សម្តេចតេជោអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយនៅព្រឹកថ្ងៃនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។

គំរោងស្ពានអាកាសដែលសម្តេចតេជោអញ្ជើញជាអធិបតី បើកសម្ភោធការដ្ឋានសាងសង់នាព្រឹកថ្ងៃទី៣១ មករានេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។ ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង៤៨៣ម៉ែត្រ (បណ្តោយស្ពានអាកាស១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង៣៣៨ម៉ែត្រ) មានទទឹង ១៥.៨ម៉ែត្រ ដោយគ្រោងចំណាយថវិកា សាងសង់ជិត១០លានដុល្លារអាមេរិក។

គម្រោងស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដោយប្រើរយៈពេលប្រមាណ១៥ខែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រាជធានីភ្នំពេញ ដែលត្រូវបានប្រសិទ្ធនាមជាទីក្រុងខ្មោច ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត និងជាទីក្រុងដ៏ស្ងប់ស្ងាត់បំផុតក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩នោះ បានប្រែក្លាយជាទីក្រុងដ៏រស់រវើក និងមមាញឹកបំផុតនាពេលបច្ចុប្បន្ន។

ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ រាជធានីភ្នំពេញ ត្រូវបានពង្រីកផ្ទៃដីជាបន្តបន្ទាប់់ ខណៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលំអ និងលើកកម្ពស់កាន់តែល្អប្រសើរ ជាមួយសំណង់អគារពាណិជ្ជកម្ម លំនៅឋានផុសឡើងយ៉ាងព្រោតព្រាតសមជាទីក្រុងដ៏ស៊ីវិល័យ។

ជំរឿនស្ថិតិប្រជាពលរដ្ឋកាលពីឆ្នាំ២០១៩ បានបង្ហាញថា រាជធានីភ្នំពេញ មានប្រជាពលរដ្ឋរស់នៅ ធ្វើការ និងបំពេញការសិក្សារៀនសូត្រសរុបជាង២លាននាក់។ របាយការណ៍ក៏បានបង្ហាញដែរថា កំណើនយានយន្តក្នុងរាជធានីភ្នំពេញ បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ បច្ចុប្បន្នចំនួនយានយន្តចរាចរណ៍ ក្នុងរាជធានីភ្នំពេញមានជាង២លានគ្រឿង។ ក្នុងនោះរថយន្តមានជាង៥០ម៉ឺនគ្រឿង និងទោចក្រយានយន្តមានប្រមាណ២លានគ្រឿង៕

LEAVE A REPLY

Please enter your comment!
Please enter your name here