ក្រុមហ៊ុន Wynn Resorts ចុះកិច្ចព្រមព្រៀងសង់រីហ្សតប្រណីតតម្លៃរាប់ពាន់លានដុល្លារនៅអារ៉ាប់រួមអេមីរ៉ាត

ដោយៈសុខុម

ឌូបៃ: ក្រុមហ៊ុនប្រតិបត្តិករសណ្ឋាគារ និងកាស៊ីណូខ្នាតយក្ស Wynn Resorts បានទម្លាយឱ្យដឹងថា ខ្លួននឹងសាងសង់រីហ្សតប្រណីតមួយ នៅក្រុង Ras al-Khaimah ប្រទេសអារ៉ាប់រួមអេមីរ៉ាត ដែលរួមមានទាំង “កន្លែងលេងហ្គេម” ផងដែរ។

កាលពីថ្ងៃអង្គារ ទី២៥ មករា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋណេវ៉ាដា (Nevada) សហរដ្ឋអាមេរិកមួយនេះ បានប្រកាសចុះកិច្ចចុះកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃច្រើនពាន់លានដុល្លារអាមេរិក ជាមួយប្រទេសអារ៉ាប់រួមអេមីរ៉ាត ដើម្បីសាងសង់រីហ្សតដ៏ធំមួយ រួមមាន សណ្ឋាគារប្រណីត១ដែលមាន១.០០០បន្ទប់ ភោជនីយដ្ឋាន និងសាលរង់ចាំចំនួន១០កន្លែង ស្ប៉ា សាលសន្និបាត កន្លែងទិញទំនិញ និងកន្លែងលេងហ្គេម។

ទោះជាយ៉ាងណា ក្រុមហ៊ុន Wynn Resorts មិនបានបញ្ជាក់ថា តើហ្គេមនោះរួមបញ្ចូលទាំងល្បែងស៊ីសង ឬក៏អត់នោះឡើយ។

ការប្រកាសនេះ បានធ្វើឡើងស្របគ្នា ជាមួយនឹងសេចក្តីថ្លែងការណ៍របស់អាជ្ញាធរអភិវឌ្ឍន៍ទេសចរណ៍ក្រុង Ras al-Khaimah ស្ដីពីការបង្កើតអង្គភាពថ្មីមួយឱ្យឈ្មោះថា មន្ទីរគ្រប់គ្រងការកម្សាន្ត និងហ្គេម (Department of Entertainment and Gaming Regulation) ហើយវាជាសញ្ញាមួយបង្ហាញថា ច្បាប់ស្ដីពីការកម្សាន្តអាចនឹងត្រូវបានបន្ធូរបន្ថយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា អង្គភាពថ្មីខាងលើនេះ នឹងត្រូវគ្រប់គ្រង “រីហ្សតរួមបញ្ចូលគ្នា” ឬ Integrated Resort ដែលរួមមានការដំណើរការសណ្ឋាគារ កន្លែងកម្សាន្ត ភោជនីយដ្ឋាន កន្លែងស្ប៉ា ហាងលក់រាយ សាលសន្និបាត និងកន្លែងលេង “ហ្គេម”។

ជាធម្មតា “រីហ្សតរួមបញ្ចូលគ្នា” គឺសំដៅដល់សណ្ឋាគារជាមួយកាស៊ីណូ និងកន្លែងកម្សាន្តផ្សេងៗទៀត។
តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អាជ្ញាធរអភិវឌ្ឍន៍ទេសចរណ៍ក្រុង Ras al-Khaimah បានបញ្ជាក់ថា អាទិភាពកំពូល សម្រាប់អង្គភាពថ្មីនេះ គឺក្របខណ្ឌបទប្បញ្ញត្តិ ដែលធានាបាននូវ “ការអនុវត្តប្រកបដោយការទទួលខុសត្រូវ នៃហ្គេមកម្សាន្តគ្រប់កម្រិតទាំងអស់”។

ការិយាល័យទំនាក់ទំនងនៃរដ្ឋបាលក្រុង អាជ្ញាធរអភិវឌ្ឍន៍ទេសចរណ៍ក្រុង ក្រុមហ៊ុនRAK Hospitality Holding និងក្រុមហ៊ុន Wynn Resorts មិនបានបញ្ជាក់ឡើយជុំវិញថា តើល្បែងស៊ីសងត្រូវបានអនុញ្ញាត នៅក្នុងប្រទេសនេះ ឬក៏អត់។

ប៉ុន្តែបណ្ដាអ្នកការទូតយល់ថា ប្រទេសអារ៉ាប់រួមអេមីរ៉ាត អាចនឹងធ្វើវិសោធនកម្មច្បាប់យ៉ាងទូលំទូលាយ ដើម្បីចេញអាជ្ញាប័ណ្ណបើកកាស៊ីណូ ក្នុងគោលបំណងរក្សាបាននូវឋានៈរបស់ខ្លួន ជាមជ្ឈមណ្ឌលទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលមានការប្រកួតប្រជែងគ្នា កាន់តែខ្លាំងឡើងៗនៅក្នុងតំបន់៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here