថា គម្រោងផ្លូវដែក ដែលស្ថិតក្រោមគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative) របស់មហាយក្សចិន នេះក៏ប្រឈមនឹងការចំណាយលើសផែនការគ្រោងទុក រហូតដល់ទៅប្រមាណ ២ពាន់លានអាមេរិកផងដែរ ដោយធ្វើឱ្យការចំណាយសរុប ក្នុងគម្រោងនេះកើនឡើងរហូតដល់ ៧,៨៤ពាន់លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ព័ន្ធក្រុមហ៊ុន PT KCIC ត្រូវបានបង្កើតឡើងរួមគ្នា ដោយក្រុមហ៊ុនមួយចំនួនរបស់ប្រទេសចិន និងក្រុមហ៊ុនមួយចំនួនទៀតរបស់ឥណ្ឌូនេស៊ី ដើម្បីទទួលការងារស្ថាបនា ផ្លូវដែកប្រវែង១៤២គីឡូម៉ែត្រ ដែលតភ្ជាប់ពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុងបានឌុង (Bandung) ក្នុងខេត្តជ្វាខាងលិច (West Java)។

លោក Dwiyana Slamet Riyadi បានបញ្ជាក់ថា ដោយសារផែនការផ្លាស់រដ្ឋធានីពីហ្សាកាតា ទៅកាន់កោះប័រណេអូ (Borneo) នៅឆ្នាំ២០២៤ រថភ្លើងដែលតភ្ជាប់ទីក្រុងនានាត្រូវបានរំពឹងថា នឹងទទួលបានចំនួនអ្នកដំណើចំនួនរ៣១.២១៥នាក់ក្នុងមួយថ្ងៃ ដោយធ្លាក់ចុះពីការប៉ាន់ប្រមាណពីមុនថា នឹងទទួលបានចំនួនអ្នកដំណើរ៦១.១៥៧នាក់ក្នុងមួយថ្ងៃ។

លោកបញ្ជាក់ថា ការសិក្សាពីមុនបង្ហាញថា គម្រោងនេះនឹងផ្ដល់ប្រាក់ចំណេញ ក្នុងរយៈពេល២០ឆ្នាំ ប៉ុន្តែដោយសារស្ថានភាពប្រែប្រួល វាអាចនឹងចាយពេលរហូតដល់ទៅ៤០ឆ្នាំ ទម្រាំទទួលបានប្រាក់ចំណេញ។

នាយករូបនេះ បានបកស្រាយប្រាប់ក្រុមសមាជិកសភាថា សម្ព័ន្ធក្រុមហ៊ុន PT KCIC ត្រូវចំណាយកាន់តែច្រើន សម្រាប់ការឈូសឆាយដីបន្ថែមទៀត ខណៈថ្លៃឈ្នូលកម្លាំងពលកម្ម និងសម្ភារៈសំណង់សុទ្ធតែឡើងថ្លៃ។

យោងតាមទិន្នន័យរបស់សម្ព័ន្ធក្រុមហ៊ុន PT KCIC បង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២១ ការងារស្ថាបនាផ្លូវដែកនេះ សម្រេចបាន៧៩,៩%ហើយ។ ផ្នែកខ្លះនៃផ្លូវដែកនេះ គ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅត្រឹមដំណាច់ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់គម្រោងនេះ ជាស្ថាពរនៅត្រឹមខែមិថុនា ឆ្នាំ២០២៣។

ក្រុមហ៊ុនរដ្ឋមួយចំនួនរបស់ឥណ្ឌូនេស៊ី រួមទាំងក្រុមហ៊ុន Wijaya Karya និងក្រុមហ៊ុន PT KAI ផងគ្រប់គ្រងភាគហ៊ុន៦០% នៃសម្ព័ន្ធក្រុមហ៊ុន PT KCIC ចំណែកឯក្រុមហ៊ុនចិន China Railway Engineering Corporation និងក្រុមហ៊ុនចិន មួយចំនួនទៀតកាន់កាប់ភាគហ៊ុន៤០%។

គម្រោងដែលទទួលបានហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍ចិន (China Development Bank) នេះត្រូវបានប្រគល់ឱ្យសម្ព័ន្ធក្រុមហ៊ុន PT KCIC ក្នុងឆ្នាំ២០១៥ ហើយបានចាប់ផ្ដើមការងារស្ថាបនា ក្នុងឆ្នាំ២០១៨ ប៉ុន្តែបានប្រឈមនឹងការពន្យារពេល ដោយសារជម្លោះកម្មសិទ្ធិដីធ្លី ព្រមទាំងមានការចោទសួរ ទាក់ទងនឹងផលចំណេញផ្នែកសេដ្ឋកិច្ច និងផលប៉ះពាល់បរិស្ថាន ដែលបង្កឡើងដោយគម្រោងនេះផងដែរ។

ការងារស្ថាបនានេះ ក៏មានការយឺតយាវ ដោយសារកង្វះកម្លាំងពលកម្មផងដែរ អំឡុងពេលផ្ទុះការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ប៉ុន្មានខែដំបូង៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here