ស្ពានឆ្លងកាត់ទន្លេបាសាក់ពីចាក់អង្រែក្រោម ទៅកាន់ព្រែកប្រាអាចនឹងលេចរូបរាងនៅពេលឆាប់ៗ

ដោយៈសុផារី

ភ្នំពេញៈ រដ្ឋាភិបាលគ្រោងសាងសង់ស្ពានថ្មីមួយទៀត ឆ្លងកាត់ទន្លេបាសាក់ គឺស្ពានព្រែកតាឡុង ភ្ជាប់ពីរាជធានីភ្នំពេញ ត្រង់ទីតាំងចាក់អង្រែក្រោម ទៅកាន់ភូមិព្រែកប្រា ដោយគម្រោងនេះសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co.,Ltd. (SCG)។

រដ្ឋលេខាធិការក្រសួងសាងធារណៈការ និងដឹកជញ្ជូន លោកលឹម ស៊ីដេនីន បានបើកកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាព នៃគម្រោងសាងសង់ស្ពាននេះ ដោយមានការចូល រួមពីក្រុមការងារជំនាញបច្ចេកទេសក្រុមហ៊ុន Shanghai Construction Group Co.,Ltd. (SCG) ក្នុងកិច្ចប្រជុំពិភាក្សាគម្រោងនេះ នៅក្នុងថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ លោក លឹម ស៊ីដេនីន បានធ្វើការពិនិត្យ ទៅលើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព របស់ក្រុមការងារជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន Shanghai Construction Group Co., Ltd. (SCG) ដោយផ្តោតជាសំខាន់លើការរចនាប្លង់លម្អិតនៃគម្រោង កំណើនលំហូរចរាចរណ៍បច្ចុប្បន្ន និងលំហូរចរា​ចរណ៍ ព្យាករណ៍ក្នុងពេលអនាគត បណ្តាញផ្លូវតភ្ជាប់សងខាងស្ពានជាមួយនឹងបណ្តាញផ្លូវពាក់ព័ន្ធចំណុចប្រសព្វ តម្លៃប៉ាន់ស្មានសរុបលើគម្រោងសាងសង់ ជម្រើសរចនាប្លង់លម្អិត និងបទដ្ឋានបច្ចេកទេសនៃការ សាងសង់ផងដែរ។

ទោះយ៉ាងណាក្តី របាយការណ៍នេះកំពុងស្ថិតក្នុងជំហាន កែសម្រួលកាន់តែមានភាពប្រសើរឡើង ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យបន្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមការអះអាងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងសង់ស្ពាននេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ធ្វើដំណើរឆ្លង កាត់ស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១នៅច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនង សេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ទីក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើង ដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា ជួយកាត់បន្ថយ ការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយព ន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ។

ទោះយ៉ាងណា ក្រសួងសំណូមពររក្សាទុកឱ្យបានធំទូលាយ នូវចន្លោះទទឹងសរសរស្ពានរំលងផ្លូវជាតិលេខ២ និងផ្លូវលេខ១១០ ការរក្សាទុកឱ្យបានគ្រប់គ្រាន់នូវកម្រិត លំហរសម្រាប់នាវាចរណ៍ឆ្លងកាត់ ពីក្រោមស្ពាន ការសិក្សាពាក់ព័ន្ធទាំងបច្ចេកទេស សេដ្ឋកិច្ច និងបរិស្ថាន និងការស្នើសុំជ្រើសរើសស្ពាន ដែលមានសោភ័ណភាពសម្រាប់ទីក្រុងភ្នំពេញជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here