ពលរដ្ឋក្នុងខេត្តឡាវដែលរងផលប៉ះពាល់ពីគម្រោងផ្លូវដែកឡាវ-ចិន ទទួលបានសំណង

ដោយៈសុខុម

វៀងចន្ទន៍: យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២១ មករា ឱ្យដឹងថា ពលរដ្ឋប្រមាណ៧២%ក្នុងខេត្តឧត្តមសាយ (Oudomxay) ដែលរងផលប៉ះពាល់ ពីគម្រោងផ្លូវដែកឡាវ-ចិន ទទួលបានសំណងពេញលេញហើយនៅពេលនេះ។

លោក Khamsouk Srithilat ប្រធានស្តីទីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តមសាយ បានលើកឡើងថា អាជ្ញាធរខេត្តឧត្ដមសាយ បានផ្ដល់សំណងដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ ពីគម្រោងផ្លូវដែកនេះហើយ។ នេះបើយោងតាមការផ្សាយរបស់វិទ្យុយុវជនឡាវ (Lao Youth Radio)។

ផ្លូវដែកឡាវ-ចិន រត់កាត់ស្រុកចំនួន៣ នៃខេត្តឧត្ដមសាយ រួមមានស្រុកសាយ (Xay) ស្រុកង៉ា (Nga) និងស្រុកណាម័រ (Namor) ដែលតភ្ជាប់ជាមួយព្រំដេនប្រទេសចិន ត្រង់ចំណុចភូមិសាស្ត្រភូមិបូតេន (Boten)។
ពលរដ្ឋនៅក្នុងស្រុកទាំង៣ នៃខេត្តឧត្តមសាយ មានចំនួន១.១៦៦គ្រួសារក្នុងភូមិចំនួន៣៨។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Khamsouk Srithilat បានលើកឡើងថា ចំនួន៧២,៤%នៃគ្រួសារទាំងនោះ បានទទួលសំណងពេញលេញហើយនៅពេលនេះ ដែលមានសរុបជាទឹកប្រាក់ចំនួន១៦,១៥លានដុល្លារអាមេរិក។

លោកបញ្ជាក់ថា “ពលរដ្ឋ៥៨១គ្រួសារក្នុងភូមិ ចំនួន៣៨នៃខេត្តឧត្ដមសាយ កន្លែងដែលផ្លូវដែកឡាវ-ចិន សាងសង់ឆ្លងកាត់ មិនទាន់ទទួលបានសំណងនៅឡើយទេ ដែលគិតសរុបជាទឹកប្រាក់ចំនួន៦,១៣លានដុល្លារអាមេរិក”។ លោកបន្តថា “ពេលនេះអាជ្ញាធរកំពុងធ្វើការយ៉ាងសស្រា​ក់សស្រាំ ដើម្បីផ្ដល់សំណងសេសសល់ឱ្យអស់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

លោកបានបន្ថែមទៀតថា អ្នកស្រុកភាគច្រើន ដែលរងផលប៉ះពាល់ពីគម្រោងផ្លូវដែកឡាវ-ចិន បានសម្ដែងការពេញចិត្ត នឹងសំណងដែលពួកគាត់ទទួលបាន ប៉ុន្តែពលរដ្ឋមួយចំនួនតូច ផ្សេងទៀតបានបន្តបដិសេធមិនចូលរួម និងសម្ដែងការមិនពេញចិត្ត បើទោះបីជារដ្ឋាភិបាលបានខិតខំប្រឹងប្រែងកែស្ថានការណ៍យ៉ាងណាក៏ដោយ។
គម្រោងផ្លូវដែកឡាវ-ចិន ត្រូវបានដាក់ឱ្យដំណើរការ ជាផ្លូវការកាលពីដើមខែធ្នូ ឆ្នាំ២០២១ ដោយរដ្ឋាភិបាលបានសន្យាថា នឹងបន្តផ្តល់សំណងដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងនេះឱ្យទាល់តែអស់។

សំណងរហូតដល់ ទៅជាង១០០លានដុល្លារអាមេរិក កំពុងត្រូវបានផ្ដល់ជូនពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងនេះ នៅទូទាំងប្រទេសឡាវ។

ទឹកប្រាក់ជាង៧០,៥លានដុល្លារអាមេរិក សម្រាប់ការទូទាត់សំណងទទួលបានពីថវិកាជាតិ។ ចំណែកឯសំណង៦០លានដុល្លារអាមេរិក ទៀតនឹងទទួលបានថវិកា ពីក្រុមហ៊ុនផ្លូវដែកឡាវ-ចិន (Laos-China Railway Company)៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here