លោកឧកញ៉ាគីម ហ៊ាងបង្ហាញពីមូលដ្ឋាននៃការវិនិយោគបុរី ខណៈលោកបង្ហាញគំរោងវីឡាដ៏ត្រដែតត្រដឹម

ដោយៈ សុផារី

ភ្នំពេញៈ បច្ចុប្បន្នកំណើនប្រជាជន ក្នុងប្រទេសកម្ពុជាមានអត្រាខ្ពស់ ដែលនាំឱ្យមានការកើនឡើង នូវតម្រូវការនៃលំនៅដ្ឋានជាប្រចាំ ហើយបុរីជាប្រភេទលំនៅដ្ឋាន ដែលទទួលបានការពេញនិយមមួយ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។

ជាក់ស្តែងបុរីវិមានសំណាង បានបង្ហាញនូវផ្ទះវីឡា ឬវិមានដ៏ត្រដែតត្រដឹមមួយ (Royal Villa) មានតម្លៃរហូតដល់៥លានដុល្លារ ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានចែករំលែកនូវចំណេះដឹង ទាក់ទងនឹងកត្តាចំនួន៣សំខាន់ៗ ដែលអាចនាំឱ្យការអភិវឌ្ឍន៍បុរីទទួលបានជោគជ័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២២ នេះមានបុរីជាច្រើន ដែលសាងសង់ហើយជាប់គាំង សាងសង់មិនហើយ មានគេប្តឹង លក់មិនដាច់ ជំពាក់គេជាដើម។ ប្រភេទបុរី ដែលអាចលក់បានឬលក់មិនបាន នៅក្នុងឆ្នាំនេះ គឺអាស្រ័យលើម្ចាស់គម្រោង។

កត្តាទី១
កត្តាម្ចាស់បុរីផ្ទាល់តែម្តង ត្រូវតែជាអ្នកដែលមានលុយ សម្រាប់ការសាងសង់។ បើតាមលោកឧកញ៉ា មានម្ចាស់បុរីជាច្រើន ដែលមិនមានលុយទេតែមានប្រលូក ចូលមកក្នុងវិស័យនេះ ដែលអត្រាបរាជ័យរបស់គាត់មានរហូតដល់៩៩ភាគរយ។ យ៉ាងណាក្តីអ្នកដែលមានលុយអាចមានអត្រាជោគជ័យ ប្រហែលជា៣០ទៅ៤០ភាគរយប៉ុណោ្ណះ។

ក្រៅពីមានលុយហើយ ម្ចាស់បុរីត្រូវមានចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសក្នុងការសាងសង់បុរី។
លោកឧកញ៉ាបន្តថា “បើមានលុយហើយ មិនមានចំណេះដឹងសំណង់ បទពិសោធន៍សំណង់ និងបច្ចេកទេសសំណង់ទេ នោះភាគរយជោគជ័យមានមិនលើសពី៥០ភាគរយទេ”។

ចំណុចសំខាន់មួយទៀត គឺក្រុមការងារលក់បុរី ដែលមានជំនាញច្បាស់លាស់ ដែលលោកចាត់ទុកការលក់នេះ ជាសរសៃឈាម នៃការសាង់សង់បុរី។

លោកបណ្ឌិតថា “ជាទូទៅ មិនមានម្ចាស់បុរីណាមួយ ដែលមានលុយសម្រាប់សាងសង់បុរី១០០ភាគរយនោះទេ គឺគាត់ត្រូវការលុយដើម្បីបង្វិលតាមរយៈលុយធនាគារ ឬលុយរបស់អ្នកទិញ។ អញ្ចឹង ម្ចាស់បុរីដែលអាចជោគជ័យ បានទាល់តែមានលុយ មានបច្ចេកទេស បទពិសោធន៍ ចំណេះដឹងនិង ក្រុមលក់ដ៏ល្អមួយ”។

លោកបណ្ឌិតមានប្រសាសន៍ថា មានបីយ៉ាងនេះហើយ នៅមិនទាន់ជោគជ័យនៅឡើយទេ។ អ្នកអភិវឌ្ឍន៍ត្រូវដឹងថា ត្រូវសាង់សង់បុរីប្រភេទណាដែលដំណើរការល្អក្នុងឆ្នាំ២០២២ និងឆ្នាំបន្តៗ។

នៅក្នុងបរិបទប្រទេសកម្ពុជា លោកបណ្ឌិតមើលឃើញថា ប្រមាណ៧០ភាគរយ ដែលកើតក្នុងសម័យខ្មែរក្រហម ជាប្រជាជនវ័យក្មេង។ ដូច្នេះ ទីផ្សារក្រោមមធ្យម និងមធ្យមនឹងមានតម្រូវការខ្ពស់ណាស់។

លោកបណ្ឌិតមានប្រសាសន៍ថា “សាងសង់ផ្ទះតម្លៃ៥ទៅ៦ម៉ឺន ទៅ១០ម៉ឺន ដឹងតាលក់ដាច់តែម្តង ដូច្នេះប្រសិនបើអាច គួរតែសាងសង់បុរីដែលមានតម្លៃក្រោម១០ម៉ឺន ព្រោះមានទីផ្សារធំ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here