សណ្ឋាគារអន្តរជាតិ Hilton Phnom Penh គ្រោងបើកដំណើរការនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២២

ដោយៈសុខុម

ភ្នំពេញ: ក្រុមហ៊ុនបដិសណ្ឋារកិច្ចអន្តរជាតិ Hilton ដែលមានការិយាល័យកណ្ដាលនៅសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក GFC Company Limited ដើម្បីបើកដំណើរការសណ្ឋាគារទី១ របស់ខ្លួននៅប្រទេសកម្ពុជា។

សណ្ឋាគារដែលមានឈ្មោះថា Hilton Phnom Penh ខាងលើនេះមានបន្ទប់ចំនួន២៨០បន្ទប់ ហើយវាជាផ្នែកនៃគម្រោងអភិវឌ្ឍន៍មួយ សម្រាប់គោលបំណងប្រើប្រាស់ចម្រុះ​នៅរាជធានី ប្រទេសកម្ពុជា ដែលគ្រោងបើកដំណើរការនៅឆ្នាំ២០២២។

លោកស្រី Vera Manoukian ដែលជាអនុប្រធានក្រុមហ៊ុន Hilton និងជាប្រធាន ប្រ៊ែនទូទាំងពិភពលោករបស់ក្រុមហ៊ុននេះ បានចេញសេចក្ដីថ្លែងការណ៍ថា “នៅពេលយើងពង្រីកប្រ៊ែនដ៏មានកត្យានុភាពនេះ យើងផ្តោតខ្លាំងលើការណែនាំសណ្ឋាគារ នៅទីតាំងផ្សេងៗ ដែលភ្ញៀវទេសចរចង់ទៅ ហើយចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរទូទាំងពិភពលោកមកលើកម្ពុជា នៅតែបន្តកើនឡើងក្នុងល្បឿនលឿនមិនធ្លាប់មាន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សណ្ឋាគារនេះ នឹងផ្តល់ជូននូវកន្លែងទទួលទានអាហារជាច្រើន រួមមានទាំងភោជ​នីយដ្ឋានបើកពេញមួយថ្ងៃ ភោជនីយដ្ឋានប្រណីត ហាងកាហ្វេ និងបារផងដែរ។ ក្រៅពីនេះសណ្ឋាគារនេះក៏មានបន្ទប់សាលធំ (Ballroom) ដែលមានទំហំ៨៧៥ម៉ែត្រការ៉េ ក្លឹបហាត់ប្រាណ អាងហែលទឹក និងបន្ទប់រង់ចាំផងដែរ។

ស្ថិតនៅចម្ងាយប្រមាណ៩គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សណ្ឋា​គារនេះ នឹងមានទីតាំងនៅជិតសំណង់អគារសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ រួមទាំងផ្សារធំថ្មី និងអគារវឌ្ឍនៈ ផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុនបដិសណ្ឋារកិច្ច Hilton បើកដំណើរការសណ្ឋាគារចំនួន៤០ក្នុងទីផ្សារចំនួន៩នៅអាស៊ីអាគ្នេយ៍។ នៅរយៈពេលពី៣ទៅ៥ឆ្នាំខាងមុខ ក្រុមហ៊ុននេះមានគោលដៅបើកដំណើរសណ្ឋាគារ ចំនួន៥៤បន្ថែមទៀត រួមទាំងសណ្ឋាគារ Canopy ដំបូងរបស់ខ្លួននៅក្នុងតំបន់ផងដែរ។ ប៊្រែនសណ្ឋាគារ Hilton Hotels & Resorts របស់ក្រុមហ៊ុននេះមានសណ្ឋាគារចំនួន៥៨៥នៅទូទាំងទ្វីបចំនួន៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here