អ្នកជំនាញ: តម្លៃលំនៅដ្ឋានក្នុងប្រទេសថៃនឹងហក់ឡើងកាន់តែខ្ពស់នៅឆ្នាំនេះ

ដោយៈសុខុម

បាងកក: ការកើនឡើងនូវអតិផរណា កង្វះកម្លាំងពលកម្ម និងការហក់ឡើងនូវតម្លៃប្រេងឥន្ធនៈ និងតម្លៃសម្ភារៈសំណង់ នឹងជំរុញឱ្យតម្លៃលំនៅដ្ឋានថ្មីៗ ហក់ឡើងខ្ពស់នៅឆ្នាំ២០២២ នេះ បន្ទាប់ពីសន្ទស្សន៍តម្លៃលំនៅដ្ឋានបានបន្តធ្លាក់ចុះ ចាប់តាំងពីត្រីមាសទី១ ដើមឆ្នាំ២០២០។

លោក Phanid Maneerattanaporn នាយកផ្នែកសាងសង់ និងអភិវឌ្ឍន៍អាជីវកម្ម នៃក្រុមហ៊ុនសាងសង់លំនៅដ្ឋាន Landy Home (Thailand) បានលើកឡើងថា តម្លៃនៃការសាងសង់លំនៅដ្ឋាននៅឆ្នាំនេះប្រាកដជានឹងហក់ឡើងខ្ពស់។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី០១ កុម្ភៈ។

អ្នកជំនាញរូបនេះបានបន្តថា “២០២២ នឹងជាឆ្នាំប្រឈមឧបសគ្គសម្រាប់ បណ្ដាក្រុមហ៊ុនសាងសង់គេហដ្ឋាន នៅពេលតម្រូវការកើនឡើង ថ្លៃផ្គត់ផ្គង់ ឬសម្ភារៈសំណង់ក៏ហក់ឡើងគួរឱ្យព្រួយបារម្ភ”។ លោកបន្តថា “យើងចាំបាច់ត្រូវគ្រប់គ្រងថ្លៃចំណាយឱ្យបានល្អបំផុត ដើម្បីបញ្ចប់ការសាងសង់តាមតម្លៃ ដែលយើងបានព្រមព្រៀងជាមួយអតិថិជនពីដើមទី”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមទៀតថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ដែលហក់ឡើងខ្ពស់ ជះផលប៉ះពាល់ដល់ថ្លៃចំណាយ​​​ លើជីវភាពរស់នៅប្រចាំថ្ងៃ និងប្រាក់ឈ្នួល។

តម្លៃសម្ភារៈសំណង់មួយចំនួនដូចជាស៊ីម៉ងត៍ និងដែកជាដើមបានហក់ឡើង ខណៈតម្លៃប្រេងឥន្ធនៈ បានហក់ឡើងរហូតដល់ទៅ៥០% បន្ទាប់ពីសកម្មភាពសេដ្ឋកិច្ច ទូទាំងពិភពលោកបានដំណើរការឡើងវិញ។

យោងតាមការិយាល័យសន្ទស្សន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ច (Bureau of Trade and Economic Indices) នៃក្រសួងពាណិជ្ជកម្មថៃ ឱ្យដឹងថា សន្ទស្សន៍តម្លៃសម្ភារៈសំណង់ កាលពីឆ្នាំ២០២១ បានហក់ឡើង៨%បើធៀបនឹងឆ្នាំ២០២០ ដែលជាការហក់ឡើងខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០០៨ ដែលកាលនោះបានហក់ឡើង១៧,២% ធៀបនឹងឆ្នាំ២០០៧។ នៅក្នុងឆ្នាំ២០២០ សន្ទស្សន៍នេះបានធ្លាក់ចុះ១,៨%បើធៀបនឹងឆ្នាំ២០១៩។

ចាប់តាំងពីខែកក្កដា ឆ្នាំ២០០៨ នៅពេលសន្ទស្សន៍បានហក់ឡើងខ្ពស់ ដល់កម្រិតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ រហូតដល់ទៅ១២៥,៧% សន្ទស្សន៍ប្រចាំខែ ដែលខ្ពស់បំផុតទី២ គឺក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានហក់ឡើងរហូតដល់១១៦%៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here